សេដ្ឋកិច្ច
សេដ្ឋវិទូព្រមានថា ពន្ធអាមេរិកថ្មីអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការនាំចេញថៃ
សេដ្ឋវិទូ និងធុរកិច្ចថៃបានព្រមានថា ពន្ធថ្មីរបស់សហរដ្ឋអាមេរិកអាចបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការនាំចេញរបស់ថៃនៅឆមាសចុងក្រោយនៃឆ្នាំនេះ ដោយវាបង្កឱ្យមានភាពមិនច្បាស់លាស់ថ្មីសម្រាប់ពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកស្រី Nuttaporn Triratanasirikul អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានថ្លែងថា ការនាំចេញរបស់ថៃនៅឆមាសទី២នៃឆ្នាំ ២០២៦ អាចនៅតែដដែលដូចឆ្នាំមុន ប្រសិនបើពន្ធគយក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវអនុវត្តនៅខែក្រោយ។
មាត្រា ៣០១ អនុញ្ញាតឱ្យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ស៊ើបអង្កេត និងដាក់ពន្ធគយ ឬរឹតបន្តឹងពាណិជ្ជកម្មលើប្រទេសដែលប្រើគោលនយោបាយ «អយុត្តិធម៌ មិនសមហេតុផល» ឬរើសអើង ដែលដាក់បន្ទុកដល់ពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ករណីទាំងនោះ រួមបញ្ចូលទាំងផលិតកម្មលើសលុប ការរំលោភបំពានកម្មសិទ្ធិបញ្ញា ពន្ធលើសេវាកម្មឌីជីថល និងពលកម្មដោយបង្ខំ ឬពលកម្មកុមារ។
ពន្ធថ្មី ដែលគ្រោងដាក់លើប្រទេសចំនួន ៥៩ និងសហភាពអឺរ៉ុប (EU) នឹងជំនួសពន្ធបណ្ដោះអាសន្ន ១០% ដែលត្រូវផុតកំណត់នៅចុងខែកក្កដា។ EU និងប្រទេសចំនួន ១៣ ត្រូវជាប់ពន្ធ ១០% ខណៈថៃ ស្ថិតនៅក្នុងប្រទេសចំនួន ៤៦ ដែលត្រូវជាប់ពន្ធ ១២,៥% អមដោយចិន កូរ៉េខាងត្បូង ប្រេស៊ីល និងស្វីសជាដើម។
ក្នុងករណីខ្លះ សហរដ្ឋអាមេរិកអាចបន្ថែមពន្ធគយតាមមាត្រា ៣០១ លើពន្ធគយដែលមានស្រាប់លើផលិតផលមួយចំនួន ដែលបញ្ហានេះ អាចបង្កើតភាពមិនប្រាកដប្រជាកាន់តែច្រើន។
លោកស្រី Nuttaporn បានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ដំណាក់កាលដំបូងនៃគោលនយោបាយពន្ធគយ ត្រូវបានបង្កើតឡើងដើម្បីដាក់សម្ពាធលើប្រទេសគោលដៅ ឱ្យចូលទៅក្នុងការចរចាពាណិជ្ជកម្មជាមួយអាមេរិក។ ប្រទេសដូចជាថៃ អាចផ្ដល់ជម្រើសផ្សេងៗដើម្បីធានាឱ្យអាមេរិកដាក់ពន្ធទាប ហើយប្រសិនបើអាមេរិកមិនពេញចិត្តនូវលទ្ធផលចរចាទេ ប្រសិនបើសហរដ្ឋអាមេរិកមិនពេញចិត្តនឹងលទ្ធផលនៃការចរចាទេ អត្រាពន្ធអាចនឹងកើនឡើងសម្រាប់ប្រទេសជាក់លាក់នៅពេលក្រោយមកទៀត។
បច្ចុប្បន្ននេះ ថៃមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងពន្ធចុងក្រោយជាមួយអាមេរិកនៅឡើយទេ ខណៈម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងកម្ពុជាជាដើមនោះ បានសម្រេចឡើងរួចហើយ។
លោកស្រី Nuttaporn ថ្លែងថា យុទ្ធសាស្ត្រមាត្រា ៣០១ អាចបង្កឱ្យមានវិធានការតបតពីប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ស្រដៀងគ្នានឹងអ្វីដែលបានកើតឡើង ពេលលោក ត្រាំ ដាក់ពន្ធបដិការដែរ។
បើតាមអ្នកជំនាញដដែល K-Research រំពឹងថាការនាំចេញរបស់ថៃនឹងចុះខ្សោយនៅឆមាសទី២ នៃឆ្នាំនេះ បន្ទាប់កើនឡើងជិត ២០% ធៀបនឹងឆ្នាំមុន ក្នុងរយៈពេល ៤ខែដំបូង។ ថ្មីៗនេះ ស្ថាប័នដដែលបានបង្កើនការព្យាករកំណើននាំចេញឆ្នាំ២០២៦របស់ថៃ ពីត្រឹម ១% ដល់ ៨,២%។
ដោយឡែកសហព័ន្ធឧស្សាហកម្មថៃ (FTI) វិញ មានការព្រួយបារម្ភថា ពន្ធថ្មីតាមមាត្រា ៣០១ អាចបង្កើនថ្លៃដើមសម្រាប់អ្នកនាំចេញថៃ។ លោកស្រី Pimjai Leeissaranukul ប្រធាន FTI បាននិយាយថា ក្រុមហ៊ុនផលិតម្ហូបអាហារទំនងជារងផលប៉ះពាល់ ខណៈគេមិនទាន់ច្បាស់ថាតើឧស្សាហកម្មផ្សេងទៀត ដូចជាគ្រឿងអេឡិចត្រូនិក នឹងប្រឈមមុខនឹងពន្ធនាំចូលខ្ពស់ជាងមុនរបស់អាមេរិកដែរឬយ៉ាងណា។
លោកស្រីបាននិយាយថា ក្រុមហ៊ុនផលិតគួរតែផ្តោតលើការគ្រប់គ្រងថ្លៃដើម ហើយប្រទេសថៃគួរតែខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកទីផ្សារនាំចេញថ្មី។
យ៉ាងណាមិញ អ្នកជំនាញខ្លះជឿថា ផលប៉ះពាល់នៃពន្ធថ្មីអាចមានកម្រិត ទោះបីជាវាអាចជាឧបសគ្គសម្រាប់ថៃក្នុងការប្រកួតប្រជែងជាមួយដៃគូសំខាន់ៗក្ដី ខណៈវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជាដើមនោះ ជាប់ពន្ធថ្មីរបស់អាមេរិក ត្រឹម ១០%។
ការវាយតម្លៃបឋមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ បានបង្ហាញថា ផលប៉ះពាល់លើប្រទេសថៃមិនគួរធ្ងន់ធ្ងរទេ ប៉ុន្តែផលិតផលដែលអាចរងផលប៉ះពាល់រួមមាន៖ អង្ករ
វាយនភណ្ឌ អំបោះ ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) និងបន្ទះសូឡាជាដើម៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


