Connect with us

សេដ្ឋកិច្ច

​កិច្ចព្រមព្រៀង​ពន្ធបដិការ ជា​មូលដ្ឋាន​សម្រាប់​កម្ពុជា ​ក្នុង​ការ​តថ្លៃ​ជាមួយអាមេរិកមិនឱ្យពន្ធខ្ពស់ជាង ១៩%​ ក្នុងករណី​មាន​ការ​កំណត់​អត្រា​ពន្ធថ្មី​ៗ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា ​បាន​អនុវត្ត​ការងារ​ចរចា​បញ្ចុះ​ពន្ធបដិការ​ជាមួយ​សហរដ្ឋអាមេរិក​ហើយជា​ផ្លែផ្កា ​កម្ពុជាបានក្លាយជាប្រទេសទី១ ​ដែល​បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ជា​មួយ​សហរដ្ឋអាមេរិក ​កាល​ពីថ្ងៃទី ​២៦ ​តុលា ២០២៥។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ មានប្រសាសន៍នៅថ្ងៃទី ​០៧ ​ឧសភា ២០២៦ថា​ ទោះបីជាតុលាការកំពូល​របស់​សហរដ្ឋអាមេរិក​បាន​សម្រេច​លុបចោល​ពន្ធ​គយ​បដិការនោះក្ដី ប៉ុន្តែ​ផ្អែក​តាម​តាមបុព្វសិទ្ធិ​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក ការដាក់ពន្ធគយនានា ​ក៏នៅ​តែ​អាច​ធ្វើ​ទៅ​បាន។​

​លោក ​ស៊ុន ចាន់ថុល ​បន្ថែមថា៖ «​យើង​នៅតែ​មាន​លទ្ធ​ភាព​ក្នុង​ការ​ចរចា​ជាមួយ​សហ​រដ្ឋអាមេរិក​ ធ្វើយ៉ាង​ណា​ប្រើប្រាស់​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ​ដែល​បាន​សម្រេចកន្លងមក ​ជាមូលដ្ឋាន​ក្នុង​ការ​កំណត់អត្រាពន្ធគយថ្មីៗ​នៅ​ពេលខាងមុខ ​មិន​ឱ្យខ្ពស់​ជាង​អត្រាពន្ធ១៩% ដែលយើងទទួលបានលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មបដិការ​ជាមួយ​សហរដ្ឋ​អាមេរិក»។​

​ក្រុមការងារពិសេសរបស់រាជរដ្ឋាភិបាល​ក៏បានជួប​ជាមួយតំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក​ ដើម្បី​ពិភា​ក្សាគ្នា ​តើអាមេរិក​នៅ​តែ​បន្តគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាជាមួយកម្ពុជា​ ដែល​ផ្ដល់ពន្ធបដិការ ១៩% ឬយ៉ាង​ណា។​ ចម្លើយថា ​គឺនៅតែគោរពនឹងផ្ដល់ពន្ធបដិការ​កម្ពុជា​យ៉ាង​ច្រើន ១៩% ​ដោយសារយើងបាន​ចុះកិច្ច​ព្រម​ព្រៀងរួចហើយ​។​

បើតាមលោក ​ស៊ុន ចាន់ថុល ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ​មានសិទ្ធិប្រើប្រាស់មាត្រាផ្សេងៗ​មួយ​ចំនួន​របស់ច្បាប់​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក ​ដូច​ជាមាត្រា ១២២ ​សព្វថ្ងៃនេះ ​មាត្រានេះ ​ប្រើប្រាន ៦ ​ខែ ​ដាក់ពន្ធ ១០% លើប្រទេសទាំងអស់នៅលើពិភពលោក ដែលនឹងបញ្ចប់នៅថ្ងៃទី ២៤ ខែកក្កដា ២០២៦ ខាងមុខ។​

​ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា សហរដ្ឋអាមេរិកក៏ប្រើមាត្រា ៣០១ ​ឬមាត្រា ២៣២ ​ដើម្បីប្រមូលពន្ធឡើងវិញ​ គាត់លុបបានមែន ប៉ុន្តែប្រធានាធិបតីមានសិទ្ធិ​ អាចដំឡើងបាន​។ ហើយមាត្រា ៣០១ នេះ មិនមានកំណត់អត្រាទេ ចង់ដាក់ ៥០% ក៏បាន ៦០% ក៏បាន ៧០% ក៏បាន។​ ដោយសារយើង​បាន​ចុះកិច្ចព្រមព្រៀងនេះហើយ​ គេមិនយកមាត្រា​ ៣០១ ​មកដាក់ពន្ធលើស ​១៩% ទេ ​ផ្ទុយទៅវិញ​គេបានបញ្ជាក់ប្រាប់យើងថា ​មិនអោយកម្ពុជា​មានពន្ធខ្ពស់ជាង​ប្រទេស​នៅក្នុងតំបន់របស់យើងទេ​ អញ្ចឹងយើង​មិនមានបញ្ហាទេ ​ដោយសារ​យើងបាន​បញ្ចប់ការចរចារួចហើយ។

​លោកឧបនាយករដ្ឋមន្ត្រីអំពាវនាវ​កុំឱ្យអ្នកវិនិយោគ​បារម្ភទោះអាមេរិកប្រើមាត្រា ៣០១ ​មាន​ឈ្មោះកម្ពុជា​ក៏ដោយ​ ក៏មិន​មានបញ្ហាអី​ឱ្យ​មាន​ពន្ធលើសពី​១៩% ​ផ្ទុយទៅវិញ​អាច​ទាប​ជាង​ហ្នឹង​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម