Connect with us

សេដ្ឋកិច្ច

​តំណាងវិស័យ​ធនាគារ​ គាំទ្រវិធានការ​ផ្ដល់​សាច់​ប្រាក់ចាំបាច់​ដល់គ្រឹះស្ថាន​ហិរញ្ញវត្ថុ​

បានផុស

នៅ

តំណាងវិស័យធនាគារ​ និង​ហិរញ្ញវត្ថុ​គាំទ្រចំពោះវិធានការ​របស់ធនាគារជាតិ ​(NBC)​ ក្នុងការ​ផ្ដល់​សាច់​ប្រាក់​ចាំបាច់​ដល់​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​រក្សាស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារជាតិនៃកម្ពុជា​ កាលពី​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ​បាន​សម្រេច​ផ្ដល់​សន្ទនីយភាពចាំបាច់​ដល់​គ្រឹះស្ថានធនា​គារ ​និង​ហិរញ្ញវត្ថុ ​ដើម្បី​ទប់​ស្កាត់​ហានិភ័យ ​និង​រក្សាស្ថិរភាព​ហិរញ្ញវត្ថុ។​

​លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា (ABC) ​ប្រាប់កម្ពុជាថ្មីថា ​វិធានការ​របស់ធនាគារជាតិ​ធ្វើឡើងនៅពេលនេះ ដើម្បី​បង្កើនទំនុកចិត្តសាធារណៈជន នៅពេលដែល​ធនាគារ​មួយ​មាន​បញ្ហាសាច់ប្រាក់បន្ទាន់​ ធនាគារជាតិអាចជួយបាន​ភ្លាម។​

​លោក តូច ចៅចេក ​យល់ឃើញថា៖ ​«ធនាគារមួយគាត់មាន ​Deposits ១០០ លានដុល្លារ តែគាត់ឱ្យ​ខ្ចីប៉ុ​ន្មាន​ ៦០ លាន ឬ៧០ ​លាន ​អាហ្នឹងគេថា ​៦០% ឬ៧០% ​ធនាគារ​ខ្លះគាត់ប្រយ័ត្នប្រយែង គាត់ឱ្យ​តែ ៦០ ឬ៧០ ​ធនាគារខ្លះគាត់មានប្រភពទុនផ្សេងៗ ​គាត់អាចឱ្យច្រើនជាងហ្នឹង»។

​លោក រី វណ្ណា អគ្គនាយកធនាគារ KB Prasac ​គាំទ្រចំពោះវិធានការ​ផ្ដល់សន្ទនីយភាពចាំបាច់​ដល់​គ្រឹះស្ថានធនា​គារ ​និង​ហិរញ្ញវត្ថុ គឺជាវិធានការសមស្របក្នុងការពង្រឹងភាពរឹង​មាំនៃប្រព័ន្ធ​ធនាគារ​នៅកម្ពុជា។

​លោក រី វណ្ណា ​យល់ឃើញថា៖ ​«ប្រកាសនេះ ​នឹងជួយពង្រឹង​សារៈសំខាន់​នៃការគ្រប់គ្រងសាច់ប្រាក់​ដោយប្រុងប្រយ័ត្ន​ ការគ្រប់គ្រងហានិភ័យឱ្យបានរឹងមាំ ​និងវិន័យប្រណិបត្តិការ»។​

​លោក គា បូរាណ គនាយកធនាគារ AMK យល់ឃើញដែរថា ​វិធានការនេះ ​នឹងបង្កើនទំនុកចិត្ត​បន្ថែម​ទៀត ​ដល់សាធារណៈជនទៅលើវិស័យធនាគារ។​

​លោក ​មីន សុផា អគ្គនាយធនាគារហត្ថា មានប្រសាសន៍ថា ​ធនាគាររបស់លោក ​មិនបារម្ភពីបញ្ហា​ខ្វះសាច់ប្រាក់ប្រាក់នោះទេ។

យោងតាមធនាគារជាតិ ​វិធានការផ្ដល់សន្ទនីយភាពចាំបាច់​ត្រូវបានបង្កើតឡើង ​ដើម្បីផ្តល់ការគាំ​ទ្រសាច់​ប្រាក់រយៈពេលខ្លីដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងករណីមានការ​ប្រឈមមុខ​នឹងបញ្ហាខ្វះសាច់​ប្រាក់ជា​បណ្តោះ​អាសន្ន ​ដោយធនាគារជាតិនៃកម្ពុជានឹង​ដើរតួនាទី​ជាអ្នកឱ្យខ្ចីចុងក្រោយ “Lender of Last Resort” ​ដើម្បីធានា​ថាគ្រឹះស្ថានធនាគារ​អាចបន្តប្រតិបត្តិការបានយ៉ាងរលូន។

គ្រឹះស្ថានដែលស្នើសុំសាច់ប្រាក់ចាំបាច់​ត្រូវ៖

មានសមាធនភាព៖ គ្រឹះស្ថានត្រូវបានវាយតម្លៃថាមាន​សមាធនភាពលុះត្រាតែមានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៦ ខែចុងក្រោយ និងបង្ហាញថា មានអនុបាតភាពគ្រប់គ្រាន់នៃដើមទុនយ៉ាងហោចណាស់ស្មើ ឬលើសកម្រិតអប្បបរមា ក្នុងរយៈពេល ៣ ខែខាងមុខ។

គ្រឹះស្ថានត្រូវបានវាយតម្លៃថា អាចនៅបន្តដំណើរការអាជីវកម្មជាប្រក្រតី ប្រសិន​បើគ្រឹះស្ថានមានប្រាក់ចំណេញរយៈពេល ៣ ឆ្នាំ ចុងក្រោយ និង​ត្រូវមានទ្រព្យធានាដែលអាចទទួលយកបានគ្រប់គ្រាន់បន្ទាប់ពីដកហ៊ែខាត់ និងមិនជាប់កាតព្វកិច្ច ដូចបានកំណត់ក្នុងប្រការ ៧ នៃ ប្រកាសនេះ។

ធនាគារជាតិនៃកម្ពុជាអាចផ្តល់សន្ទនីយភាពចាំបាច់ បន្ទាប់ពីគ្រឹះស្ថានបានប្រើប្រាស់ជិតអស់ ឬអស់លទ្ធភាពនូវជម្រើសប្រភពទុនរយៈពេលខ្លីផ្សេងៗទៀត ដូចជា មូលនិធិពីទីផ្សាររូបិយវត្ថុ និងអន្តរធនាគារ មូលនិធិរបស់គ្រប និងហ្វាស៊ីលីធីផ្សេងទៀតរបស់ធនាគារជាតិនៃកម្ពុជា ជាដើម។

ចំពោះគ្រឹះស្ថានជាបុត្តសម្ព័ន្ធធនាគារបរទេស ឬសាខាធនាគារបរទេស គ្រឹះស្ថានត្រូវស្នើសុំ ការគាំទ្រពីក្រុមហ៊ុនមេ និង​ភាគទុនិកឱ្យអស់លទ្ធភាពជាមុនសិន មុននឹងស្នើសុំសន្ទនីយភាព ចាំបាច់ពីធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា មានឆន្ទានុសិទ្ធិក្នុងការសម្រេចលើសំណើសុំសន្ទនីយភាពចាំបាច់របស់គ្រឹះស្ថាន ដោយផ្អែកលើ​ការ​វាយតម្លៃសូចនាករ និងលក្ខខណ្ឌផ្សេងទៀត តាមករណីជាក់ស្ដែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម