Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ចាប់ដៃជាមួយកម្ពុជាផ្សព្វផ្សាយជំរុញកំណើនទេសចរ

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី ២៧ ខែមេសា ២០២៦​ បានចុះហត្ថ​លេខា​លើកិច្ចសហប្រតិបត្តិការរយៈពេល៩ខែ ដើម្បីជំរុញកំណើន​វិស័យទេសចរណ៍​រវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ព្រមទាំងទៅកាន់ទិសដៅ​ហោះផ្សេងទៀត​ជុំវិញ​ពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយកញ្ញា Rachel Tan អនុប្រធានផ្នែកទីផ្សារ និងម៉ាកយីហោ នៃក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងលោក គឹម មិនា នាយកប្រតិបត្តិ​នៃក្រុម​ប្រឹក្សា​ភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេស​ចរណ៍កម្ពុជា ក្រោមអធិបតីភាពលោក ហួត ហាក់​ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ស្ត្រាហាន លីម លេខាទី១ នៃស្ថានទូតនៃ​សាធារណរដ្ឋសិង្ហបុរី​ប្រចាំ​កម្ពុជា។

SIA និងCTB នឹងសហការវិនិយោគរួមគ្នាក្នុងទំហំទឹកប្រាក់ ១៤០,០០០ ដុល្លារ ដើម្បីរៀបចំយុទ្ធនាការទីផ្សារ និងផ្សព្វ​ផ្សាយរួមគ្នា ដែលមានដូច​ជាការរៀបចំដំណើរកម្សាន្តស្វែងយល់ពីសក្ដានុពលទេសចរណ៍សម្រាប់អ្នកផលិតមាតិកាអន្តរជាតិល្បីៗ (KOLs) មកពីប្រទេសអូស្ត្រាលី បារាំង និងសិង្ហបុរី។

លើសពីនេះ SIA និងCTB ក៏នឹងសហការគ្នាដើម្បីផ្សព្វផ្សាយទេសចរណ៍កម្ពុជា នៅទីផ្សារផ្សេងទៀតដូចជា ប្រទេស​ឥណ្ឌា ក្នុងរយៈពេលវែងផងដែរ។

លោក Vinod Kannan អនុប្រធានជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines មានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍រវាងសិង្ហបុរី និងកម្ពុជា ក៏ដូចជាទិសដៅទេសចរណ៍ក្នុងតំបន់ទាំងមូល»។

លោក Vinod Kannan បន្ថែមថា តាមរយៈយុទ្ធនាការរួមគ្នា និងសកម្មភាពផ្សព្វផ្សាយនានា យើងនឹងបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ភ្ជាប់ជាមួយនឹងបទពិសោធន៍ហោះហើរលំដាប់ពិភពលោក ​តាមរយៈបណ្តាញហោះហើរសកលរបស់ SIA។

លោក គឹម មិនា នាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មានប្រសាសន៍ថា៖ «ភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines នេះ បង្ហាញពីជំនឿទុកចិត្ត និងភាពជឿជាក់លើសក្ដានុពលនៃវិស័យទេសចរណ៍របស់កម្ពុជា»។

កម្ពុជាមានសក្តានុពលទេសចរណ៍ដ៏សំបូរបែប ដែលមានដូចជា តំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ និងរាជធានីពោពេញដោយភាពច្នៃប្រឌិត និងភាពរស់រវើក តំបន់ឆ្នេរដ៏ស្រស់ស្អាត និងគោលដៅទេសចរណ៍ធម្មជាតិជាច្រើន។

តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមួយនេះ យើងមានគោល​បំណងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយជាសកល ទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងបង្ហាញ​ពីទិដ្ឋភាពពិតនៃប្រទេសកម្ពុជាទៅកាន់ទស្សនិកជនទូទាំងពិភពលោក។

កិច្ចសហប្រតិបត្តិការនេះក៏ជាឱកាស ក្នុងការផ្លាស់ប្តូរការយល់ឃើញអវិជ្ជមានលើប្រទេសកម្ពុជា តាម​រយៈការបង្ហាញប្រទេស​កម្ពុជាទៅពិភពលោកថាជាគោលដៅទេសចរណ៍ដ៏សំបូរបែប​ ពោពេញដោយស្នាមញញឹម និងភាពកក់ក្តៅ ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាព​ និងអត្តសញ្ញាណពិតប្រាកដរបស់កម្ពុជានាពេលបច្ចុប្បន្ន។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមរយៈកិច្ចសហការនេះ គឺមានគោលបំណងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ និងការជំរុញការផ្សព្វផ្សាយពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងលក្ខណៈចម្រុះនៃបទពិសោធន៍ទេសចរណ៍ ចាប់ពីតំបន់បេតិកភណ្ឌពិភពលោក រហូតដល់គោលដៅទេស​ចរណ៍ឆ្នេរ និងអេកូទេសចរណ៍កំពុងលេចធ្លោ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៅលើពិភពលោក តាមរយៈបណ្តាញសកល និងដ៏មានសក្តានុពលនៃទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី។

លោករដ្ឋមន្រ្តីទេសចរណ៍បន្ថែមថា នៅថ្ងៃសៅរ៍ទី ០២ ឧសភា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជា នៅរដូវកាលបៃតង» ចាប់ពីខែឧសភា ដល់ខែតុលា ដែលជាពេលវេលាដែលប្រទេសកម្ពុជាមានភាពស្រស់ស្អាត និងពោរពេញដោយភាពបៃតង ផ្តល់ឱ្យភ្ញៀវទេសចរនូវបរិយាកាសស្ងប់ស្ងាត់ ទេស​ភាព​ធម្មជាតិដ៏ស្រស់ស្អាត និងបទពិសោធធ្វើដំណើរដ៏ស្រស់បំព្រង។

លោករដ្ឋមន្រ្តី មានទំនុកចិត្តថា យុទ្ធនាការខាងលើ រួមជាមួយការចុះហត្ថលេខាលើអនុស្សរណៈនែការយោគយល់គ្នានេះ នឹងរួមចំណែកដល់ការកើនឡើង នៃចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore ​Airlines ជាពិសេសនៅក្នុងអំឡុងពេលនៃរដូវកាលបៃតង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម