Connect with us

ព័ត៌មានអន្ដរជាតិ

ពាណិជ្ជកម្ម​ថៃតាមព្រំដែន​បន្តធ្លាក់ចុះជាគំហុកខែមុន ដោយសារភាពតានតឹងជាមួយ​កម្ពុជា ​

បានផុស

នៅ

ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃក្នុងខែកញ្ញា ឆ្នាំ២០២៥ បានធ្លាក់ចុះយ៉ាងគំហុក​ប្រមាណ ២២,២% ​ដោយរួមចំណែកខ្លាំងដោយការរំខាននៃលំហូរពាណិជ្ជកម្មជាមួយ​កម្ពុជា ដែលបណ្ដាលមកពីការបិទព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ លោកស្រី Arada Fuangtong បានថ្លែងថា ពាណិជ្ជកម្មព្រំដែន និងឆ្លងដែនរបស់​ថៃក្នុងខែកញ្ញា ឆ្នាំ២០២៥ មានចំនួនសរុប ១៤១,៧ ប៊ីលានបាត ធ្លាក់ចុះ ៤,៧% ធៀបនឹង​ខែដូចគ្នាកាលពីឆ្នាំមុន។

​យ៉ាងណាមិញ ពាណិជ្ជកម្មតាម​ព្រំដែនក្នុងខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកប្រមាណ ២២,២% ​ដែលជាការធ្លាក់ចុះ ៥ ខែជាប់ៗគ្នា ដែល​នេះបណ្ដាលមកពីភាពតានតឹងជាមួយកម្ពុជា។ ​ពាណិជ្ជកម្មព្រំដែនថៃ-កម្ពុជា បានធ្លាក់ចុះ ៩៩,៩% ចំពេលដែល​លំហូរពាណិជ្ជកម្ម​បន្តរងការរំខាន​ដោយសារតែការបិទព្រំដែន ដែល​ផ្ដួចផ្ដើមដើមឡើយដោយ​យោធាថៃ។

ទន្ទឹមនឹងនេះ ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយមីយ៉ាន់ម៉ាឯណោះវិញ បានធ្លាក់ចុះ ៣៩% ដោយសារតែ​ការរឹតបន្តឹងរបស់ប្រទេសថៃលើការនាំចេញប្រេងឥន្ធនៈ និងរបស់របរពាក់ព័ន្ធដូចជា ម៉ាស៊ីនភ្លើង បន្ទះសូឡា អាគុយ និងឧបករណ៍ទំនាក់ទំនងជាដើម​។ ការរឹតត្បឹតច្រកនាំចូលរបស់យោធាមីយ៉ាន់ម៉ា ក៏រួមចំណែកដល់ការធ្លាក់ចុះផងដែរ។

គួររំឭកថា ការបិទព្រំដែន​កម្ពុជា-ថៃ បាន​ក្លាយជាកង្វល់ដ៏ធំមួយ​សម្រាប់អាជីវកម្ម​ថៃ ដែលរំពឹងថា ការណ៍នេះនឹង​បង្កការខាតបង់ដល់ប្រមាណ ១០០ ប៊ីលាន​បាត​ ឬ ៣,១ ប៊ីលាន​ដុល្លារ​ ប្រសិន​បើ​វាបន្តអូសបន្លាយដល់ចុងឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម