Connect with us

សេដ្ឋកិច្ច

អាមេរិកជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដោយមានទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ នៅឆមាសទី១

បានផុស

នៅ

សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំជាងគេ ក្នុងចំណោមប្រទេសដែលជាទីផ្សារសំខាន់ៗ របស់​កម្ពុជា​​ក្នុង​ការនាំចេញទំនិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាបាននាំចេញផលិតផល​កាត់ដេរ និងមុខទំនិញសំខាន់ៗ ទៅ​អាមេរិកក្នុងទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ កើន​ឡើង ២៥,៦% ធៀបនឹង​រយៈ​ពេល​ដូច​គ្នានៅឆ្នាំ ២០២៤។ ចំណែកអាមេរិកនាំចូលមកវិញមានទំហំជាង ១៦០ លានដុល្លារ កើនឡើង ២៩%។​ នេះបើយោង​តាមអគ្គនា​យកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា ការនាំចេញរបស់​កម្ពុជា​ទៅ​អាមេរិកនៅតែមានភាពវិជ្ជមាន ខណៈកម្ពុជាកំពុងបន្តស្វែងរកការចរចារលើ​ពន្ធបដិការដែល​បានដាក់ចេញ​ដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ។

​អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា៖ «ពន្ធបដិការរបស់អាមេរិក កាលណាមិនទាន់បាន​អនុ​វត្តទេ យើងមិនអាចសន្និដ្ឋានបានទេ ព្រោះអីកាលប៉ះពាល់យ៉ាងណានោះ លុះត្រាតែចេញហើយ ត្រូវអនុវត្តទៀត ក្នុងរយៈពេលណាមួយបានយើងវាយតម្លៃថា ប៉ះពាល់ឬមិនប៉ះពាល់ ក្នុងការផលិត​នាំចេញទៅអាមេរិក»។

​​លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​បាន​ប្រាប់ឱ្យដឹងនៅថ្ងៃទី ០៨ ខែកក្កដាថា កម្ពុជានៅមានឱកាសចរចាលើពន្ធបដិការ​បន្ថែម​ទៀតជាមួយអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិកបានសម្រេច យកពន្ធលើទំនិញកម្ពុជា ៣៦% ដោយអនុវត្តចាប់ពីថ្ងៃទី ០១ ខែសីហា។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា៖ «យើងនៅមានឱកាសទៅចរចាបន្ថែមទៀត ដើម្បី​បន្ថយអត្រាពន្ធបដិការនេះ យើងនឹងបន្តចរចាដើម្បីបន្ថយត្រាពន្ធនេះផង ក៏ដូចជាការ​ពង្រឹងពង្រីកពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក»។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-អាមេរិកសម្រេច​បានទឹកប្រាក់ជាង ១០ ពាន់លានដុល្លារកើនឡើង ១១% ធៀបនឹង​ឆ្នាំ​ ២០២៣​ ក្នុង​នោះ ​កម្ពុ​ជា​​នាំចេញទំនិញទៅអាមេរិកមានតម្លៃ ៩,៩១ ពាន់លាន​ដុល្លារ កើន​ឡើង ១១,៤% និង​ទំនិញ​អា​មេរិកនាំចូល​មក​​​កម្ពុជាតម្លៃជាង ២៦៤ លានដុល្លារ កើន ២%។

​ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿងសំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និងសម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម