សេដ្ឋកិច្ច
មុខរបរដាំដំឡូងជ្វា មានទីផ្សារល្អសម្រាប់ខេត្តបាត់ដំបង
ដំឡូងជ្វា គឺជាដំណាំម្យ៉ាងដែលប្រជាកសិករនិយមដាំនៅរដូវភ្លៀងធ្លាក់។ ដំណាំប្រភេទនេះ ហុចផលច្រើន មិនត្រឹមតែមើមនៅចំណុចគល់ប៉ុណ្ណោះទេ វាថែមទាំងមើមនៅតាមដៃដំឡូងថែមទៀតផង។ នៅពេលដែលដើមវារដល់ណា មើមដល់ទីនោះ សំខាន់បើដីផុសល្អ។

លោក ពិន សំណាង រស់នៅភូមិស្ពានទំនាប ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកសិករមួយរូប និយមចូលចិត្តដាំដំឡូងជ្វា បានរៀបរាប់ថា ពពួកដំឡូងជ្វាមានច្រើនប្រភេទ គឺ ដំឡូងពណ៌ស ពណ៌ក្រហម ពណ៌ស្វាយ ដំឡូងសអួល និង ដំឡូងចិនយំ ជាដើម ៘ បច្ចុប្បន្ននៅតាមចម្ការក្នុងតំបន់ដែលលោករស់នៅ ភាគច្រើនគេដាំតែដំឡូងជ្វាពណ៌ក្រហមប៉ុណ្ណោះ ដោយសារតែប្រជាពលរដ្ឋនិយមចូលចិត្តបរិភោគ ត្រឹមរយៈពេល ៣ ខែប៉ុណ្ណោះ គឺ ធ្មេចបើកៗ ដល់ពេលប្រមូលផលល្មម នៅពេលនោះឈ្មួញអាចចុះមកទិញដល់ចម្ការ ហើយអាចបានតម្លៃជាង ១.០០០ រៀល ក្នុង ១ គីឡូក្រាម ហើយក្នុងមួយចម្ការក៏អាចទទួលផលមិនតិចតោនដែរ។ ក្រោយពីប្រមូលផល លោកអាចបន្តដាំដំណាំរួមផ្សំផ្សេងៗ ទៀត នៅលើផ្ទៃដីដដែលនេះផងដែរ ដើម្បីជួយជ្រោមជ្រែងដល់ជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោក។

អ្នកស្រី សំ អាន ដែលជាអាជីវករលក់បន្លែគ្រប់ប្រភេទនៅក្នុងផ្សារបឹងឈូក ខេត្តបាត់ដំបង បានបញ្ជាក់ថា សម្រាប់ដំឡូងជ្វាពណ៌ក្រហមនេះ ក្រោយពីទទួលយកពីម៉ូយមក គឺ អ្នកស្រីលក់បានតម្លៃ ៣.០០០ រៀល ក្នុង ១ គីឡូក្រាម ហើយក៏សម្បូរអតិថិជនមកទិញយកទៅកែច្នៃជាចំណីអាហារផ្សេងៗ ដូចជា ស្ងោរ ចៀន និងធ្វើជាស្នូលនំជាដើម។

ដោយឡែក ស្ត្រីម្នាក់ រស់នៅភូមិអូតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង បានបញ្ជាក់ដែរថា សព្វថ្ងៃ ក្រៅពីមុខរបរលក់ចាប់ហួយបន្តិចបន្តួច គឺ គាត់បានទិញដំឡូងឆៅ និងសណ្ដែកដីឆៅ យកមកស្ងោរលក់រាយ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ បើទោះបីជាគាត់ទិញដំឡូងក្នុងមួយគីឡូក្រាម តម្លៃ ៣.០០០ រៀលក៏ដោយ ប្រាកដនៅតែរកប្រាក់ចំណេញបានខ្លះៗ ដែរ ហើយក៏មានអ្នកចូលចិត្តនិយមពិសាច្រើនគួរសម ទៅលើដំឡូងស្ងោរនេះ ហើយនៅទីតាំងផ្សេងក៏គេអាចយកដំឡូងនេះទៅពុះច្រៀក ដើម្បីប្រឡាក់ម្សៅចៀនលក់ផងដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


