Connect with us

សេដ្ឋកិច្ច

អូស្ត្រាលីគ្រោងផ្ដល់ជំនួយជាង៨០លានដុល្លារអូស្រ្ដាលីដល់កម្ពុជា ស្ដារសេដ្ឋកិច្ចឡើងវិញ

បានផុស

នៅ

រដ្ឋាភិបាលអូស្ត្រាលី គ្រោងនឹងផ្ដល់នូវជំនួយប្រមាណ ៨១លានដុល្លារអូស្រ្ដាលីដល់ប្រទេសកម្ពុជា សម្រាប់ឆ្នាំ ២០២២-២០២៣ ដើម្បីជួយគាំទ្រ និងឆ្លើយតបវិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលីនេះ ត្រូវបានបង្ហើបឱ្យដឹងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក Pablo Kang ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្រ្តាលីជាមួយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី០៣វិច្ឆិកាឆ្នាំ២០២២។

នៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានមានប្រសាសន៍ថា ជំនួយទាំងនេះជួយគាំទ្រកម្ពុជាឆ្លើយតបនឹង​វិបត្តិកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងអន្តរកាល ប្រកបដោយភាពធន់ និងបរិយាប័ន្ន ដើម្បីឈាន​ទៅកាន់ប្រទេសដែលមានចំណូលមធ្យមត្រឹមឆ្នាំ ២០ ៣០ ហើយតាមរយៈជំនួយនេះនឹងបន្តពង្រីកចំណងកិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងតែបន្តផ្ដល់នូវការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យ និងថ្មីៗនេះ តាមរយៈ កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី  CAP-RED ដែលបានសម្ពោធដាក់ឱ្យដំណើរ​ការកាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ ។

 លោកឧបនាយករដ្ឋមន្រ្តី បានបន្តថា ការដាក់ឱ្យដំណើរការកម្មវិធី CAP-RED នេះ គឺមិនត្រឹមតែ​ស្របពេល​នឹងខួបគម្រប់ទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរបស់ កម្ពុជា-អូស្ត្រាលី ប៉ុណ្ណោះទេ តែស្របទៅនឹងព្រឹត្តិការណ៍​ដែលប្រទេសកម្ពុជា បាននិងកំពុងធ្វើជាប្រធានអាស៊ានប្តូរវេន និងកំពុងរៀបចំខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់ កិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ -១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ។

លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកអគ្គរាជទូត ក្នុងការជួយ​ជំរុញឱ្យមានវឌ្ឍនភាពប្រកបដោយផ្លែផ្កានៃកម្មវិធី CAP-RED ក្រោមកិច្ចសហការពីភាគីពាក់ព័ន្ធនានា និងបានវាយតម្លៃខ្ពស់ចំពោះបច្ចុប្បន្នភាពអាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាល អូស្រ្ដាលី​សម្រាប់កម្ពុជា ដែលមានលក្ខណៈស្របគ្នានឹងអាទិភាពគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងសង្ឃឹមជឿជាក់ថា អាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍ដែលស្របទៅនឹងទស្សនវិស័យរួម កម្ពុជា-អូស្ត្រាលី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យសម្រេចបាននូវផលទ្ធផលកាន់តែល្អប្រសើរ ។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និង ឯកឧត្តមឯកអគ្គរាជទូត Pablo Kang បានសម្តែងនូវសុទិដ្ឋិនិយម​ចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី លើគ្រប់វិស័យ ជាពិសេស រួមសហការគ្នា​អនុវត្តកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ឱ្យអនុវត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទន។

ឯកអគ្គរាជទូតអូស្រ្តាលី បានកោតសរសើរ និងថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានដើរតួនាទី និងប្ដេជ្ញាយ៉ាងមុតមាំ ក្នុងកិច្ចសហការជាមួយភាគីភាគីពាក់ព័ន្ធនានា ដែលអនុវត្តគម្រោងក្រោមជំនួយ​អភិវឌ្ឍន៍​របស់ប្រទេស​អូស្ត្រាលីនាពេលកន្លងមក ៕ អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម