ព័ត៌មានអន្ដរជាតិ
ទិន្នផលរោងចក្រចិនខែកក្កដា កើនត្រឹម ៥,១ ភាគរយ តិចជាងការរំពឹងទុក
កំណើនទិន្នផលរោងចក្ររបស់ប្រទេសចិនកាលពីខែកក្កដា បានធ្លាក់ចុះ និងតិចជាងការរំពឹងទុក ដែលជាសូចនាករថ្មីមួយទៀតដែលបង្ហាញថា ការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចចិនកំពុងយឺតយ៉ាវ ទោះបីរដ្ឋាភិបាលចិនដាក់ចេញវិធានការជំរុញផ្សេងៗក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា ទិន្នផលរោងចក្រឧស្សាហកម្មចិនប្រចាំខែកក្កដា បានកើនឡើង ៥,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែធ្លាក់ចុះពីកំណើន ៥,៣ ភាគរយ កាលពីខែមិថុនា និងទាបជាងការរំពឹងទុក ៥,២ ភាគរយ របស់អ្នកវិភាគសេដ្ឋកិច្ច។
ផ្ទុយទៅវិញ សូចនាករសកម្មភាពប្រចាំខែរបស់ NBS បានបង្ហាញថា ការលក់រាយ ដែលជារង្វាស់នៃការប្រើប្រាស់បានកើនឡើង ២,៧ ភាគរយ ក្នុងខែកក្កដា ដោយលឿនជាងការរំពឹងទុក ២,៦ ភាគរយ និងហក់ពីកំណើន ២ ភាគរយក្នុងមិថុនា។ គេមើលឃើញថា នេះជាសញ្ញាថា ការចំណាយរបស់ប្រជាជនកំពុងមានសន្ទុះឡើងវិញ ខណៈនាពេលកន្លងមក កម្សោយនៃតម្រូវការ ពោលគឺការចំណាយរបស់ប្រជាជន គឺជាការព្រួយបារម្ភសំខាន់មួយ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចយឺតយ៉ាវ។
យ៉ាងណាមិញ អ្នកជំនាញនៅតែមើលឃើញថា ទស្សនវិស័យធំជាងនេះ នៅតែមានឧបសគ្គធំសម្រាប់អ្នកបង្កើតគោលនយោបាយ ដែលទាមទារឱ្យរដ្ឋាភិបាលចេញវិធានការជំរុញបន្ថែម ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៤ ខណៈគោលដៅនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលដោយសារកម្សោយនៃសូចនាករសេដ្ឋកិច្ចផ្សេងៗ។

ថ្នាក់ដឹកនាំចិនកាលពីខែមុន បានផ្តល់សញ្ញាថា ពួកគេនឹងផ្តល់ការពិចារណាឱ្យកាន់តែគ្រប់ជ្រុងជ្រោយ ហើយផ្តោតលើកិច្ចប្រឹងប្រែងជំរុញកំណើន ដោយយកចិត្តទុកដាក់លើអ្នកប្រើប្រាស់ដើម្បីបង្កើនតម្រូវការ ជាជាងការបង្កើនមូលនិធិបន្ថែមក្នុងហេដ្ឋារចនាសម្ព័ន្ធ និងការផលិត។
គួរគូសបញ្ជាក់ថា សេដ្ឋកិច្ចចិនបង្ហាញពីសញ្ញាខ្សោយផ្សេងៗ ដែលរួមមានកំណើននៃការនាំចេញយឺតយ៉ាវ និងការធ្លាក់ចុះនៃសកម្មភាពរោងចក្រកាលពីខែកក្កដា ខណៈក្រុមហ៊ុនផលិតក៏រងផលប៉ះពាល់ដោយសារតែតម្រូវការក្នុងស្រុកបន្តធ្លាក់ចុះ។ លើសពីនេះ កំណើនសេដ្ឋកិច្ចចិន បានដើរយឺតជាងការរំពឹងទុកកាលពីត្រីមាសទី ២ ត្រឹម ៤,៧ ភាគរយ ដោយសារអ្នកប្រើប្រាស់នៅតែស្ទាក់ស្ទើរក្នុងការចំណាយ ហើយទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារធំៗកាន់តែតានតឹង ដែលបង្ហាញថា ដំណើរសេដ្ឋកិច្ចយឺតយ៉ាវទំនងជាអូសបន្លាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


