Connect with us

សេដ្ឋកិច្ច

ទីផ្សារអចលនទ្រព្យ និងតួនាទីសារព័ត៌មានក្នុងអាជីវកម្ម នឹងត្រូវលើកយកមកវិភាគសុីជម្រៅដោយក្រុមអ្នកជំនាញ នៅដើមខែកក្កដាខាងមុខ

បានផុស

នៅ

វេទិកាប្រមូលផ្តុំដោយអ្នកអភិវឌ្ឍន៍ជាតិ-អន្តរជាតិ រួមជាមួយអ្នកជំនាញផ្នែកសេដ្ឋកិច្ច សារព័ត៌មាន និងបច្ចេកវិទ្យា AI នឹងត្រូវរៀបចំឡើងនាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីពិភាក្សា ចែករំលែក និងវិភាគស៊ីជម្រៅពីនិន្នាការទីផ្សារអចលនទ្រព្យ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ។

ការពិភាក្សានេះ នឹងធ្វើឡើងក្រោមប្រធានបទ «យុទ្ធសាស្ត្រនៃការផ្សារភ្ជាប់រវាងម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មាន ក្នុងបរិបទ AI និងការវិនិយោគអចលនទ្រព្យ» ដោយគ្រោងធ្វើរយៈពេល១ថ្ងៃពេញ នៅទីតាំង The Factory Phnom Penh តាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា និងជាសហស្ថាបនិកគេហទំព័រ Propertyarea.asia បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង គឺដោយមើលឃើញថា វិស័យអចលនទ្រព្យកំពុងមានកំណើនយឺត ជាហេតុជំរុញឱ្យម្ចាស់អាជីវកម្ម និងអ្នកសារព័ត៌មានចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីផ្តល់ព័ត៌មាន និងការវិភាគដែលមានគុណភាពដល់សាធារណជន និងអ្នកវិនិយោគ។

លោកបន្តថា វាគ្មិនលំដាប់ជាតិ និងអន្តរជាតិ នឹងចែករំលែកនូវចំណេះដឹង និងទស្សនវិស័យដ៏មុតស្រួចក្នុងទីផ្សារបច្ចុប្បន្ន ព្រមចក្ខុវិស័យនាពេលអនាគតដល់អ្នកចូលរួម។

កម្មវិធីនេះ ក៏នឹងមានការចូលរួមពីលោកបណ្ឌិត Ben Li អគ្គនាយកក្រុមហ៊ុន Urban Hub និងជាអ្នកអភិវឌ្ឍន៍គម្រោង Urban Village ជាមួយទំហំទុនរាប់រយលានដុល្លារ, លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកគម្រោង Victoria Park និង Heritage Park នៅខេត្តកណ្តាល និងសៀមរាប, លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA និងជាអគ្គនាយកសារព័ត៌មាន Speak News ព្រមទាំងលោក យិន លាងគង់ ដែលនឹងចែករំលែកបទពិសោធទាក់ទងនឹងការប្រមូលព័ត៌មាន ការវិភាគទីផ្សារអចលនទ្រព្យ និងការវាយតម្លៃមុនការសម្រេចចិត្តវិនិយោគ។

បន្ថែមពីនេះ ក៏នៅមានលោក អុិន មាន អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI), លោក កៃ គឹមសុង អតីតនិពន្ធនាយកសារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងបច្ចុប្បន្នជាចាងហ្វាងសារព័ត៌មាន Amazadia ព្រមទាំងលោក អាន ច័ន្ទថ្លា និពន្ធនាយកសារព័ត៌មានអនឡាញ CEN នឹងចូលរួមចែករំលែក ក៏ដូចជាផ្តល់ការវិភាគអំពីស្ថានភាពសារព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។

បើតាមលោក យិន លាងគង់ កម្មវិធីដ៏មានសារៈសំខាន់នេះ នឹងផ្តល់ជាធាតុចូលនៃមូលដ្ឋានចំណេះដឹង ការវិភាគស៊ីជម្រៅលើទិដ្ឋភាពសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាឱកាសដ៏មានតម្លៃសម្រាប់អ្នកដែលចង់សិក្សា ស្វែងយល់ និងវិភាគលើបញ្ហាអាជីវកម្ម ក្នុងបរិបទសេដ្ឋកិច្ចដែលកំពុងមានភាពមិនប្រាកដប្រជានេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម