សេដ្ឋកិច្ច
ឧកញ៉ា គីម ហ៊ាង ៖ ខ្ញុំអត់មានរកស៊ីអីទេក្រៅពីដីធ្លី និយាយរួមមុខរបរដីធ្លី គឺខ្ញុំច្បាស់ដូចថ្ងៃ
ស្របពេលក្រុមហ៊ុន និងអាជីវកម្មមួយចំនួន បានផ្អាកដំណើរការ ឬក៏កាត់បន្ថយទំហំអាជីវកម្ម និងមុខជំនួញរបស់ពួកគេ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩នោះ តែបែរជាអ្នកជំនួញផ្នែកអចលនទ្រព្យមួយរូប គ្រោងប្រកាសបើកលក់គម្រោងបុរីថ្មីមួយទៀត នាពេលឆាប់ៗ នេះ។
អ្នកជំនួញរូបនោះ គឺលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនKW Cambodia និងKhmer Real Estate។ លោក គីម ហ៊ាង មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែតុលានេះថា មូលហេតុដែលលោកគ្រោង បើកគម្រោងបុរីថ្មីមួយទៀត ស្របពេលជំងឺកូវីដ-១៩ មិនថមថយខ្លាំងនោះ ក៏ព្រោះតែលោកយល់ថា វាជាឱកាសល្អ និងថាអចលនទ្រព្យ ជាមុខរបររបស់លោកជិត ២០ឆ្នាំមកហើយ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា ការរកស៊ីមានកត្តារួមផ្សំជាច្រើន ដែលទីមួយពាក់ព័ន្ធនឹងកត្តាសមត្ថភាពផ្ទាល់ខ្លួនឯងជារឿងសំខាន់។ លោកបានប្រឡូក្នុងវិស័យអចលនទ្រព្យរយៈពេល ១៧ឆ្នាំមកហើយ។ ដូច្នេះលោកយល់ច្បាស់ទៅលើ ការទិញ-លក់ ជួល វាយតម្លៃ គ្រប់គ្រង ក៏ដូចជាអភិវឌ្ឍន៍ដីធ្លី យ៉ាងស្ទាត់ជំនាញ ដែលនេះជាមូលដ្ឋានគ្រឹះដ៏សំខាន់។ កត្តាទីពីរគឺឱកាស ដោយលោក គីម ហ៊ាង ថា ឱកាសគឺមិនមែនជារឿងមួយ ដែលធ្លាក់ពីលើមេឃនោះទេ តែជារឿងដែលយើងត្រូវស្វែងរកវា ហើយចាប់យកវា និងប្រើប្រាស់វាឲ្យបានត្រឹមត្រូវ។
«ចឹងដោយសារតែ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំបានដល់កម្រិតមួយ គេហៅថា កម្រិតកំពូលនៅក្នុងអាជីពដីធ្លីផ្នែកទិញលក់ហើយ ចឹងបើសិនជាយើងចេះលក់ឲ្យគម្រោងជាច្រើនបាន ហេតុអ្វីយើងមិនសាងសង់លក់ខ្លួនឯង ចឹង ៣ ៤ឆ្នាំចុងក្រោយនេះ ខ្ញុំចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យអភិវឌ្ឍន៍ ហើយក្នុងសម័យកូវីដហ្នឹង មនុស្សជាច្រើនគាត់ឃើញបញ្ហា ប៉ុន្តែខ្ញុំតែងនិយាយលើកទឹកចិត្តខ្លួនឯងថា ដោយសារតែមានបញ្ហាហ្នឹងហើយ មនុស្សជាច្រើនគាត់មិនធ្វើ គឺជាពេលមួយដែលយើងត្រូវធ្វើ»។ នេះជាការលើកឡើងបន្តពីលោកឧកញ៉ា គីម ហ៊ាង ដែលបុគ្គលមួយរូបបាននិងកំពុងជោគជ័យ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
ឧកញ៉ារូបនេះ បានឲ្យដឹងបន្តថា មូលហេតុដែលជំងឺកូវីដ-១៩ មិនទាន់ថមថយខ្លាំងផង តែបែរជាលោកគ្រោងបើកលក់គម្រោងបុរីថ្មីមួយទៀតនោះ ក៏ព្រោះតែជាឱកាសសម្រាប់លោកនាពេលនេះ។ ដីដែលបានលោកទិញ សម្រាប់បើកលក់គម្រោងថ្មីនោះ មានចំនួន ២៥ហិកតា ហើយមានទីតាំងស្ថិតនៅជិតក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មី ដែលដីនៅតំបន់នោះមានតម្លៃខ្ពស់ខ្លាំង។ លោកថា «ចឹងដីតំបន់ហ្នឹង គឺថ្លៃណាស់ ហើយបើយើងនិយាយ ២៥ហិកតាហ្នឹង គឺ លុយច្រើនណាស់ លុយច្រើនមែនទែនម៉ង ដែលធម្មតាគឺយើងអត់មានលទ្ធភាព ទិញដីធំអញ្ចឹងទេ ប៉ុន្តែដោយសារកូវីដៗ មនុស្សជាច្រើនគាត់ខ្លាច គាត់បារម្ភ ហ្នឹងហើយ គឺពេលដែលខ្ញុំត្រូវធ្វើ»។
លោក គីម ហ៊ាង បានអះអាងបន្តថា ក្រោយពេលលោកបានចូលខ្លួនប្រកបអាជីព ក្នុងវិស័យអចលនទ្រព្យរយៈពេលជាង ១៧ឆ្នាំមកនេះ ហើយស្របពេលកំពុងមានការរាតត្បាតជំងឺកូវីដ-១៩ ដែលនាំឲ្យអ្នកដទៃមិនហ៊ានធ្វើ។ ដូច្នេះលោកមានឱកាសទិញដីទំហំ ២៥ហិកតា ដើម្បីយកមកអភិវឌ្ឍន៍ជាសំណង់បុរី សម្រាប់លក់ក្នុងពេលនេះ។ យ៉ាងណាក៏ដោយលោក បានគូសបញ្ជាក់ថា គម្រោងថ្មីរបស់លោក មិនមែនប្រកាសភ្លាម នឹងលក់ភ្លាមនោះទេ ពោលគឺត្រូវការពេលវេលា ៣ ទៅ ៦ខែ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបញ្ជាក់ថា «យើងធ្វើនៅសម័យហ្នឹង គឺគម្រោងមួយមិនមែនថាហើយ ធ្វើភ្លាម សង់ភ្លាមឲ្យជោគជ័យទេ វាត្រូវការពេលវេលា យើងមើលទៅ ដីហ្នឹងខ្ញុំចរចាជិតមួយឆ្នាំ ព្រោះខ្ញុំដឹងថា កូវីដពេលណាធូរស្បើយ ពេលណាដែលអាចបើករកស៊ីបាន ហើយគណនាមុន ហើយខ្ញុំថា បើពិភពលោកយើងបើកវិញ គឺមិនផុតឆ្នាំ ២០២១ ត្រូវបានបើកហើយ ព្រោះអីសេដ្ឋកិច្ចមិនអាចនៅយូរដល់ពីរឆ្នាំ យើងមើលវិបត្តិៗ ជំងឺរាតត្បាតនៅលើពិភពលោក មិនអាចលើសពីរឆ្នាំបានទេ បើ លើសពីពីរឆ្នាំពិភពលោកយើងប្រែប្រួលហើយ ប្រទេសជាច្រើនគឺបើកហើយ ចឹងរយៈពេលជិតមួយឆ្នាំហ្នឹង គឺយើងចរចាយ៉ាងម៉េចឲ្យចុងឆ្នាំនេះស៊ីញ៉េទិញឲ្យបាន ចឹងយើងស៊ីញ៉េទិញបានមែន»។
លោក គីម ហ៊ាង គូសបញ្ជាក់ទៀតថា ដើម្បីអភិវឌ្ឍន៍គម្រោងដ៏ធំក្នុងពេលឆាប់ៗ ខាងមុខនេះ លោកបានចំណាយពេលជិត ២០ឆ្នាំ ទៅលើវិស័យអចលនទ្រព្យ ចំណាយពេល ៣ ទៅ ៤ឆ្នាំ ដើម្បីសិក្សាពីគម្រោង ចំណាយពេលជិត ១ឆ្នាំ ដើម្បីចរចាគម្រោង និងចំណាយពេលវេលាប្រមាណ ៦ខែទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ។ «ចឹងអ្វីៗ ដែលខ្ញុំធ្វើមិនមែនមកពីកូវីដ មានឬអត់ទេ គឺមកពីខ្ញុំរៀបចំ ១០ ២០ឆ្នាំមុន ចឹងពេលនេះ គឺជាពេលដែលយើងត្រូវធ្វើ ហើយមុខរបរខ្ញុំ ដូចបងប្អូនប្រជាជនជាច្រើន ដឹងហើយថា គីម ហ៊ាង អត់មានរកស៊ីអីទេ ក្រៅពីដីធ្លី ដីធ្លីតាំងពីក ដល់អខ្ញុំធ្វើទាំងអស់ អញ្ចឹងខ្ញុំអត់បារម្ភកូវីដថា យ៉ាងម៉េចទេ ព្រោះអីខ្ញុំ និយាយរួមទៅមុខរបរដីធ្លី សាងសង់ គឺខ្ញុំច្បាស់ដូចថ្ងៃចឹង»។
គួរជម្រាបថា គម្រោងថ្មីរបស់លោកបណ្ឌិត គីម ហ៊ាង នៅលើផ្ទៃដីទំហំ ២៥ហិកតា ជិតក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនោះ មិនមានការសាងសង់ផ្ទះតម្លៃសមរម្យនោះទេ តែនឹងសាងសង់វីឡាទំនើបៗប៉ុណ្ណោះ ដោយសារដីធ្លីនៅតំបន់នោះ មានតម្លៃថ្លៃដែរ ហើយលក្ខណៈពិសេស គឺគ្រប់វីឡានីមួយៗ សុទ្ធតែមានសួនច្បារផ្ទាល់ខ្លួន និងជាប់មាត់ទឹក៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


