វប្បធម៌ ជំនឿ
តើល្បែងប្រជាប្រិយខ្មែរមួយណាចូលចិត្តលេងជាងគេ នាពិធីបុណ្យចូលឆ្នាំខ្មែរ?
ប្រទេសកម្ពុជាមានល្បែងប្រជាប្រិយច្រើនជាអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេស និយមលេងកម្សាន្ត នៅពេលទំនេរ ពេលបុណ្យទាន និងពេលធ្វើពិធីតូចធំផ្សេងៗ មានពិធីចូលឆ្នាំជាដើម។ ជាក់ស្តែង នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ គេតែងសង្គេតឃើញមានល្បែងប្រជាប្រិយខ្មែរមួយចំនួនត្រូវបានគេនិយមលេងជារៀងរាល់ឆ្នាំ ក្នុងនោះរួមមាន ល្បែងចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែង និងវាយក្អម។

១. ល្បែងចោលឈូង
ល្បែងឈូង ជាល្បែងម្យ៉ាងរបស់មនុស្សកម្លោះ ក្រមុំ ឬមនុស្សចំណាសៗ ប្រុស ស្រី ទូទាំងកម្ពុជារដ្ឋ គេតែងលេងនៅវេលាយប់ខែភ្លឺ ក្នុងរដូវចូលឆ្នាំថ្មី (ខែចែត្រ-ពិសាខ)។ គេចែកជា ២ពួក ប្រុស ១ពួក ស្រី ១ពួក មានគ្នាចំនួនពី ១០នាក់ ឬ២០នាក់ ឡើងទៅ ឈរត្រៀមជា ២ជួរ ទល់មុខគ្នា ឃ្លាតពីគ្នាប្រមាណជា៨ ឬ ១០ម៉ែត្រ។ គេយកក្រមា ឬកន្សែងមកធ្មូលឱ្យមូលចងរឹតឱ្យតឹងណែនល្អ ទុកឱ្យមានកន្ទុយបន្តិចហៅថា “ឈូង” សម្រាប់កាន់បោះ ឬចោលទៅមករកគ្នា។

២. ល្បែងបោះអង្គញ់
ល្បែងអង្គញ់ គេឱ្យឈ្មោះតាមវត្ថុដែលគេយកមកលេង គឺផ្លែអង្គញ់ដែលក្រៀមស្ងួត។ ល្បែងនេះ គេលេងបានទាំងប្រុសទាំងស្រី ទាំងចាស់ទាំងក្មេង នៅវេលាថ្ងៃ ឬវេលាយប់ខែភ្លឺនារដូវចូលឆ្នាំ។ ល្បែងអង្គញ់ គេលេងបានតាំងពីគ្នាពីរនាក់ឡើងទៅដល់ ១០នាក់ ដោយចែកចេញជា ២ពួកមានចំនួនស្មើគ្នា ដែលមានស្រីម្ខាងប្រុសម្ខាងក៏បាន ចម្រុះគ្នាទាំងសខាងក៏បាន។ អង្គញ់ដែលគេយកមកលេងនេះឱ្យឈ្មោះថា “កោយ” ចែកចេញជា ២ផ្នែកដែរ គេហៅថា កោយយដាំមួយពួក កោយបោះមួយពួក។ កោយមួយពួកៗមានចំនួន ៣ ឬ៥ គឺថាបើដាំកោយ៣ ក៏បោះកោយ៣ បើដាំកោយ៥ ក៏បោះកោយ៥ តាមចំនួនអ្នកលេងមានគ្នាតិច ឬច្រើន។លាក់កន្សែង

៣. ល្បែងទាញព្រ័ត្រ
ទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងប្រុស ទាំងស្រី កម្លោះ ក្រមុំ។ ល្បែងនេះ គេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែនៅរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ-ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្តអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្តមានទីវាលធំទូលាយងាយដល់ការលេងល្បែងនេះ តែអាចលេងនៅតាមភូមិក៏បាន បើសិនជាភូមិនោះមានមនុស្សនៅផ្តុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត។ ល្បែងនេះ គេច្រើនលេងនៅពេលថ្ងៃ តែប្រសិនបើមានចង្កៀងយ៉ាងភ្លឺ ឬពន្លឺព្រះច័ន្ទភ្លឺថ្លា គេអាចលេងនៅពេលយប់ក៏បាន។

៤. ល្បែងលាក់កន្សែង
លាក់កន្សែង ជាល្បែងម្យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាលតែងលេងសម្រាប់ជាទីកម្សាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវបុណ្យចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ។ មុនដំបូងពួកក្មេងៗគេបបួលគ្នាបានចំនួនេពី ៦-៧នាក់ឡើងទៅឱ្យអង្គុយច្រហោងដំកងជារង្វង់មូល ដាក់ដៃទាំងពីរទៅលើមុខលើក្បាលជង្គង់ក្នុងទីណាមួយដែលជាទីវាលស្រឡះរាបស្មើល្អ។ រួចគេយកកន្សែង ឬក្រមាតូចមួយមករុំមូរធ្មួលរឹតឱ្យតឹងណែនល្អ ទុកជាយបន្តិចសម្រាប់កាន់យួរបាន សន្មតហៅថា កន្សែង មានម្នាក់ក្រោកចេញទៅក្រៅវង់កាន់កន្សែងនោះ ដើរព័ទ្ធជុំវិញយ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោតអ្នកអង្គុយមិនឱ្យដឹងខ្លួនថា គេលាក់កន្សែងក្រោយខ្នងអ្នកណា។

៥. ល្បែងចាប់កូនខ្លែង
ចាប់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងលេងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ ឬពេលទំនេរ។ ល្បែងនេះ ពេលគេលេងគេចាត់ម្នាក់ដែលមានមាឌធំ ឱ្យធ្វើជាមេហ្វូងហៅថាមាន់ ចាត់ច្រើននាក់ឱ្យធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់ៗ គេយកក្រមាក្រវាត់ចង្កេះឱ្យតឹងណែន ការពារកុំឱ្យរបូតសម្លៀក។ គេនាំគ្នាបង្កាត់ភ្លើងឱ្យបានជាភ្នក់ ១តូច ដោយកម្ទេចឧស ហើយម្នាក់ដែលធ្វើមេមាន់បញ្ជាក់ឱ្យកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតអស់ ដោយឈរជាជួ រួចដើរក្រឡឹងព័ទ្ធភ្នក់ភ្លើង។
៦. ល្បែងវាយក្អម
ល្បែងវាយក្អម ជាល្បែងប្រជាប្រិយម្យ៉ាងដែលពេញនិយមចំពោះគ្រប់ស្រទាប់វណ្ណៈ ដែលសង្កេតឃើញមានវត្តមានល្បែងនេះនៅទីវត្តអារាមកំឡុងពេលចូលឆ្នាំខ្មែរ។ ល្បែងនេះត្រូវមានការរៀបចំទុកមុនឱ្យបានល្អ។ គេត្រូវរកបង្គោលពីរសងខាង ( អាចជាដើមឈើ ឬ សសរណាមួយ ) ដើម្បីចងខ្សែដែលមានប្រវែង និងទំហំសមរម្យ ក្នុងការទ្រទ្រង់នឹងទម្ងន់ក្អម។ នៅក្នុងក្អមគេមានដាក់ម្សៅក្រអូប តំណាងសេរីសួស្ដី។ ដោយឡែកគេក៏ត្រូវត្រៀមដំបងមួយមានប្រវែងសមាមាត្រទៅនឹងកម្ពស់ក្អម។

តាមធម្មតា គេត្រូវការក្រមារុំភ្នែកអ្នកវាយ ឲ្យជិតរួចធ្វើការបង្វិល ៣ ជុំ។ បន្ទាប់មកទៀតគេលែងឱ្យអ្នកវាយក្អមតាមការទទួលអារម្មណ៍ដឹងរបស់ខ្លួន។ ល្គិកណាអ្នកនោះវាយខុសគ្រប់កំណត់បី ដងចាត់ទុកថាចាញ់ ដោយឡែកប្រសិនបើវាយបែកក្អមនោះចាត់ថាឈ្នះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


