Connect with us

ព័ត៌មានអន្ដរជាតិ

តើលោកត្រាំ មានបំណងអ្វី ទើបតែងតែគំរាមវាយអ៊ីរ៉ង់ រាល់ពេល មានការចរចាគ្នា?

បានផុស

នៅ

កិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ជុំទី១ ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសស្វីស បានបញ្ចប់ទៅហើយ ដោយទទួលបានលទ្ធផលគាប់ប្រសើរ និងមានវឌ្ឍនភាព។

(រូប៖ Reuters)

យ៉ាងណា មុនទទួលបានផ្លែផ្កា ក៏មានភាពរកាំរកូសខ្លះផងដែរ ដោយគណៈប្រតិភូអ៊ីរ៉ង់ បានដើរចេញពីតុចរចា ព្រោះតែឃ្នើសចិត្ត និងខឹងសម្បាចំពោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ​ដែលធ្វើការគំរាមវាយប្រហារអ៊ីរ៉ង់ ឲ្យចាស់ដៃម្តងទៀត បើទីក្រុងតេហេរ៉ង់ មិនឈានដល់កិច្ចព្រមព្រៀង។

នេះមិនមែនជារឿងថ្មីឡើយ ដែលប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បោះពាក្យគំរាមដល់អ៊ីរ៉ង់ ឲ្យតែមានការចរចាគ្នា ពោលគេសង្កេតឃើញថា លោកត្រាំ ធ្វើបែបនេះច្រើនដងមកហើយ ប៉ុន្តែអ៊ីរ៉ង់ ហាក់ដូចជាមិនញញើតឡើយ។

(រូប៖ Reuters)

ដូច្នេះហើយ មានការចោទជាសំណួរថា តើលោកត្រាំ មានបំណងអ្វីឲ្យប្រាកដ ទើបគាត់តែងតែគំរាមបែបនេះ? 

ជុំវិញរឿងនេះ លោក Joey Hood អតីតអ្នកការទូតជាន់ខ្ពស់របស់អាមេរិក ដែលធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូត ប្រចាំប្រទេសទុយនីស៊ី យល់ឃើញថា ការគំរាមលោក ត្រាំ គឺដើម្បី រក្សាអំណាចចរចា ឬគេតែងហៅថា «សង្កត់តុចរចា»។

(រូប៖ Reuters)

តាមសម្តីលោក Hood ដែលដកស្រង់ផ្សាយដោយ Al Jazeera កាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, សម្រាប់ការគំរាមរបស់លោក ត្រាំ លើកនេះ ហាក់ដូចជាការប៉ុនប៉ងមួយ ដើម្បីរក្សាកម្រិត នៃអំណាចចរចាមួយចំនួន បន្ទាប់ពីអំណាច ដូចជាថយអស់ច្រើនដែរ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MoU)។

តាមទស្សនៈរបស់លោក Hood, MoU នេះ ហាក់ដូចជាគ្មានមូលដ្ឋានច្បាស់លាស់សោះ។ ជាឧទាហរណ៍ ទាំងរដ្ឋាភិបាលលីបង់ និងរដ្ឋាភិបាលអ៊ីស្រាអែល មិនត្រូវបានរាប់បញ្ចូល ក្នុងការចរចាឡើយ ប៉ុន្តែពេលនេះ បែរជាត្រូវបានគេអំពាវនាវ ឲ្យអនុវត្តបទឈប់បាញ់រវាងក្រុមហេសបូឡា និងកងទ័ពអ៊ីស្រាអែលទៅវិញ។ 

(រូប៖ Reuters)

ដូច្នេះ វាគឺជារឿងដែលកំពុងផ្តល់អំណាចវេតូ ទៅឲ្យអ៊ីរ៉ង់ លើប្រទេសលីបង់, ជាអ្វីដែលអ៊ីរ៉ង់ មិនសមនឹងទទួលបានទាល់តែសោះ ព្រោះអ៊ីរ៉ង់ គឺជាអ្នកជំរុញឲ្យមានអស្ថិរភាពនៅទីនោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នេះគឺជាសម្ពាធដ៏ធ្ងន់របស់អ៊ីរ៉ង់។

ចំណែក បើយោងតាមអត្ថបទរបស់វិទ្យាស្ថានដូហា មានមូលដ្ឋាននៅប្រទេសកាតា, លោក ត្រាំ តែងតែជឿជាក់លើការចរចា ពីទីតាំងដែលមានឥទ្ធិពលជាង។ ការគំរាមវាយប្រហារខាងយោធា ឬការព្រមានបំផ្លាញប្រទេសអ៊ីរ៉ង់ ត្រូវបានប្រើប្រាស់ជាឧបករណ៍សង្គ្រាមចិត្តសាស្ត្រ ដើម្បីធ្វើឲ្យភាគីម្ខាងទៀត ភ័យខ្លាច ធ្លាក់ក្នុងស្ថានភាពទន់ជ្រាយ និងបង្ខំចិត្តយល់ព្រមតាមការទាមទាររបស់លោក។ លោកយល់ថា សម្ពាធខ្លាំងបំផុត នឹងបង្កើតឲ្យមានកិច្ចព្រមព្រៀងដ៏ល្អបំផុត៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម