Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៤ ​លាននាក់ក្នុងរយៈពេល៨ខែឆ្នាំនេះ

បានផុស

នៅ

គិត​ចាប់​ពី​ខែមករា ដល់​ខែ​សីហា ឆ្នាំ ២០២៥ ​កម្ពុជា​បានស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមា​ណ ៤ លាននាក់ ​មានការធ្លាក់ចុះ ​៥,៦% ធៀបនឹង​រយៈពេល​ដូចគ្នានៅឆ្នាំ ២០២៤ ដោយសារតែភូមិសាស្ត្រនយោបាយ​បង្កើតឱ្យមានកម្ដៅភ្លើងរវាងកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោង​តាម​ក្រសួងទេសចរណ៍​ ក្នុង​ចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​ ៤ លាន​​នាក់ ​ទេសចរណ៍​ថៃឈរ​នៅ​លំដាប់​លេខរៀងទី១ ចំនួន​ជាង​ ៩៦ ម៉ឺននាក់ ធ្លាក់ចុះ ​២៨,២% វៀតណាម ៨០ ម៉ឺននាក់ ធ្លាក់ចុះ ​ជិត ៧% ចិន ៧៨ ម៉ឺន​នាក់ កើន ៤៥% ​អាមេរិក ១៤ ម៉ឺននាក់ ​ធ្លាក់ចុះ ០,៥% ​ឡាវ ​១២ ម៉ឺននាក់ ​ធ្លាក់ចុះជិត ​៥០%។​

​លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ប្រាប់កម្ពុជាថ្មី ថា ដោយសារតែភូមិសាស្ត្រនយោបាយ​បង្កើតឱ្យមានកម្ដៅភ្លើងរវាងកម្ពុជា-ថៃ រហូតបង្កទៅ​ដល់ការ​បិទព្រំដែន។

​លោកថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយ​ការធ្វើ​ដំណើរ​ ខណៈប្រទេស​ដែលធ្លាប់តែ​ទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏​កាត់​បន្ថយដំណើរផ្លុវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច​ ជំងឺឆ្លង និងគ្រោះធម្មជាតិ។

លោក ធួន ស៊ីណាន ​យល់ឃើញថា៖ «ការធ្លាក់ចុះ ​ប្រមាណ ៥% ​មិនអាក្រកទេសម្រាប់កម្ពុជា ​តែអ្វីដែលយើងត្រូវធ្វើគឺរដ្ឋ ​និងឯកជន​ត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹង​ដង្ហើម​អ្នក​ដ៏ទៃ​ដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ»។​

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា ​វិស័យទេសចរណ៍​បង្ហាញពីការ​បន្តងើប​ឡើងវិញ​នៅ​ក្នុងឆមាសទីមួយឆ្នាំ ២០២៥​ ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ​ពីសាធារណៈរ​ដ្ឋប្រ​ជា​មានិតចិន។ ​

ប៉ុន្តែភាពតានតឹងនៅតាមព្រំដែនជាមួយប្រទេសថៃដែលកំពុងបន្តកើតមាន នឹងរំខាន​ដល់វិស័យទេសចរណ៍ និងសកម្មភាពនានាក្នុងវិស័យសេវាកម្មទូទៅ​នៅក្នុងឆមាស​ទីពីរ​នៃឆ្នាំនេះ និងពេលខាងមុខ៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម