Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ទាមទារឱ្យប្រទេសដទៃទៀតជួយធានាសុវត្ថិភាពច្រក​ហ័រមូហ្ស ចំពេលវិបត្តិផ្គត់ផ្គង់ប្រេងបន្ត​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យបាន​ឱ្យ​ដឹងថា រដ្ឋបាល​របស់លោកកំពុង​ពិភាក្សាជាមួយប្រទេសចំនួន៧ អំពីការជួយធានាសុវត្ថិភាពច្រកសមុទ្រហ័រមូហ្ស ដោយ​អំពាវ​នាវ​ឱ្យ​ពួកគេជួយការពារកប៉ាល់លើផ្លូវទឹកសំខាន់មួយ​នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទទូចសុំរបស់លោក ត្រាំ ធ្វើឡើង​ខណៈ​ជម្លោះ ដែល​អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបាន​ផ្ដួចផ្ដើមឡើងដោយការវាយប្រហារលើអ៊ីរ៉ង់ បានបន្តអូសបន្លាយចូលដល់សប្ដាហ៍ទី៣។ អ៊ីរ៉ង់បាន​ប្រកាស​បិទផ្លូវ​ដឹកជញ្ជូនតាមកាត់ច្រកហ័រមូហ្ស ជាពិសេសការដឹកប្រេង ដែលធ្វើឱ្យ​ការផ្គត់ផ្គង់ប្រេងធ្លាក់ចូលទៅក្នុងភាពចលាចល ​ហើយតម្លៃប្រេងហក់ឡើងខ្ពស់លើស ១០០ ដុល្លារ/បារ៉ែល (តម្លៃគិតត្រឹម​ថ្ងៃចន្ទ ១៦ មីនា)។ មុនជម្លោះផ្ទុះឡើង ច្រកហ័រមូហ្សដឹកជញ្ជូនប្រេង ២០% នៃតម្រូវការប្រចាំថ្ងៃរបស់សកល ខណៈបច្ចុប្បន្ន ការដឹកជញ្ជូនត្រូវបាន​កាត់ផ្ដាច់ស្ទើរតែទាំងស្រុង។​

លោក ត្រាំ ដែលប្រឈមនឹង​សម្ពាធក្នុងស្រុកជុំវិញការហក់ឡើងនៃតម្លៃប្រេង បាន​ទទូចថា ប្រទេសណាដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីតំបន់ឈូងសមុទ្រពែរ្ស មាន​ទំនួលខុសត្រូវលើការការពារច្រកសមុទ្រហ័រមូហ្ស។ ​

លោកថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា៖ «ខ្ញុំសូមទាមទារឱ្យប្រទេសទាំងនេះចូលមកការពារ​​ទឹកដីរបស់ពួកគេ ពីព្រោះវាជាទឹកដីរបស់ពួកគេ»​។ លោកបន្តថា«វាជាកន្លែងដែលពួកគេដឹក​ថាមពលរបស់ពួកគេ»។

លោកមិនបាន​ប្រាប់ថា ប្រទេសទាំង៧ដែលលោកបាន​ពិភាក្សាជាមួយនោះ មាន​ប្រទេសណាខ្លះនោះទេ ប៉ុន្តែកាលពីចុងសប្ដាហ៍ដូចគ្នា លោក​បាន​រំពឹងថា ប្រទេស​រួមមាន​ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស និងផ្សេងៗទៀត ​នឹងបញ្ជូននាវាចម្បាំងរបស់ពួកគេ ដើម្បីការពារការដឹកជញ្ជូន​កាត់ច្រកសមុទ្រហ័រមូហ្ស។ ​​

៤០% នៃប្រេងដែលចិននាំចូល គឺដឹកកាត់តាមច្រកហ័រមូហ្ស។ អឺរ់ុបក៏នាំចូលឧស្ម័នធម្មជាតិពង្រាវពីមជ្ឈិមបូព៌ា ដឹកកាត់តាមច្រកនេះផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានដាក់សម្ពាធកាន់តែខ្លាំងលើសម្ព័ន្ធមិត្តអឺរ៉ុបឱ្យជួយការពារច្រកហ័រមូហ្ស ដោយព្រមានថា អង្គការណាតូប្រឈមមុខនឹងអនាគតដ៏អាក្រក់មួយ ប្រសិនបើសមាជិករបស់ខ្លួនមិនមកជួយទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក មន្ត្រីអាមេរិកដែលឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចជុំវិញតម្លៃប្រេងខ្ពស់ បានព្យាករ​កាលពីថ្ងៃអាទិត្យថា សង្គ្រាមលើអ៊ីរ៉ង់នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយ​តម្លៃប្រេងនឹងធ្លាក់ចុះ​វិញ​ ទោះបីជាអ៊ីរ៉ង់បាន​អះអាងថា ​ខ្លួននៅតែរឹងប៉ឹង និងត្រៀម​រួចជាស្រេច ដើម្បីការពារខ្លួន​ក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម