Connect with us

ព័ត៌មានជាតិ

តម្រូវការអ្នកទិញក្នុងស្រុកមានសន្ទុះខ្លាំងសម្រាប់​ទីផ្សារ​ខុនដូ​រនាពេលបច្ចុប្បន្ន

បានផុស

នៅ

ទីផ្សារខុនដូនៅកម្ពុជានៅតែបន្តទាក់ទាញអ្នកវិនិយោគបរទេស ប៉ុន្តែអ្នកទិញក្នុងស្រុកកំពុងពង្រីកចំណែកទីផ្សារនៃការទិញកាន់តែកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមរបាយការណ៍ចុងក្រោយពី Realestate.com.kh​  បច្ចុប្បន្នប្រជាជនកម្ពុជាឥឡូវនេះមានចំណែកទីផ្សារជាង ១៨% នៃការទិញខុនដូ ដែលជានិន្នាការកើនឡើងដែលជំរុញដោយកំណើនសេដ្ឋកិច្ច នគរូបនីយកម្ម និងចំណង់ចំណូលចិត្តនៃការរស់នៅដែលកំពុងវិវត្តទៅរកភាពទាន់សម័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានគូសបញ្ជាក់ថា លំហូរនៃការផ្គត់ផ្គង់​ត្រូវបានរំពឹងទុកនៅត្រឹមចុងឆ្នាំ ២០២៥ នឹងកើនដល់ជាង 9​000 យូនីត​។ ភាគច្រើននឹងគឺស្ថិតនៅតំបន់ជ្រោយចង្វារ និងមានជ័យ (២៧%) បន្ទាប់មកបឹងកេងកង១ (២៤%) និងច្បារអំពៅ (១៣%)។ ចំណែកនេះបង្ហាញពីការអភិវឌ្ឍន៍ខ្លាំងទាំងនៅក្នុងតំបន់ដែលកំពុងរីកចម្រើន និងទីតាំងដែលត្រូវបានបង្កើតថ្មី។

លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh បានទទួលស្គាល់ថា ការស្ទុះងើបឡើងវិញនៃទីផ្សារខុនដូ ក្រោយជំងឺរាតត្បាតកូវីដ១៩ បានជំរុញឱ្យមានតម្រូវការជាថ្មី ប៉ុន្តែលោកបានព្រមានពីកំហុសកន្លងមកថា៖« ខណៈពេលដែលឱកាសមានពិតប្រាកដ ហានិភ័យក៏មានផងដែរ។ អ្នកទិញថ្ងៃនេះត្រូវតែស្វែងរកទីផ្សារដោយប្រុងប្រយ័ត្ន និងផ្តល់អាទិភាពដល់គុណភាពនៃសំណង់អគារ»។

ជាមួយគ្នានេះដែរអ្នកនាង សុទ្ធា វត្តី នាយកផ្នែកលក់នៅ Realestate.com.kh បានកត់សម្គាល់ឃើញពីភាពរីកចម្រើននៃអ្នកទិញ ដោយអ្នកនាងបានស្នើដល់អ្នកអភិវឌ្ឍន៍ត្រូវតែសម្របខ្លួនដោយការផ្តល់ជូននូវផលិតផលកាន់តែប្រសើរ ផែនការទូទាត់កាន់តែមានភាពបត់បែន និងសេវាកម្មកាន់តែល្អជាងមុន។

អ្នកនាងលើកឡើងថា៖«ជាមួយនឹងតម្លាភាពកាន់តែច្រើន និងការរំពឹងទុករបស់អ្នកទិញ វិស័យខុនដូនៅកម្ពុជានៅតែបន្តមានភាពចាស់ទុំ ដែលផ្តល់នូវសក្តានុពលវិនិយោគ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃសក្ដានុពលទីផ្សារ និងកម្រិតជីវភាពរបស់ពលរដ្ឋ និងអតិថិជនបរទេស»។

របាយការណ៍ដដែល សម្រាប់អ្នកទិញដែលជាជនបរទេសនៅតែដើរតួរដ៏សំខាន់ ដែលក្នុងនោះ វិនិយោគិនអាមេរិក (10,3%) សិង្ហបុរី (7%) អង់គ្លេស (6,7%) និងចិន (6,7%)។ សម្រាប់អ្នកទិញក្នុងតំបន់អាស៊ី ជាពិសេសពីសិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម នៅតែមានតម្រូវការខ្ពស់ ខណៈពេលដែលអ្នកវិនិយោគមកពីអឺរ៉ុបខាងលិច និងខាងកើត ជាពិសេសរុស្ស៊ី និងប៉ូឡូញ ក៏កំពុងមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ៕

https://realestatekh.lpages.co/reakh-cambodia-condo-report-download

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម