Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកប្រាប់​ចិន​ថា តៃវ៉ាន់ត្រូវតែចូលរួមកិច្ចប្រជុំ APEC ឆ្នាំ​២០២៦ក្នុងលក្ខខណ្ឌស្មើភាព​គ្នា

បានផុស

នៅ

សហរដ្ឋអាមេរិក បាន​​លើក​ឡើង​ថា តៃវ៉ាន់ត្រូវតែត្រូវបានអនុញ្ញាត​ឲ្យ​មានការចូលរួមពេញលេញ និងស្មើភាព នៅពេលដែល​ប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ឆ្នាំ​២០២៦ នៅទីក្រុង Shenzhen បន្ទាប់ពីការត្អូញត្អែរពីទីក្រុងតៃប៉ិថា ទីក្រុងប៉េកាំងបានដាក់លក្ខខណ្ឌរឹតបន្តឹងលើការចូលរួមរបស់ខ្លួន។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក បាននិយាយ​កាល​ពី​៥​ខែ​វិច្ឆិកា​ថា ទីក្រុងវ៉ាស៊ីនតោន«ទទូចលើការចូលរួមពេញលេញ និងស្មើភាពនៃសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ រួមទាំងតៃវ៉ាន់ ដែលហៅថា ចិនតៃប៉ិ – ស្របតាមគោលការណ៍ណែនាំ ច្បាប់ និងការអនុវត្តដែលបានបង្កើតឡើងរបស់ APEC»។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី​រដ្ឋាភិបាលរបស់តៃវ៉ាន់ បានចោទប្រកាន់ទីក្រុងប៉េកាំងថាបានបន្ថែម«លក្ខខណ្ឌជាច្រើន» សម្រាប់គណៈប្រតិភូរបស់ខ្លួនដើម្បីចូលរួមកិច្ចប្រជុំឆ្នាំ​២០២៦។

ក្រសួងការបរទេសចិន បាននិយាយថា ការចូលរួមរបស់តៃវ៉ាន់ត្រូវតែគោរពតាមគោលការណ៍«ចិនតែមួយ» ដែលទាមទារកោះនេះជាផ្នែកមួយនៃប្រទេសចិន ដែលជាជំហរ​ដែលតៃប៉ិបដិសេធយ៉ាងដាច់​អហង្ការ។

សហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា សមាជិក APEC ដែលបានយល់ព្រមដោយឯកច្ឆន្ទនៅឆ្នាំ​២០២៤ សម្រាប់ប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃវេទិកានេះ ប្តេជ្ញាធានាថា គ្រប់​សមាជិក​សេដ្ឋកិច្ចទាំងអស់ចូលរួម«ក្នុង​ភាព​ស្មើ​គ្នា»។ ក្រុង​វ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួននឹងបន្តដាក់សម្ពាធលើទីក្រុងប៉េកាំងសម្រាប់«ការរៀបចំសន្តិសុខ និងពិធីសារដែលការពារអ្នកចូលរួមទាំងអស់»។

តៃវ៉ាន់​ដែល​ចូល​រួម APEC ក្រោម​ឈ្មោះ​ថា ចិន​តៃប៉ិ ហើយ​មិន​បញ្ជូន​ប្រធានាធិបតី​ខ្លួន​ទៅ​កិច្ច​ប្រជុំ​កំពូល​ទេ ដើម្បី​បញ្ចៀស​ជម្លោះ​នយោបាយ។ រដ្ឋាភិបាល​កោះ​នេះ​អះអាង​ថា ចិន​គ្មាន​សិទ្ធិ​តំណាង​ឲ្យ​តៃវ៉ាន់​ជា​អន្តរជាតិ​ឡើយ ទោះ​បី​ជា​គ្មាន​សមាជិក APEC ណា​មាន​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវ​ការ​ជាមួយ​តៃប៉ិ​ក៏​ដោយ។

ប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC ចុងក្រោយក្នុង​ឆ្នាំ​២០១៤ នៅពេលដែលទំនាក់ទំនងឆ្លងកាត់ច្រក​សមុទ្រមានភាពកក់ក្តៅជាងមុនក្រោមការដឹកនាំរបស់​អតីត​ប្រធានាធិបតី Ma Ying-jeou។ យ៉ាង​ណាមិញ ក្នុងឆ្នាំ​២០០១ តៃវ៉ាន់បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុងសៀងហៃ ជុំវិញការខ្វែងគំនិតគ្នាអំពីតំណាងរបស់ខ្លួន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម