ព័ត៌មានអន្ដរជាតិ
សង្រ្គាមពាណិជ្ជកម្មអាមេរិក-EU ផ្ទុះឡើងជាថ្មី ក្រោយ ត្រាំ គំរាមដាក់ពន្ធប្រទេសអឺរ៉ុបផ្សេងៗ ជុំវិញបញ្ហាហ្រ្គីនឡែន
អ្នកការទូតសហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ឯកអគ្គរដ្ឋ/រាជទូត EU ផ្សេងៗ បានសម្រេចបាននូវកិច្ចព្រមព្រៀងដ៏ធំមួយកាលពីថ្ងៃអាទិត្យ រួមទាំងការដាក់ពន្ធសងសឹងលើសហរដ្ឋអាមេរិក ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងៗ ជុំវិញបញ្ហាហ្រ្គីនឡែន (Greenland)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្ដេជ្ញាចិត្តដាក់ពន្ធខ្ពស់ ចាប់ពីថ្ងៃទី ១ កុម្ភៈ លើប្រទេសសមាជិក EU ផ្សេងៗ ដូចជា ដាណឺម៉ាក ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ និងហ្វាំងឡង់ រួមជាមួយប្រទេសនៅអឺរ៉ុបផ្សេងទៀត រួមមានចក្រភពអង់គ្លេស និងណ័រវែស។ លោកថាលោកនឹងដាក់ពន្ធតាមការគំរាមរបស់ខ្លួន លុះត្រាំតែសហរដ្ឋអាមេរិកទទួលបានការអនុញ្ញាតគាំទ្រឱ្យទិញយកកោះហ្រ្គីនឡែន ដែលគេទទួលស្គាល់ជាអន្តរជាតិថាជារបស់ ដាណឺម៉ាក។
ជុំវិញការវិវត្តចុងក្រោយនេះ មេដឹកនាំ EU គ្រោងនឹងពិភាក្សាអំពីជម្រើសឆ្លើយតបនានាក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅទីក្រុងប្រ៊ុយសែល នាថ្ងៃព្រហស្បតិ៍ខាងមុខ។ ជម្រើសមួយគឺកញ្ចប់ពន្ធលើការនាំចូលពីអាមេរិក តម្លៃ ៩៣ ប៊ីលានអឺរ៉ូ (១០៧,៧ ប៊ីលានដុល្លារ) ដែលអាចចាប់ផ្តើមអនុវត្តដោយស្វ័យប្រវត្តិនៅថ្ងៃទី ៦ ខែកុម្ភៈ ក្រោយ EU ផ្អាករយៈពេល ៦ ខែ ដើម្បីចរចាពាណិជ្ជកម្មជាមួយអាមេរិក ជុំវិញជម្លោះពាណិជ្ជកម្មដែល ត្រាំ បង្កឡើងកាលពីឆ្នាំមុន។
ជម្រើសមួយទៀតគឺ «ឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ (ACI)» ដែល EU មិនដែលប្រើទេពីមុនមក។ មែនទែនទៅ ACI អាចកម្រិតអាមេរិកលើការចូលប្រើប្រាស់ការដេញថ្លៃសាធារណៈ ការវិនិយោគ ឬសកម្មភាពធនាគារ ឬរឹតត្បិតពាណិជ្ជកម្មសេវាកម្ម ដែលវិស័យទាំងអស់នេះ អាមេរិកសុទ្ធតែមានអតិរេកពាណិជ្ជកម្មជាមួយប្លុក។
ប្រភពពី EU ម្នាក់ បានប្រាប់រ៉យទ័រថា កញ្ចប់ពន្ធរបស់ប្លុក ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីក្នុងរដ្ឋ EU ឱ្យយកវាជាវិធានការឆ្លើយតបដំបូងគេ។

ដោយឡែក លោក Antonio Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលជាប្រធានកិច្ចប្រជុំកំពូលរបស់ប្លុក បាននិយាយនៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គមថា ការពិគ្រោះយោបល់របស់លោកជាមួយសមាជិក EU បានបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ពួកគេក្នុងការគាំទ្រប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន និងការត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រឆាំងនឹងការបង្ខិតបង្ខំគ្រប់ទម្រង់របស់អាមេរិក។
គួរគូសបញ្ជាក់ថា ប្រទេសអឺរ៉ុបទាំង ៨ ដែលរងការគំរាមពន្ធថ្មីរបស់ ត្រាំ មែនទែនទៅ បានរងនូវពន្ធ «បដិការ» ដែលលោក ត្រាំ បានដាក់កាលពីឆ្នាំមុនរួចហើយ ក្នុងអត្រាចន្លោះពី ១០-១៥%។ ប្រទេសទាំងនេះ បានបញ្ជូនកងទ័ពរបស់ខ្លួនក្នុងទំហំតិចៗទៅហ្រ្គីនឡែនរួចហើយ ដើម្បីបញ្ជាក់ការគាំទ្រ ខណៈនិយាយក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃអាទិត្យថា៖ «ការគំរាមកំហែងពន្ធគយ ធ្វើឱ្យខូចទំនាក់ទំនងអន្តរអាត្លង់ទិក និងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះនៃទំនាក់ទំនងដ៏គ្រោះថ្នាក់»។ ក្រុមប្រទេសដដែលបានបន្ថែមថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចសន្ទនា ដោយផ្អែកលើគោលការណ៍នៃអធិបតេយ្យភាព និងបូរណភាពទឹកដី៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


