ព័ត៌មានជាតិ
«ពិធីបុណ្យផ្កាយ ២០២៥» បង្ហាញពីទំនាក់ទំនងល្អ និងការផ្លាស់ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា
មិនខុសពីឆ្នាំមុនៗ ក្នុងឆ្នាំ២០២៥នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំកម្មវិធី «ពិធីបុណ្យផ្កាយ ឬតាណាបាតា ២០២៥» ដែលជាវប្បធម៌របស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ជប៉ុន-កម្ពុជា កាន់តែរឹងមាំបន្ថែម និងជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនឱ្យកាន់តែស៊ីជម្រៅ។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកកម្មវិធី បុណ្យផ្កាយ ២០២៥ មានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសិស្សនិស្សិតកម្ពុជា និងប្រជាជនជប៉ុន។ នៅក្នុងពិធីបើកនោះ លោក ណាហ្គាសិ កេនស៊ូកិ ជាឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា លើកឡើងថា ពិធីបុណ្យផ្កាយ ឬតាណាបាតា គឺជាវប្បធម៌របស់ជប៉ុន និងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែកក្កដា។ ពិធីបុណ្យផ្កាយ ត្រូវបានប្រជាជនជប៉ុនជឿថា ពួកគេអាចសម្រេចបំណងប្រាថ្នាបាន ប្រសិនបើសរសេរការប៉ងប្រាថ្នានោះទៅព្យួរលើដើមឫស្សី។ ចំណែកនៅកម្ពុជា ក៏បានរៀបចំកម្មវិធីនេះឡើងដោយ CJCC ដើម្បីបង្ហាញពីវប្បធម៌បុណ្យផ្កាយទៅកាន់ប្រជាជនកម្ពុជាបានដឹងទូលំទូលាយ និងដើម្បីជំរុញទំនាក់ទំនងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។

លោក ណាហ្គាសិ កេនស៊ូកិ និយាយថា៖ “ក្រោយពិធីបើកពិធីបុណ្យផ្កាយនេះ យើងនឹងមានកម្មវិធីវប្បធម៌ជាច្រើន ដែលក្នុងនោះរួមមានការសម្តែងស្យាមិសេន ការប្រឡងចម្រៀងភាសាជប៉ុន ហៅថា ណាដូជីម៉ាន់ សិក្ខាសាលាអប់រំនានា។ យើងសង្ឃឹមថា ពិធីបុណ្យនេះ នឹងនាំមកនូវឱកាសដើម្បីឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់ពីវប្បធម៌ជប៉ុន និងកាន់តែមានភាណស្និទ្ធស្នាលជាមួយប្រទេសជប៉ុន”។
ជាមួយគ្នានេះ លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ “ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាតរនោះទេ ប៉ុន្តែ គឺជាស្ពានផ្សាភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ហើយក៏ជានិមិត្តសញ្ញា ដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និងការគោរពវប្បធម៌គ្នាទៅវិញទៅមក”។ លោកស្រី ក៏បានអំពាវនាវដល់យុវជនគ្រប់រូបដែលចូលរួមកម្មវិធីនេះ សិក្សាពីអ្វីដែលថ្មី ស្វែងរកពីវប្បធម៌ប្រទេសទាំង២ ដើម្បីឈានដល់ការបង្កើតមិត្តភាពដែលយូរអង្វែង។
ចំណែក លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា ពិធីនេះ មិនត្រឹមចង់បង្ហាញពីវប្បធម៌ជប៉ុនមកប្រជាជនកម្ពុជាទេ ថែមទាំងជាឱកាសផ្លាស់ប្តូរវប្បធម៌រវាងយុវជនប្រទេសទាំង២ ដើម្បីសិក្សាពីវប្បធម៌ទៅវិញទៅមក តាមរយៈការសម្តែងវប្បធម៌រួមគ្នាក្នុងឱកាសនេះ។ លោករដ្ឋលេខាធិការ មានប្រសាសន៍ថា៖ “ពិធីនេះជាការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងយូរអង្វែង ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជានិមិត្តរូបក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ជប៉ុន។ លើសពីនេះ ក៏ផ្តល់ឱកាសដល់យុវជន ដើម្បីចែករំលែក និងស្វែងយល់អំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន”។

លោក សាន វឌ្ឍនា ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នឹងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍កាន់តែច្រើន និងភាពសម្បូរបែបដល់ប្រទេសទាំង២។
សូមជម្រាបថា បុណ្យផ្កាយ ឬតាណាបាតា ឆ្នាំ២០២៥ រៀបចំចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការបង្ហាញពីវប្បធម៌របស់ជប៉ុន និងកម្ពុជា រួមជាមួយនឹងសិក្ខាសាលានានា ការប្រឡងចម្រៀង និងសកម្មភាពសប្បាយៗជាច្រើនទៀត ដើម្បីអាចឱ្យអ្នកចូលរួម សាធារណជន និងសិស្សនិស្សិតស្វែងយល់កាន់តែស៊ីជម្រៅពីអត្ថន័យវប្បធម៌ជប៉ុន និងកម្ពុជាផងដែរ៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


