សេដ្ឋកិច្ច
វិស័យអចលនទ្រព្យកម្ពុជាអាចងើបឡើងសន្សឹមៗក្រោយចិនបើកប្រទេសតែអ្នកសេដ្ឋកិច្ចថាវិស័យនេះទុំជោរហើយ
អ្នកជំនាញអចលនទ្រព្យមើលឃើញថា វិស័យអចលនទ្រព្យកម្ពុជា នឹងងើបឡើងវិញសន្សឹមៗ ក្រោយពីចិនបើកប្រទេស ដោយក្រុមអ្នកវិនិយោគចូលមកជាថ្មីម្តងទៀត។ តែអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា វិស័យនេះបានទុំជោរ និងឡើងដល់កម្រិតកំពូលហើយ នឹងមិនធ្វើឱ្យមានកំណើនខ្លាំងប៉ុន្មានទៀតទេ។

លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានធ្វើការអត្ថាធិប្បាយថា វិស័យអចលនទ្រព្យកម្ពុជា រីកចម្រើនកាលពីមុនកើតមានវិបត្តិកូវីដ ដោយសារការហូរចូលនៃវិនិយោគចិន ដែលជំរុញឱ្យវិស័យនេះមានការកើនឡើងខ្លាំង។ តែមួយរយៈចុងក្រោយ វិស័យអចលនទ្រព្យនៅទ្រឹង និងធ្លាក់ចុះនៃការទិញលក់ ដោយសារការថមថយនៃវិនិយោគជនជាតិចិន។
លោកឧកញ៉ា សុខនឿន មើលឃើញថា ក្រោយពីចិនបើកប្រទេសឡើងវិញ បង្ហាញឱ្យឃើញពីសញ្ញាល្អនៃការកើនឡើងផ្នែកអចលនទ្រព្យ ប្រើសិនបើចិនចូលមកច្រើន និងធ្វើការវិនិយោគលើវិស័យនេះ នឹងឆាប់ត្រឡប់ទៅស្ថានភាពដូចដើមវិញ។

លោកឧកញ៉ាបន្តដូច្នេះថា«ប្រសិនបើពួកគាត់បន្តមានការវិនិយោគច្រើនដូចមុន នោះសន្ទុះនៃវិស័យអលចនទ្រព្យនឹងបន្តកើនឡើង តែបើសិនជាមានការបើកច្រកចិនមែនពិត តែចិនមិនមកវិនិយោគ ក៏មិនសង្ឃឹមថា មានប្រតិបត្តិការកើនឡើងដែរ»។
លោកឧកញ៉ា បានន្ថែមថា« សម្រាប់ជាមតិខ្ញុំ យើងសម្លឹងមើលថា តើរដ្ឋាភិបាលរបស់យើងមានយុទ្ធសាស្រ្ត គោលនយោបាយបែបណា ដើម្បីទាក់ទាញឱ្យជនជាតិចិនចូលមកវិនិយោគនៅកម្ពុជា»។
ចិនបើកប្រទេសឡើងវិញនេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាកម្រើកឡើង ជាពិសេសទៅលើផ្នែកជួល។ នេះជាការលើកឡើងរបស់លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ។ លោកឧកញ៉ា ថ្លែងថា ទោះយ៉ាងណាក្នុងកាលៈទេសៈនេះ ទាំងទេសចរ និងវិនិយោគចិននៅមិនទាន់ចេញពីប្រទេសខ្លាំងក្លានៅឡើយ ដោយសារកៀកនឹងចូលឆ្នាំចិន។ ប៉ុន្តែចាប់ពីចុងខែ២ ទៅ លោកមានសុទិដ្ឋិនិយមថា នឹងមានកំណើន។
ចំពោះសន្ទុះនៃការងើបឡើងរបស់វិស័យអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី ព្យាករថា អាចនឹងត្រូវការពេលរហូតដល់ត្រីមាសទី៤ ឬចុងឆ្នាំនេះ ទើបអាចមានស្ថានភាពល្អប្រសើរច្រើន។

«បើទោះបីជាមានវិនិយោគចិនចូលមក ក៏មិនអាចជួយស្រោចស្រង់ស្ថានភាពដែលបានធ្លាក់ចុះ នៃបណ្តាឆ្នាំកន្លងមក បានលឿនដែរ ដូច្នេះត្រូវការពេលវេលា…ពួកគាត់មកជាជំហានដំបូងត្រូវដោះស្រាយ បញ្ហាចាស់ៗដែលបានជាប់គាំង កាលពីអំឡុងកូវីដ ពីរបីឆ្នាំកន្លងមកនេះ»។
បើតាមលោកឧកញ៉ា ឃាង ពុទ្ធី ប្រភេទអចលនទ្រព្យដែលមានតម្រូវការនាពេលនេះ គឺសំដៅដល់ដីឡូតិ៍ធំៗ អាចមានទំហំពី ៤០០ម៉ែត្រការ៉េឡើងទៅ ដូចជា ១៥x២៥, ២០x២០,២០x៣០ ដែលប្រជាជនអាចទិញយកទៅសាងសង់ផ្ទះរស់នៅផង ឬធ្វើជាឃ្លាំង ជាដើម។ លើសពីនេះទៀត ប្រភេទលំនៅឋានដែលមានតម្លៃក្រោម ១០ម៉ឺនដុល្លារ និងខុនដូមានតម្លៃទាបសមរម្យ ក៏ជាផ្នែកមួយនៃតម្រូវការនាពេលបច្ចុប្បន្នផងដែរ។
ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ឃើញថា ការទុំជោរ និងការឡើងដល់កម្រិតកំពូលនៃវិស័យអចលនទ្រព្យ នឹងមិនធ្វើឱ្យវិស័យនេះមានកំណើនខ្ពស់ប៉ុន្មានទៀតនោះទេ នៅឆ្នាំ ២០២៣នេះ។ ដោយលោកលើកឡើងថា«យើងកុំរំពឹងវិស័យនេះតទៅទៀត ដោយចាត់ទុកថា វាជាធាតុមួយថេរ»។ លោក មើលឃើញថា វិស័យនេះ មិនសូវមានឥទ្ធិពលខ្លាំងដូចកាលពីប៉ុន្មានឆ្នាំមុន ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតឡើយ។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា ក្នុងឆ្នាំ ២០២៣នេះ វិស័យសំណង់ និងអចលនទ្រព្យ នឹងបន្តងើបឡើងសន្សឹមៗ ក្នុងអត្រា ១,៧% និង ១,៤% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុក ផ្តោតលើទីផ្សារអចលនទ្រព្យ លំនៅដ្ឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់តម្រូវការ អនិវេសជន ត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ