ព័ត៌មានជាតិ
វត្តខ្មែរដំបូងគេ សង់ជាប់មាត់សមុទ្រ ជនជាតិថៃមានជំនឿ មកទាំងឡានៗមកធ្វើបុណ្យ
វត្តសមុទ្ធារាម ឬវត្តប៉ាក់ខ្លង ដែលអ្នកស្រុកច្រើនហៅវត្តលោកតាមឹក មានចម្ងាយប្រមាណ ១0 គ.ម ពីក្រុងខេមរភូមិន្ទ។ វត្តប៉ាក់ខ្លងគឺជាវត្តដ៏ចំណាស់មួយ ជាទីកន្លែងគោរពបូជាដ៏សក្ដិសិទ្ធិ និងជាតំបន់ទេសចរណ៍ដ៏ពេញនិយមទាំងភ្ញៀវជាតិ និងអន្តរជាតិ។
វត្តចំណាស់នេះ មានភាពល្បីល្បាញក្រៅពីទីកន្លែងកម្សាន្តដោយសារមានទីតាំងប្របតាមមាត់សមុទ្រតាមបណ្តោយឆ្នេរប៉ាក់ខ្លង ទីអារាមនេះត្រូវបានជនជាតិថៃមានជំនឿ តែងតែឆ្លងដែនមកទាំងឡានមកដាំស្លធ្វើបុណ្យនៅថ្ងៃឈប់សម្រាក ឬពេលមានកម្មវិធីធំៗ។

តាមគេហទំព័រទេសចរណ៍មួយបានរៀបរាប់ប្រវត្តិវត្តសមុទ្ធារាមថា ក្នុងទសវត្សទី ៨០ -៩០ ទីតាំងវត្តនេះជាច្រកសេដ្ឋកិច្ចមួយយ៉ាងសំខាន់របស់ខេត្តកោះកុង ព្រោះថានាសម័យនោះ មានការដោះដូរធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ និងសិង្ហបូរី តាមផ្លូវទឹក។ ទំនិញគ្រប់ប្រភេទដូចជា សម្ភារៈប្រើប្រាស់ទំនិញហូបចុកផ្សេងៗតែងតែនាំតាមច្រកនេះដើម្បីចែកចាយទូទាំងប្រទេសកម្ពុជា។
ប្រជាជនដែលរស់នៅក្នុងតំបន់នេះមានជីវភាពធូរធា និងមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ភាគច្រើនជាអ្នកមានមុនគេក្នុងសម័យនោះ។ លោកតាមឹក គឺជាព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ ពេល មានឈ្មួញទុច្ចរិតដែលរកស៊ីខុសច្បាប់ដូចជា វត្ថុបូរាណដើម្បីឆ្លងយកទៅលក់នៅប្រទេសថៃនោះ ត្រូវបារមីលោកតាមឹកនេះរារាំង ឃាត់ផ្អាកដំណើរ មិនអាចចេញទៅរួច រហូតត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅ ខេត្តជាបន្តបន្ទាប់។

លោកតាមឹក បានចាប់កំណើតក្នុងត្រកូលកសិករមួយស្ថិតក្នុងភូមិដូង (បច្ចុប្បន្នហៅភូមិចំការដូង) ជិតភ្នំកោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានបងប្អូនប្រុស ចំនួន ០៣ នាក់ ( ទី០១ ឈ្មោះ ពៀវ ទី០២ ឈ្មោះមឹក និងចុងក្រោយឈ្មោះ ពឺ) ។
លុះដល់ពេលធំពេញវ័យ លោកតាមឹកបានបួសរៀន បម្រើក្នុងវិស័យពុទ្ធសាសនា ប៉ុន្តែពុំមានអ្នកណា បានដឹងថាលោកតាបានបួសនៅវត្តណាទេ ក្រោយមកលោកតាបាននិមន្ត មកវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) ធ្វើជាព្រះចៅអធិការវត្ត តាំងពីឆ្នាំ ១៩២៩ រហូតដល់ឆ្នាំ ១៩៧៥ លោកបានសុគត់ ហើយបន្ទាប់មកប្រទេសជាតិក៏មានសង្គា្រម ។
កាលពីសម័យ លោកតានៅមានព្រះជន្ម គង់ធ្វើជាព្រះចៅអធិការ លោកតាដឹកនាំពុទ្ធបរិស័ទ កសាងវត្តអារាមនេះ មានដូចជា ព្រះវិហារមួយខ្នងធ្វើអំពីឈើប្រកក្បឿង កុដិមួយខ្នងធ្វើអំពីឈើ និងសាលាបុណ្យមួយខ្នងធ្វើអំពីឈើដែរ ។ លោកតាមឹកនាសម័យនោះ ត្រូវបានប្រជាជនមានជំនឿយ៉ាងមុតមាំ ព្រោះលោកមានបារមីខ្លាំងពូកែ ផ្នែកមន្តអាគមគាថា និងអាចព្យាបាលជម្ងឺផ្សេងៗថែមទៀតផង។ ហេតុដូច្នេះហើយទើបលោកតាត្រូវបានប្រជាជនគោរពបូជាតៗគ្នារហូតដល់សព្វថ្ងៃនេះ។
ដោយសារតែភាពល្បីល្បាញ និងបារមីដ៏ពូកែសក្ដិសិទ្ធរបស់លោកតា អំពីពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសទើបព្រះសង្ឃនិងគណៈកម្មាការវត្តសមុទ្ធារាម ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្ទួចផ្ដើមកសាងរូបសំណាក់លោកតាមឹកអង្គធំ(ស្ថិតក្នុងវត្ត សមុទ្ធារាមឬ វត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា) សម្រាប់អោយប្រជាជនគោរពបូជាប្រតិបត្តិ ដល់អ្នកជំនាន់ក្រោយបានដឹង បានស្គាល់លោកតា និងជាកេរ្តិ៍ដំណែលប្រចាំពុទ្ធសាសនាខេត្តកោះកុងតរហូតទៅ។
គួរបញ្ជាក់ថា រូបសំណាក់លោកតាមឹកអង្គធំនេះ បានដឹកនាំកសាងដោយព្រះតេជគុណ ធី អាំភុន (បិយធម្មោ) ទីប្រឹក្សាផ្ទាល់សម្តេច មហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃ ដោយចាប់ផ្តើមកសាងនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៤ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៦៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


