Connect with us

សេដ្ឋកិច្ច

វិស័យស្រូវអង្ករ ធ្វើឱ្យកម្ពុជាមានលំនឹងសន្តិសុខស្បៀង និងពង្រីកសក្តានុពលពាណិជ្ជកម្ម

បានផុស

នៅ

នៅក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ វិស័យស្រូវអង្ករកម្ពុជាបានធ្វើឱ្យមានលំនឹងសន្តិសុខស្បៀង និងការពង្រីកសក្តានុពលពាណិជ្ជកម្ម និងវិនិយោគដោយបាននាំចេញអង្ករចំនួនជាង ៦៥១ពាន់តោន និងស្រូវចំនួនជាង ៥,១​លានតោននៅឆ្នាំ២០២៤ ដែលផ្តល់ចំណូលសរុបចំនួនជាង ១ ៩៨៧លានដុល្លារសហរដ្ឋអាម៉េរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍នៅនៅក្នុងពិធីខួប ១០ ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៥ ថា វិស័យនេះបានទាញយកការវិនិយោគពីវិនិយោគិនក្នុងស្រុក និងក្រៅប្រទេស និងបានជំរុញឱ្យវិស័យនេះមានការវិនិយោគយ៉ាងគំហុកពីរោងម៉ាស៊ីន​កិនស្រូវមានចំនួនមិនដល់ ១០ទីតាំង បានកើនឡើងរហូតដល់ទៅជាង ៨០ទីតាំង ដែលមានបំពាក់នូវឧបករណ៍សម្ភារៈបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយរបស់ពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រីបានរំលឹកអំពីសាវតារនៃការបង្កើតឡើងនៃសហព័ន្ធស្រូវអង្ករកម្ពុជាកាលពី១០ឆ្នាំមុន ដោយមើលឃើញបញ្ហាប្រឈមចំពោះមុខដែលវិស័យឯកជននៅមានភាពទន់ខ្សោយនៅឡើយ និងខ្វះស្ថាប័នដែលមានភាពជាតំណាងហើយរឹងមាំទៀតសោត លោកបានសម្រេចចិត្តស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើកំណែទម្រង់វិស័យឯកជនមួយនេះ និងបានបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជានេះឡើង។

ជាលទ្ធផលឃើញថា ការធ្វើកំណែទម្រង់នេះបានធ្វើឱ្យវិស័យស្រូវអង្ករកម្ពុជាមានប្រសិទ្ធភាព និងវឌ្ឍនភាពល្អគួរឱ្យកោតសរសើរលើគ្រប់ខ្សែច្រវាក់ផលិតកម្ម និងតម្លៃ។

សមិទ្ធផលរបស់សហព័ន្ធស្រូវអង្ករកម្ពុជាក្នុងរយៈពេល ១០ឆ្នាំនេះ កើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្រោមគោលនយោបាយដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាពិសេសការចូលរួមសហការយ៉ាងជិតស្និទ្ធរវាងក្រសួង​ស្ថាប័នពាក់ព័ន្ធជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ ដែលថ្នាក់ដឹកនាំយើងបានប្រសិទ្ធនាមថា “អង្ករ-មាសស”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ជម្រាបជូនអំពីអត្ថប្រយោជន៍យ៉ាងវិសេសវិសាលរបស់គម្រោងព្រែក​ជីកហ្វូណនតេជោ ដែលក្រោយពីការសាងសង់រួច នឹងជាចំណែកមួយនៃប្រព័ន្ធភស្ដុភារកម្មកម្ពុជាដែលនឹង​ជួយ​សម្រួលដល់ការដឹកជញ្ជូនទំនិញពីកម្ពុជាទៅទីផ្សារអន្តរជាតិបានកាន់តែឆាប់រហ័ស ជំរុញពន្លឿនខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានជាអាទិ៍ផលិតផលស្រូវអង្ករជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម