Connect with us

ព័ត៌មានជាតិ

ផ្អើលក្រុមហ៊ុនចុះចរចា​ទិញ​ដី​​មួយ​កន្លែងនៅ​​​ស្រុក​សំឡូត ក្រោយ​​អះអាង​មានរ៉ែមាស រ៉ែស្ពាន់​មានតម្លៃ

បានផុស

នៅ

ទីតាំងដីមួយកន្លែង​ដែលប្រភពអះអាង​ថា​មានរ៉ែស្ពាន់រ៉ែមាសដ៏មានតម្លៃ​​កប់​ក្នុងដី ដែលទើបតែបែកធ្លាយដំណឹងនៅពេលថ្មីៗនេះ ក៏ស្រាប់តែមានក្រុមហ៊ុនបានចុះទៅពិនិត្យមើល និងសុំទិញដីដោយតថ្លៃគ្នាព្រោងព្រាតជាមួយនឹងម្ចាស់ដី ប៉ុន្តែទីបំផុតស្ត្រីដែលជាម្ចាស់ដីបានបញ្ជាក់យ៉ាងខ្លីថា “ទុកឱ្យក្រសួងរ៉ែនិងថាមពល ចុះពិនិត្យនិងដាក់ឲ្យក្រុមហ៊ុនណាមួយដែលមានអាជ្ញាប័ណ្ណច្បាស់លាស់”។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយមានការផ្សព្វផ្សាយរកឃើញដីមួយកន្លែងដែលមានរ៉ែស្ពាន់ និងរ៉ែមាស រហូតដល់មានក្រុមហ៊ុនជាច្រើនបានចុះទៅពិនិត្យមើល និង​ធ្វើនិទស្សន៍ពីលើដីដើម្បីពិនិត្យមើលស្ថានភាពរ៉ែនៅក្រោមដីនាតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងដែលគេចុះពិនិត្យមើលនេះគឺស្ថិតនៅចំណុចភ្នំកន្ធៀង ស្ថិតក្នុងភូមិអូររាំងខេន ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលកាលពីមុននៅក្នុងតំបន់នេះគឺផ្លូវមានការពិបាកក្នុងការធ្វើដំណើរ ព្រោះវាជាផ្លូវលំមួយដែលមិនមានការអភិវឌ្ឍ​ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើយ ដោយសារទីតាំងនេះចូលទៅជ្រៅនិងឆ្ងាយពីផ្លូវជាតិ។

តាមរយៈទូរសព្ទ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១ និង ៣០ នាទីរសៀល អ្នកស្រី ឈួន អ៊ន ជាម្ចាស់ដីបានរៀបរាប់ថា ដីនៅក្នុងតំបន់នេះគឺអ្នកស្រីបានទិញនិងកាន់កាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយដីប្រមាណសរុបជាង ១០០ ហិចតា គឺជាកម្មសិទ្ធិសាច់ញាត់​របស់អ្នកស្រី​ទាំងអស់ដែលមានគ្នាប្រមាណ ១០ នាក់។

អ្នកស្រីបានបន្តថា នៅក្នុងរយៈពេល ២៥ ឆ្នាំនៃការរស់នៅលើដីតំបន់នេះ គឺគ្មាននរណាម្នាក់ដឹងថានៅក្រោមដីមានរ៉ែអ្វីនោះឡើយ។ ប៉ុន្តែថ្មីៗនេះប្អូនប្រុសអ្នកស្រី​ ដែលមានចំណែកដីនៅក្នុងតំបន់នេះដែរបានចាប់ផ្ដើមជួលត្រាក់ទ័រឲ្យ​ឈូស​ឆាយធ្វើផ្លូវចូលទៅកាន់ភូមិរស់នៅ ហើយនៅពេលនោះទើបដឹងថាថ្មនៅខាងក្រោមស្រទាប់ដីគឺមានភិនភាគជាប់លោហៈ​មក​ជាមួយដូចជាពណ៌ច្រេះ ពណ៌បៃតង និងពណ៌ទឹកប៊ិច ដូច្នេះហើយទើបពួកគាត់មានការសង្ស័យ ថាប្រាកដជាមានរ៉ែធម្មជាតិអ្វីម្យ៉ាងនៅក្រោមដីជាក់ជាមិនខាន។

ស្ត្រីរូបនេះបានបន្ថែមថា ចាប់តាំងពីពេលនោះមកប្ដីអ្នកស្រី​តែងតែដឹកដុំថ្ម ដែលមានពណ៌ស្អាតទាំងនោះយកមកទុកនៅខាងមុខផ្ទះ ក្រោយពេលចេញពីចម្ការ ដោយសារដុំថ្មទាំងនេះហើយដែលរថយន្តទៅមកឃើញ ក៏បានសុំម្នាក់ពីរបីដុំយកទៅទុកមើល ក្រោយមកទើបដឹងថាថ្មនេះគឺជារ៉ែស្ពាន់ ព្រោះមានបុគ្គលខ្លះដែលបើកឡានទំនើបៗចូលទៅកាន់ទីតាំងនោះហើយក៏មានឧបករណ៍វាស់ស្ទង់ពិនិត្យ និងប្រាប់ទៅស្ត្រីជាម្ចាស់ថា ស្រទាប់ខាងលើគឺជារ៉ែស្ពាន់ ប៉ុន្តែបើយកឲ្យដល់ជម្រៅ ២០ ទៅ ៣០ ម៉ែត្រ គឺអាចមានរ៉ែមាសនៅជាមួយរ៉ែស្ពាន់។

ដោយពាក្យទាំងនេះហើយបានធ្វើឲ្យឧកញ៉ា និងម្ចាស់ក្រុមហ៊ុនធំៗ បានចូលទៅពិនិត្យមើលបន្តកន្ទុយគ្នា ខ្លះក៏សុំចែកពីរហិចតា ខ្លះក៏សុំឲ្យលក់ឲ្យហើយទុកឱ្យគេអ្នករត់ការដោយខ្លួនឯង។ តែទីបំផុតស្ត្រីម្ចាស់ដីបាននិយាយយ៉ាងខ្លីថា ទុកឱ្យក្រសួងរ៉ែនិងថាមពលចុះមកពិនិត្យផ្ទាល់ ហើយបើ​មាន​ក្រុមហ៊ុនណាដែលមានអាជ្ញាប័ណ្ណច្បាស់លាស់នោះអ្នកស្រីមិនប្រកែកឡើយ ក្នុងការចាប់ដៃគ្នារុករករ៉ែនៅក្រោមដីនេះ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម