សេដ្ឋកិច្ច
សមាគមធនាគារ ដាក់ទិសដៅលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ
សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា ២០២៧ បានដាក់ចេញនូវចក្ខុវិស័យ និងសរសរស្តម្ភចំនួន ៣ សម្រាប់អាណត្តិថ្មី ដើម្បីលើកកម្ពស់វិស័យធនាគារ និងហិរញ្ញវត្ថុ និងការទទួលខុសត្រូវខ្ពស់ដើម្បីពង្រឹងទំនុកចិត្តសាធារណៈ និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងពង្រឹងសមត្ថភាពធនាគារិកតាមរយៈការបណ្តុះបណ្តាលជាប្រចាំ ទាំងជំនាញបច្ចេកទេសធនាគារ និងភាពជាអ្នកដឹកនាំ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព។

ការដាក់ទិសដៅរបស់សមាគមធនាគារធ្វើឡើងនៅក្នុងមហាសន្និបាតសមាជិកប្រចាំឆ្នាំ ២០២៦ របស់សមាគមធនាគារនៅកម្ពុជា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិ ២០២៦-២០២៨។
ក្នុងអំឡុងពេលនៃមហាសន្និបាតសមាជិកប្រចាំឆ្នាំ (AGM) សមាជិកទាំងអស់បានពិនិត្យ និងអនុម័តនូវរបាយការណ៍ប្រចាំឆ្នាំ របាយការហិរញ្ញវត្ថុឆ្នាំ ២០២៥ និងអនុម័តផែនការថវិកាឆ្នាំ ២០២៦។
មហាសន្និបាត ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាគមធនាគារក្នុងការគាំទ្រដល់វិស័យធនាគារនៅកម្ពុជាឱ្យមានភាពរឹងមាំ ការទទួលត្រូវ និងបរិយាបន្ន ព្រមទាំងការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិករបស់ខ្លួនផងដែរ។
លោក រ័ត្ន សោភ័ណ ប្រធាននាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា ត្រូវបានសមាជិកបោះឆ្នោតជ្រើសរើសសារជាថ្មី ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជា។ ខណៈលោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិ នៃធនាគារប្រៃសណីយ៍កម្ពុជា ត្រូវបានជាប់ឆ្នោតជាអនុប្រធានសមាគម។

លោក រ័ត្ន សោភ័ណ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តអនុវត្តនូវអនុសាសន៍ស្តីពីការវាយតម្លៃដោយឯករាជ្យលើការគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា ក្នុងនោះរួមមាន កំណែទម្រង់ពាក់ព័ន្ធនឹងអភិបាលកិច្ច ភាពជាអ្នកដឹកនាំ គណៈកម្មាធិការ និងការតស៊ូមតិ ក្នុងគោលបំណងបន្តពង្រឹងប្រសិទ្ធភាព និងសំឡេងរបស់សមាគមបន្ថែមទៀត។
លោកប្រធានសមាគម ក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់សមាគមធនាគារក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ក្នុងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពក្នុងការចូលរួមពង្រឹងស្ថិរភាពវិស័យហិរញ្ញវត្ថុ បរិយាបន្ន ភាពធន់ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
យោងតាមក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ប្រជាពលរដ្ឋកម្ពុជាចំនួន ៥,១៣ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានទំហំទឹកប្រាក់ ២៤៨ ៩២៦ ៥៧៥ លានរៀល ស្មើនឹងប្រមាណ ៦២ ពាន់លានដុល្លារ។
លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានភាពធន់និងរឹងមាំព្រមទាំងបន្តទទួលបានជំនឿទុកចិត្តពីសាធារណជនទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅតែមិនប្រាកដប្រជាក៏ដោយ។
លោកស្រី ជា សិរី បញ្ជាក់ថាភាពធន់ និងរឹងមាំរបស់ធនាគារដោយសារស្ថានភាពរឹងមាំនៃដើមទុន និងលទ្ធភាពខ្ពស់ក្នុងការបញ្ចេញសាច់ប្រាក់ដោយឆ្នាំ ២០២៥ ឥណទានដែលផ្តល់ដោយប្រព័ន្ធធនាគារបន្តកើនឡើងសន្សឹមៗក្នុងអត្រា ៤.១% ខ្ពស់ជាងឆ្នាំ ២០២៤ ដែលរួមចំណែកគាំទ្រដោយកំណើនតម្រូវការទុនរបស់ SMEs ក្នុងការពង្រីកអាជីវកម្ម។ ចំណែកប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារបានបន្តកើនឡើងល្អប្រសើរ ជាមួយនឹងអត្រាកំណើន ១៤.៧ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


