ព័ត៌មានជាតិ
អ្នកជំណាញសេដ្ឋកិច្ច៖ ហេតុអ្វីបានជាពលករខ្មែរនៅតែបន្តចំណាកស្រុកទៅថៃទាំងខុសច្បាប់ បើទោះបីជាមានឱកាសការងាររាប់ម៉ឺនកន្លែងនៅក្នុងស្រុកក៏ដោយ?
ភ្នំពេញ ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានខិតខំប្រឹងប្រែងប្រមូល និងផ្សព្វផ្សាយពីឱកាសការងារគ្រប់ទម្រង់ ដើម្បីផ្ដល់ជូននូវឱកាសការងាររាប់ម៉ឺនកន្លែងដល់អតីតពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃ ដោយក្នុងនោះមានអតីតភាគច្រើនបានចាប់យកឱកាសការងារតាមរយៈវេទិកាការងារនៅមូលដ្ឋានរបស់ខ្លួន, ទាក់ទងទៅលេខ ១២៩៧, ពិព័រណ៍ការងារនៅតាមទីប្រជុំជន និងក្រោមរូបភាពផ្សេងៗជាច្រើនទៀត។
ដោយឡែកនៅមានបងប្អូនអតីតពលករមួយចំនួនតូច នៅតែមានបំណងចង់វិលត្រឡប់ទៅធ្វើាការងារនៅក្នុងប្រទេសថៃ បើទោះបីជារងការប្រមាថ មើលងាយ មើលថោក ប្រើប្រាស់ហឹង្សា និងការរំលោភបំពានក្រោមរូបភាពផ្សេងៗជាច្រើនពីសំណាក់ជនជាតិថៃក៏ដោយ។ ជុំវិញទឡ្ហីករណ៍ទាំងនេះ អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងនូវកត្តា ៣ចំណុច ដែលធ្វើឱ្យពលករខ្មែរនៅតែបន្តចំណាកស្រុកទៅថៃទាំងខុសច្បាប់។
លោកបណ្ឌិត គី សេរីឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានយល់ឃើញថា «ទី១. ទម្លាប់ប្រជាពលរដ្ឋ ដែលធ្លាប់រស់នៅស្រុកគេ ហើយការរស់នៅក្នុងភូមិស្រុកខ្លួនឯង ធ្វើឱ្យគាត់មិនទម្លាប់ ធ្វើឱ្យគាត់ពិបាក វាទៅជាការប្លែកក្នុងការរស់នៅ។ ទី២. ការយល់ដឹងរបស់គាត់ គាត់នៅតែយល់ថា ទៅធ្វើការនៅក្រៅប្រទេសមានប្រយោជន៍ជាងការធ្វើការនៅក្នុងស្រុក និងទី៣. ការអូសទាញដោយមេខ្យល់ដែលដើរតួនាទីសំខាន់ក្នុងការអូសទាញកម្លាំងពលកម្មឱ្យទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបានប្រាក់កម្រៃពីប្រទេសដែលខ្វះកម្លាំងពលកម្ម»។

លោកបណ្ឌិតបានបន្ថែមថា អាជ្ញាធរភូមិ ឃុំ ដូចជា ក្រុមការងាររាជរដ្ឋាភិបាលដែលជាអាណាព្យាបាលដោយប្រយោលរបស់ប្រជាពលរដ្ឋ ត្រូវជួយលើកទឹកចិត្តពួកគាត់ឱ្យរស់នៅក្នុងស្រុក បំពេញការងារក្នុងស្រុក បង្កើតភាពស្និទ្ធស្នាលជាមួយពួកគាត់ ដើម្បីឱ្យពួកគាត់អាចរស់នៅក្នុងស្រុកភូមិបាន និងអាចបំពេញការងារក្នុងស្រុកវិញបាន។

លើសពីនេះ លោកបណ្ឌិតបានសង្កត់ធ្ងន់ទៅលើប្រធានភូមិ មេឃុំ និងចៅសង្កាត់ គឺមានតួនាទីសំខាន់ណាស់ ក្នុងការផ្ដល់នូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្នុងនោះគឺការរួមចំណែក ដើម្បីបង្កើនធនធានការផលិតនៅក្នុងស្រុកឱ្យបានច្រើន ប្រសើរជាងការជំរុញពួកគាត់ឱ្យទៅធ្វើការនៅក្រៅប្រទេស ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិតាមរយៈការបង្កើតការងារ បង្កើនប្រាក់ចំណូល និងទាកទាញវិនិយោគបរទេសបន្ថែមសម្រាប់ប្រទេសកម្ពុជា។
បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា យន្តការឆ្លើយតប និងអន្តរាគមន៍របស់របស់រាជរដ្ឋាភិបាល ជូនចំពោះបងប្អូនពលករ និងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកកម្ពុជាវិញ ត្រូវបានរៀបចំដាក់ចេញ លក្ខណៈជាប្រព័ន្ធ និងតាមដំណាក់កាល ដើម្បីឱ្យការវិលត្រឡប់ប្រកបដោយសុវត្ថិភាព, កាត់បន្ថយបន្ទុកចំណាយ, ទទួលបានព័ត៌មានឱកាសការងារ និងឱកាសបណ្ដុះបណ្ដាល, ទទួលបានការងារ ប្រាក់ចំណូលសមរម្យ និងការគាំពារសង្គម, ការទប់ស្កាត់ និងកាត់បន្ថយការវិលត្រឡប់ទៅប្រទេសថៃវិញដោយប្រថុយប្រថាន, សក្ដានុពលគាំទ្រឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រសួងការងារ បានសម្របសម្រួល ដើម្បីឱ្យពលករ និងប្រជាពលរដ្ឋអាចឆ្លងកាត់ព្រំដែន, ការទទួលដោយផ្ដល់ភាពកក់ក្ដៅ, ផ្ដល់អាហារ និងសម្រួលមធ្យោបាយធ្វើដំណឹរត្រឡប់ទៅស្រុកកំណើតវិញ។ បង្កើតយុទ្ធនាការចុះឈ្មោះពលករ ដើម្បីផ្គូផ្គងការងារ និងបញ្ជូនទៅវគ្គបណ្ដុះបណ្ដាល និងបំពេញព័ត៌មានតាមលេខ ១២៩៧ ក៏ដូចជា ការបង្កើតយុទ្ធនាការប្រមូលព័ត៌មានឱកាសការងារ និងបណ្ដុះបណ្ដាល។
គួររំលឹកថា រយៈពេលជាង ១ឆ្នាំនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលបានកើតឡើងកាលពីចុងខែឧសភា ឆ្នាំ២០២៥ បានធ្វើឱ្យមានភាពតានតឹងផ្នែកទំនាក់ទំនង ជម្លោះរវាងប្រទេសទាំងពីរ បានជះឥទ្ធិពលដល់ពលករខ្មែរចំណាកស្រុកវិលត្រឡប់មកដែនដីកំណើតវិញប្រមាណជាង ៧៧ម៉ឺននាក់ ក្នុងនោះមានចំនួន ៦៥ម៉ឺននាក់ដែលទទួលបានការងារធ្វើនៅក្នុងស្រុក៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


