វប្បធម៌ ជំនឿ
ប្ដីប្រពន្ធរស់នៅជាមួយគ្នា ១ ឆ្នាំ មានត្រណមមិនឱ្យមានកូន បើបំពាន មេកន្ទ្រាញនឹងពិន័យ
ពិធីរៀបការ ជនជាតិដើមភាគតិច គ្រឹង រៀបចំឡើងជា ៦ ដំណាក់កាល។ បន្ទាប់ពីបញ្ចប់ ដំណាក់កាលទី១ គឺ ពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ ដែល កម្ពុជាថ្មី បានផ្សាយរួមហើយនោះ (មានភ្ជាប់ Link នៅខាងក្រោម) គឺចូលដល់ដំណាក់កាលទី ២ ជា ពិធីសែនទទួលកូនកំលោះពេលល្ងាច នៅផ្ទះខាងកូនក្រមុំ ទើបកូនកំលោះ កូនក្រមុំអាចរស់នៅជាប្ដីប្រពន្ធបាន ប៉ុន្តែត្រូវប្រកាន់ត្រណម មិនឱ្យមានកូន។

លោក សាមៀន ចាម៉ាក់ ចាស់ទុំក្នុងភូមិ និងជាមេអណ្ដើក បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅដំណាក់កាលទី ២ នេះ បងប្អូនជនជាតិដើមភាគតិច គ្រឹង ប្រើភ្លេងសម្រាប់កំដរក្នុងពិធី ដោយក្រុមសិល្បៈវាយគង ៥ ផ្លែ លេងបទស៊ីផឹក “ហ្គងញៀត” បន្ទាប់មកកូនកំលោះ និងកូនក្រមុំអាចរួមរស់នៅជាមួយគ្នាជាលក្ខណៈជាប្តីប្រពន្ធបាន។ លុះរយៈពេលមួយឆ្នាំក្រោយ ទើបគេរៀបចំពិធីសែនធំ រៀបការម្តងទៀត ដោយរយៈពេលនេះ ត្រូវមានត្រណមមួយ។

លោក សាមៀន ចាម៉ាក់ បញ្ជាក់បន្ថែមថា៖ “ត្រណមតាមប្រពៃណី គឺក្នុងអំឡុងពេលអ្នកទាំងពីររស់នៅជាមួយគ្នាមួយឆ្នាំនេះ មិនអាចឱ្យមានកូនបានទេ តែបើសិនអ្នកទាំងពីរមិនគោរពតាមលក្ខខណ្ឌប្រពៃណីនេះទេ មេកន្ទ្រាញប្រចាំភូមិត្រូវផាកពិន័យមានដូចជា ជ្រូក ១ ក្បាល ស្រា ១ ពាង ដើម្បីយកមករៀបចំធ្វើពិធីសែនព្រេនក្នុងភូមិ សែនរំដោះគ្រោះ”។
លោក សាមៀន ចាម៉ាក់ បង្ហាញបន្តថា របៀបនៃការសែនរំដោះគ្រោះ គឺមេកន្រ្ទាញយកឈាមជ្រូក លាយនឹងស្រាដាក់ចូលក្នុងឆ្នាំង កាន់ដើរតាមផ្ទះក្នុងភូមិ ចំណែកកូនកំលោះជា អ្នកយកឈាមជ្រូកនៅក្នុងឆ្នាំងលាបតាមកាំជណ្តើររបស់អ្នកភូមិគ្រប់ផ្ទះ។ ក្នុងពេលធ្វើពិធីមួយថ្ងៃនេះដែរ អ្នកភូមិដែលបានដឹងឮ ត្រូវមានត្រណមមិនអាចឱ្យធ្វើការងារអ្វីបានឡើយ។

ប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី លោក ថុល យុពង្ស បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដំណាក់កាលទី ២ នៃពិធីសែនទទួលកូនកំលោះពេលល្ងាច នៅផ្ទះខាងកូនក្រមុំ នេះ ចំពោះលំដាប់សម្រាប់សែនព្រេន ត្រូវមានមាន់ ១ ក្បាល និងស្រា ៤ ពាង។ ចំណែករបៀប នៃការសែនព្រេន គឺមេអណ្ដើកម្នាក់យកចង្អេរមួយមកដាក់មាន់ស្ងោរ ហើយមេអណ្ដើកម្នាក់ទៀតយកបំពង់បឺតទៅដោតក្នុង ពាងស្រា។

លោក ថុល យុពង្ស មានប្រសាសន៍ថា៖ “ចំណែកកូនកំលោះទៅដងទឹកយកចាក់ស្រា រួចហើយមេអណ្ដើកយកឈើដោត បេះដូងមាន់មកដាក់នៅមាត់ពាងស្រាទាំងបួន ធ្វើពិធី “គៀសមាត់ពាង” ទាំងបួនពាង ដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតាឱ្យពួកគាត់ ទទួលដឹងឮ និងជួយថែរក្សាដល់កូនកំលោះដែលមករស់នៅខាងផ្ទះកូនក្រមុំ។ បន្ទាប់មកឪពុក ខាងកូនក្រមុំយកស្លឹកចេកខ្ចប់បាយ សម្លរ ថ្នាំជក់ ម្លូ ស្លា រួចស្រោចស្រាពីលើកញ្ចប់ស្លឹកចេកនោះ ដើម្បីសែនព្រេនឱ្យខ្មោចដែល ថែរក្សានៅក្នុងផ្ទះ”។

លោក ថុល យុពង្ស បានឱ្យដឹងបន្ថែមថា ចំពោះលក្ខខណ្ឌពេលផឹកស្រាពាង គឺស្រា ១ ពាងសម្រាប់ ម្ចាស់ផ្ទះខាងស្រីផឹកមុន។ ស្រា ១ ពាង ជូនដល់មេអណ្តើកទាំងពីរសម្រាប់ផឹក។ ស្រា ១ ពាង សម្រាប់ឪពុក ម្តាយទាំងសងខាងផឹក និង-ស្រា ១ ពាងទៀត សម្រាប់សាច់ញាតិបងប្អូនដែលបានមកចូលរួមផឹក។

គួរបញ្ជាក់ថា ប្រពៃណីបងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងត្រឹមចិត្ត និងចិត្ត និងចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រីក៏បង្គាប់ឱ្យកូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពីសកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ ទើបកំណត់រកពេលវេលារៀបការ នៅរដូវអ្នកភូមិទំនេរ ឬក្រោយបញ្ចប់ប្រមូលផលស្រូវចម្ការ៕
អត្ថបទ៖ ច័ន្ទវីរៈ
សូមរង់ចាំអានអត្ថបទ៖ “ទំនៀមទម្លាប់រៀបការ សែនធំ នៃជនជាតិដើមភាគតិច គ្រឹង” បន្តទៀត។
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ ពិធីសែនចងដៃ នៃពិធីរៀបការ ជនជាតិដើមភាគតិចគ្រឹង ដែលយើងមិនធ្លាប់ដឹង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា