Connect with us

ព័ត៌មានជាតិ

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦ ឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនទាំង២

បានផុស

នៅ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំមហោស្រពគីហ្សូណាឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ គន្លងថ្មីសម្រាប់ភ្ជាប់ជប៉ុន និងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីបើកមហោស្រពនាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មហោស្រពវប្បធម៌ជប៉ុន-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំឆ្នាំ រៀបចំឡើងដើម្បីអបអរសាទរចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ មហោស្រពនេះ ពិតជាបង្កប់នូវអត្ថន័យពិសេសដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុន ស្របតាមអត្ថន័យប្រធានបទ នៃមហោស្រព គីហ្សូណា ឆ្នាំនេះ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia » ដែលបានក្រើនរំលឹកឱ្យយុវជនគ្រប់គ្នាត្រូវបន្តស្វែងយល់និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងគូសបញ្ជាក់ពីសកម្មភាពជាច្រើនដែលកម្ពុជា-ជប៉ុន នឹងធ្វើរួមគ្នានាពេលនេះ និងការបន្តរឹតបន្ដឹងទំនាក់ទំនងឱ្យកាន់តែប្រសើរសម្រាប់អនាគត។

លោករដ្ឋមន្ត្រីអប់រំ បន្ថែមទៀតថា ប្រធានបទ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia» ឬ « រិះរកច្រកផ្លូវថ្មី៖ ការចាប់ផ្តើមនៃដំណើរថ្មីដែលតភ្ជាប់កម្ពុជា និងជប៉ុន» បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យុវជនកម្ពុជាលើច្រើនទិដ្ឋភាព ដោយមហោស្រពនេះនឹងបញ្ជ្រាបចំណេះដឹងតាមរយៈសិល្បៈនិងការកម្សាន្ត ផ្តល់ឱកាសដល់យុវជនខ្មែរបានស្វែងយល់ពីពិភពលោកខាងក្រៅ ជាពិសេសវិន័យ ការរស់នៅ និងសិល្បៈរបស់ជនជាតិជប៉ុន។ ការយល់ដឹងពីភាពខុសគ្នានៃវប្បធម៌ នឹងជួយឱ្យយុវជនកម្ពុជាពង្រឹងភាពជាពលរដ្ឋសកល និងមានសមត្ថភាពធ្វើការក្នុងបរិបទអន្តរជាតិបានកាន់តែប្រសើរ។ ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន ក៏បានអរគុណដល់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចំពោះការយកចិត្តដាក់គាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ដោយក្រៅពីការបន្តផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ថែមទាំងបានបង្កើតនូវព្រឹត្តិការណ៍សិល្បៈវប្បធម៌ជាច្រើន ដែលបានផ្ដល់ឱកាសសម្រាប់យុវជនកម្ពុជា ទទួលបានបទពិសោធនិងចំណេះដឹងថ្មីៗ ក៏ដូចជាឱកាសបញ្ចេញសមត្ថភាពផងដែរ។

ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់មហោស្រពគីហ្សូណាឆ្នាំនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាក្នុងការផ្តួចផ្តើមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការចាប់ផ្តើមដំណាក់កាលមួយថ្មីនៃទំនាក់ទំនងទ្វេភាគីរបស់ កម្ពុជា និងជប៉ុន។ លោកបន្តថា មហោស្រពនេះ នឹងនាំមកនូវការចូលរួមសកម្មភាពវប្បធម៌ចម្រុះនានា និងបទពិសោធផ្ទាល់ ទាំងបែបប្រពៃណី និងសហសម័យ ដែលស្វែងយល់រួមគ្នា និងពង្រឹងចំណងមិត្តភាពប្រទេសទាំង២បន្ថែម។ តាមរយៈកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយគ្នាកន្លងមក លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងការផ្លាស់ប្តូររវាងគ្នា នៅគ្រប់កម្រិត និងគ្រប់វិស័យ។

តាមរយៈមហោស្រពគីហ្សូណានេះ លោកឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា មហោស្រពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបនោះទេ តែក៏ជាគន្លងមួយទៅកាន់មិត្តភាពថ្មីនានា កិច្ចសហប្រតិបត្តិការ និងទស្សនវិស័យរួមគ្នានាពេលខាងមុខផងដែរ។

ចំណេក លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើងដែរថា មហោស្រពគីហ្សូណាដែលរៀបចំឡើងជារៀងរាល់ឆ្នាំនេះ ជានិមិត្តរូបនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងកម្ពុជា និងជប៉ុន។ លោកស្រីបន្តថា ប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំង២ បានបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងសហប្រតិបត្តិការជាច្រើន ដែលជាចំណែកវិជ្ជមានដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំង២។ លោកស្រី បន្តថា ក្នុងបរិបទនៃភាពជាដៃគូដ៏យូរអង្វែងនេះ ហើយស្របតាមមូលបទរបស់មហោស្រពឆ្នាំនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីស្មារីរួបរួមគ្នា និងគូសបញ្ជាក់ពីតួនាទីរបស់វប្បធម៌ដែលជាស្ពានសម្រាប់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តការអន្តរជាតិ។

សូមជម្រាបថា កម្មវិធីមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២មក ក្នុងគោលបំណងបង្ហាញពីវប្បធម៌របស់ជប៉ុន និងកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរនានារវាងប្រទេសទាំង២ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម