Connect with us

ព័ត៌មានអន្ដរជាតិ

​ជម្លោះ​តឹងសរសៃករបស់​ លោក ត្រាំ ​សំដៅលោក Rutte នឹងធ្វើឲ្យ​សម្ព័ន្ធភាព​ណាតូ​កាន់តែបែកបាក់​មែនទេ?​

បានផុស

នៅ

ការរិះគន់ចំៗរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅលើអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កំពុងបង្កឲ្យមានភាពតានតឹង និងការប្រេះឆាកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃសម្ព័ន្ធភាពយោធាមួយនេះ ដោយសារតែការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញការចំណាយលើវិស័យការពារជាតិ និងការមិនចូលរួមគាំទ្ររបស់សម្ព័ន្ធ​មិត្ត​ណាតូ និង​អឺរ៉ុប​ ក្នុងសង្គ្រាម​អាមេរិក​ប្រឆាំងនឹងប្រទេសអុីរ៉ង់។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កា​រជជែក​តឹងសរសៃក​​ដាក់​គ្នា​​នៅសេតវិមាន កាលពីថ្ងៃ ទី២៤ ខែមិថុនា លោក ត្រាំ បានសម្តែងការមិនពេញចិត្តដោយ​ត្រង់​ទៅ​កាន់​ លោក Rutte និងរិះគន់ចំៗទៅលើបណ្តាប្រទេសជាសមាជិកណាតូនៅអឺរ៉ុប ថា បានបោះបង់ចោលអាមេរិកដោយមិនបញ្ជូនកងទ័ព ឬកម្លាំងយោធាទៅជួយគាំទ្រអាមេរិកនៅក្នុងសង្គ្រាមជាមួយអុីរ៉ង់ និងការការពារផ្លូវទឹកយុទ្ធសាស្ត្រនៅច្រក Hormuz ឡើយ។

យោងតាមសារព័ត៌មាន Al Jazeera, លោក ត្រាំ បានព្រមានចំៗថា បញ្ហានេះនឹងជះឥទ្ធិពលអាក្រក់ខ្លាំងណាស់សម្រាប់អនាគតរបស់ណាតូ ប្រសិនបើសមាជិកអឺរ៉ុបនៅតែបន្តព្រងើយកន្តើយបែបនេះ។ លោក ថែមទាំងសង្កត់ធ្ងន់ថា អ្វីដែលលោកចង់បានពីសម្ព័ន្ធមិត្តណាតូនៅពេលនេះ គឺ ភាពស្មោះត្រង់ មិនមែនគ្រាន់តែជាលុយកាក់នោះទេ។

យ៉ាងណា ដើម្បីសម្រាលស្ថានការណ៍ដ៏តានតឹងនេះ និងដើម្បីត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលណាតូនៅក្នុងទីក្រុងអង់ការ៉ា នៅប្រទេសតួកគី លោក Rutte បានព្យាយាមប្រើប្រាស់យុទ្ធសាស្ត្រសម្រុះសម្រួល ដោយបានពន្យល់តបទៅ ត្រាំ វិញថា កាលដែលសមាជិកអឺរ៉ុបមួយចំនួនមិនបានចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមអុីរ៉ង់ គឺគ្រាន់តែជាករណីដាច់ដោយឡែកតែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោកបាននាំយកតារាងទិន្នន័យទៅបង្ហាញ ត្រាំ ដើម្បីបញ្ជាក់ថា បណ្តាប្រទេសអឺរ៉ុបបានផ្តល់ជំនួយដោយប្រយោលយ៉ាងច្រើន តាមរយៈការអនុញ្ញាតឲ្យយន្តហោះចម្បាំងរបស់អាមេរិកចន្លោះពី ៤ពាន់ ទៅ ៥ពាន់ គ្រឿង ប្រើប្រាស់មូលដ្ឋានទ័ពអាកាសនៅក្នុងដីអឺរ៉ុប ដើម្បីធ្វើប្រតិបត្តិការសង្គ្រាម។ ទោះយ៉ាងណា ការព្យាយាមពន្យល់ និងការលើកសរសើររបស់លោក Rutte ហាក់ដូចជាមិនអាចកែប្រែចិត្តគំនិត ឬធ្វើឲ្យ ត្រាំ បន្ថយការខឹងសម្បារបានឡើយ។

ការប្រេះឆាកាន់តែជ្រៅរវាងមេដឹកនាំទាំងពីរ ក៏បានស្តែងចេញតាមរយៈការខ្វែងគំនិតគ្នាលើកិច្ចព្រមព្រៀងថវិកាការពារជាតិ ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលសមាជិកណាតូបានព្រមព្រៀងគ្នាកាលពីពាក់កណ្តាលឆ្នាំមុន។ យោងតាមសេចក្តីរាយការណ៍ផ្ទាល់ពី Reuters , ត្រាំ បានចោទប្រកាន់ចំៗថា ប្រទេសភាគច្រើន ជាពិសេស អាល្លឺម៉ង់ មិនបានគោរពតាមការសន្យាក្នុងការបង់ប្រាក់នោះទេ ខណៈដែលលោក Rutte បានការពារថា អាល្លឺម៉ង់កំពុងតែបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួនទ្វេដងជាជំហានៗរហូតដល់ឆ្នាំ ២០២៩ ព្រោះវាមិនអាចចំណាយអស់ភ្លាមៗក្នុងរយៈពេលត្រឹមតែមួយឆ្នាំបានឡើយ។

ការជជែកដេញដោលគ្នាយ៉ាងតឹងសរសៃកនេះ បានធ្វើឲ្យមន្ត្រីអឺរ៉ុបមួយចំនួនរៀបរាប់ប្រាប់សារព័ត៌មានថា ជំនួបនៅសេតវិមានបានប្រែទៅជា «ការជេរប្រមាថ និងស្តីបន្ទោសដ៏ខ្លាំងក្លា» ពីសំណាក់លោក ត្រាំ ទៅលើអគ្គលេខាធិការណាតូ។

មិនតែប៉ុណ្ណោះ ផលវិបាកនៃការប្រេះឆានេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាព និងអនាគតរបស់ណាតូទាំងមូល ដោយសារតែរដ្ឋបាល ត្រាំ បានចាប់ផ្តើមពិភាក្សាយ៉ាងចំហអំពីលទ្ធភាពនៃការកាត់បន្ថយការរួមចំណែករបស់អាមេរិកក្នុងណាតូ ឬអាចឈានទៅដល់ការដកខ្លួនចេញពីសម្ព័ន្ធភាពយោធានេះទាំងស្រុង បើសិនជាអឺរ៉ុបមិនព្រមធ្វើតាមការទាមទាររបស់អាមេរិក។

ដោយឡែក សារលិខិតរបស់លោក ត្រាំ នៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីជំនួបនោះ បានសរសេរថា «ណាតូមិនដែលនៅក្បែរយើងទេ នៅពេលយើងត្រូវការពួកគេ ហើយពួកគេក៏នឹងមិននៅទីនោះដែរ ប្រសិនបើយើងត្រូវការពួកគេម្តងទៀត» បានបង្ហាញយ៉ាងច្បាស់ថា ទំនុកចិត្តខាងនយោបាយ និងយោធារវាងអាមេរិក និងអឺរ៉ុប បានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់បំផុត ដែលអាចនឹងធ្វើឲ្យសម្ព័ន្ធភាពយោធាអាយុកាលជិត ៨០ ឆ្នាំមួយនេះ ឈានទៅរកការបែកបាក់ផ្ទៃក្នុងយ៉ាងពិតប្រាកដ ប្រសិនបើគ្មានការដោះស្រាយរួមគ្នាមួយនៅក្នុងកិច្ចប្រជុំកំពូលខាងមុខនេះទេនោះ៕

អត្ថបទ ៖​ សាង ស្រីល័ក្ខ

ពេលសវនាការ​ជាមួយប្រមុខ​ណាតូ លោក ត្រាំ លើករឿងខកចិត្ត​ជាថ្មី​ទៀត ក្នុងសង្គ្រាម​នៅអ៊ីរ៉ង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម