ព័ត៌មានជាតិ
ឆ្នាំនេះសាវម៉ាវសំឡូតមានទីផ្សារល្អ កសិករក៏លក់បានតម្លៃសមរម្យ
រដូវកាលប្រមូលផលមកដល់សាវម៉ាវសំឡូតមានទីផ្សារល្អជាធម្មតាមិនខុសពីឆ្នាំមុនៗ ដែលកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ៣ ពាន់រៀល ទៅ ៥ ពាន់រៀលក្នុងមួយគីឡូក្រាម។ នេះបើតាមការឱ្យដឹងពីលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង។

ថ្លែងប្រាប់«កម្ពុជាថ្មី» លោក ឈឹម វជិរា បានមានប្រសាសន៍ថា សាវម៉ាវសំឡូតកសិករមិនសូវជាមានដាំច្រើននោះទេ គឺប្រមាណជាង ៥០ ហិតាប៉ុណ្ណោះ ក្នុងនោះ សាវម៉ាវអាចហុចផលប្រមាណជាង ៥០០ តោនក្នុងមួយឆ្នាំ។ យ៉ាងណាមិញ សម្រាប់ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗ សាវម៉ាវមានទីផ្សារល្អជាធម្មតា មិនចាល់ ឬគ្មានអ្នកទិញនោះទេ ដោយកសិករអាចលក់បានមួយគីឡូតម្លៃចន្លោះពី ៣ ពាន់រៀល ទៅ ៥ ពាន់រៀល។
លោកថា «សាវម៉ាវសំឡូតគឺកសិករដាំតាមបែបធម្មជាតិ មិនមានដាក់ថ្នាំឱ្យឆាប់ទុំដែលនាំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគទេ គឺភ្ញៀវក្នុងខេត្ត និងបណ្តាខេត្តនាំគ្នាទៅទិញបេះផ្ទាល់ពីចម្ការ និងខ្លះទៀតកសិករបេះលក់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក មិនមាននាំចេញទៅខាងក្រៅទេ»។

«កសិករមានដាំដុះសាវម៉ាវតិចតួច ហើយបើមានច្រើន គឺពួកគេដាំដុះទុរេនដែលមានផ្ទៃដីជាង ១ ពាន់ហិតាទៅហើយ ដោយឡែកសាវម៉ាវវិញ មានតែកសិករនៅស្រុកសំឡូតទេដែលមានដាំ នៅលើផ្ទៃដីប្រមាណជាង ៥០ហិតាប៉ុណ្ណោះ»។ លោកប្រធានមន្ទីរបន្ថែមបែបនេះ។
ជាមួយគ្នានេះ លោក សយ នី រស់នៅភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បានឱ្យដឹងដែរថា តម្លៃសាវម៉ាវនៅលើទីផ្សារល្អប្រសើរ មិនខុសពីឆ្នាំកន្លងទៅឡើយ ប៉ុន្តែឆ្នាំនេះ ទិន្នផលសាវម៉ាវរបស់លោកមានការធ្លាក់ចុះ ដោយសារតែគ្រោះធម្មជាតិ ដូចជាភ្លៀងធ្លាក់ជោកជាំពេក និងខ្យល់កន្ត្រាក់បោកបក់ម្ដងៗ ដែលធ្វើឲ្យផ្លែសាវម៉ាវរបេះធ្លាក់ចេញពីដើម។
លោក ក៏បានឱ្យដឹងដែរថា កាលពីបេះដំបូង លោកអាចលក់បានតម្លៃ ៨ ០០០ រៀល ក្នុងមួយគីឡូក្រាម ហើយជាទូទៅ សាវម៉ាវ នឹងធ្លាក់តម្លៃបន្តិចម្ដងៗ ដោយសារតែវាសម្បូរពេក ដូច្នេះតម្លៃនឹងធ្លាក់មកនៅ ៦ ០០០ រៀល ឬក៏ ៥ ០០០ រៀល ក៏អាចថាបានក្នុងមួយគីឡូក្រាម។

ដោយយោងតាមរបាយការណ៍តារាងស្ថិតិដំណាំឧស្សាហកម្ម និងសាវប្បកម្មប្រចាំឆ្នាំ២០២៤ របស់មន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ស្រុកសំឡូតមានផ្ទៃដីដាំដុះសាវម៉ាវសរុបប្រមាណ ៥១ ហិតា ក្នុងនោះផ្ទៃដីប្រមូលបានមាន ៤២ ហិតា ដោយអាចហុចផលបានប្រមាណជាង ១២ តោន ក្នុងមួយហិតា និងទទួលបានបរិមាណផលសរុបប្រមាណ ៥១៤ ហិតា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


