ព័ត៌មានអន្ដរជាតិ
ក្រោយជំនួបត្រាំ-ស៊ី ចិនជំរុញឱ្យបើកច្រកហ័រមូហ្សឡើងវិញ និងបញ្ចប់ជម្លោះអាមេរិក-អ៊ីរ៉ង់
ក្រសួងការបរទេសចិននៅថ្ងៃសុក្រទី ១៥ ឧសភា នេះ បានជំរុញឱ្យមានការបើកច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ឡើងវិញ ខណៈជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិនលោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងបានបិទបញ្ចប់ជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉៉យទ័រ។

ក្រសួងបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ ដោយមិននិយាយចំឈ្មោះច្រកហ័រមូហ្ស យ៉ាងដូច្នេះថា៖ «ផ្លូវដឹកជញ្ជូន គួរតែបើកឡើងវិញឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដោយឆ្លើយតបទៅនឹងការអំពាវនាវរបស់សហគមន៍អន្តរជាតិ និងរួមគ្នារក្សាស្ថិរភាព ក៏ដូចជាលំហូរដ៏រលូននៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល»។
គួរគូសបញ្ជាក់ថា នាវាចរណ៍កាត់តាមច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនទំនិញសំខាន់ៗចេញចូលតំបន់មជ្ឈិមបូព៌ា និងរួមចំណែកដល់លំហូរប្រេង និងឧស្ម័ន ១/៥ នៃតម្រូវការពិភពលោក ត្រូវបានជាប់គាំងស្ទើរតែទាំងស្រុង រាប់តាំងពីជម្លោះអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ផ្ទុះឡើងនៅចុងខែកុម្ភៈ។ បច្ចុប្បន្ន អ៊ីរ៉ង់ និងអាមេរិក បិទខ្ទប់ច្រកផ្លូវសំខាន់មួយនេះរៀងៗខ្លួន។
ពេញមួយកិច្ចប្រជុំកំពូលត្រាំ-ស៊ីលើកនេះ ចិនមិនសូវជានិយាយអ្វីច្រើនពីអ៊ីរ៉ង់នោះទេ ទោះបីជាលោក ត្រាំ បានអះអាងថា ចិនយល់ឃើញដូចគ្នាជាមួយអាមេរិក ថា អ៊ីរ៉ង់ «មិនគួរមានអាវុធនុយក្លេអ៊ែរ» ហើយច្រកហ័រមូហ្សគួរតែបើកឡើងវិញក្ដី។

យ៉ាងណាមិញ ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃសុក្រនេះដដែល ក្រសួងការបរទេសចិនបាននិយាយដូចជាខ្នក់ចិត្តយ៉ាងដូច្នេះថា៖ «ជម្លោះ(អាមេរិក-អ៊ីរ៉ង់)នេះ មិនគួរកើតឡើងឡើយ [វា]គ្មានហេតុផលដើម្បីបន្តទៅមុខទៀតឡើយ»។ ចិនជំរុញឱ្យបញ្ចប់ជម្លោះ ដោយនិយាយថា៖ «ការស្វែងរកដំណោះស្រាយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន គឺមានប្រយោជន៍សម្រាប់ទាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាសម្រាប់ប្រទេសនានាក្នុងតំបន់ និងពិភពលោកទាំងមូល»។
ក្រសួងការបរទេសបានបន្តថា៖ «ចិនតែងតែទទូចថា ការសន្ទនា និងការចរចាគឺជាផ្លូវត្រឹមត្រូវ ហើយដំណោះស្រាយយោធាមិនមែនជាមធ្យោបាយឆ្ពោះទៅមុខនោះទេ។ ឥឡូវនេះ ទ្វារនៃការសន្ទនាត្រូវបានបើកហើយ វាមិនគួរបិទម្តងទៀតទេ»។
គេមើលឃើញថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅចិន ដែលចាប់ផ្ដើមកាលពីថ្ងៃពុធ ធ្វើឡើងចំពេលដែលប្រទេសមហាអំណាចទាំង២ ស្វែងរកដំណោះស្រាយការទូតលើបញ្ហាផ្សេងៗ រួមទាំងពាណិជ្ជកម្ម និងផលប្រយោជន៍ភូមិសាស្រ្តនយោបាយ។ ប្រទេសទាំង២ បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មពន្ធគយដ៏ក្ដៅគគុកកាលពីឆ្នាំមុន ក្រោយលោក ត្រាំ បានប្រកាសពីវិធានការពន្ធផ្សេងៗ ដែលធ្វើឱ្យចិនឆ្លើយតបខ្លាំងៗជាបន្តបន្ទាប់។
គិតត្រឹមរសៀលថ្ងៃសុក្រនេះ ភាគីទាំង២ មិនទាន់បានប្រកាសជាផ្លូវការណាមួយជាលម្អិតពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលអាចរាប់បញ្ចូលទាំងបញ្ហារ៉ែកម្រ នោះទេ ខណៈក្រុមប្រតិភូអាមេរិកបានឡើងយន្តហោះត្រឡប់ទៅអាមេរិកវិញ។ ប៉ុន្តែលោក ត្រាំ បាននិយាយថា៖ «យើងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយចំនួន សម្រាប់ប្រទេសទាំង២»។ លោកមិនបានបញ្ជាក់បន្ថែមទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ លោកបានប្រាប់ Fox News ថា ចិនបានយល់ព្រមទិញយន្តហោះពីក្រុមហ៊ុនផលិតយក្សអាមេរិក Boeing ចំនួន ២០០ គ្រឿង៕
-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


