Connect with us

ព័ត៌មានអន្ដរជាតិ

យុទ្ធសាស្ត្រថ្មីនៅតំបន់អាកទិក៖ ត្រាំប្តូរពីការគំរាមកំហែងពន្ធមកជាការបង្កើតសម្ព័ន្ធភាពមាស

បានផុស

នៅ

ភាពតានតឹងជុំវិញបញ្ហាកោះ Greenland បានថយចុះកម្តៅយ៉ាងខ្លាំងនៅទីក្រុងដាវ៉ូស កាលពីថ្ងៃពុធ​ទី​២១​ខែ​មករា​ឆ្នាំ​២០២៦ នៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដក​ការគំរាមកំហែង​ពន្ធ​លើប្រទេសដាណឺម៉ាក។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ France24 បន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការ​ណាតូ លោក​ត្រាំ​បានប្រកាសពីចក្ខុវិស័យនៃ «កិច្ចព្រមព្រៀងជាអមតៈ (Ultimate Long-term Deal)»មួយ ដែលប្តូរពីការចង់ទិញកោះដោយបង្ខំ មកជាការបង្កើតកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវិញ ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មសកល និងពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាកទិក។

ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ផ្តោតលើការសាងសង់ប្រព័ន្ធការពារមីស៊ីល «Golden Dome» និងការធានាសិទ្ធិទទួលបានធនធានរ៉ែដ៏មានតម្លៃ ដែលគោលបំណងចម្បងគឺដើម្បីរារាំងមហិច្ឆតាសេដ្ឋកិច្ច និងយោធារបស់រុស្ស៊ី និងចិននៅក្នុងតំបន់ប៉ូលខាងជើង។ លោកត្រាំ បានអះអាងថា នេះគឺជាកិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគី ជាពិសេសលើផ្នែកសន្តិសុខ និងធនធានធម្មជាតិ ហើយលោកក៏បានប្រកាសលុបចោលការដាក់ពន្ធ​ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី១​ខែកុម្ភៈ​ខាងមុខនេះផងដែរ។

ទោះជាយ៉ាងណា ភាគីដាណឺម៉ាកនៅតែប្រកាន់ជំហរប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវតែគោរពតាមអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រដាណឺម៉ាក និងសិទ្ធិសម្រេចវាសនាដោយខ្លួនឯងរបស់ប្រជាជន Greenland។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកបានបង្ហាញថា ការចរចាគួរតែធ្វើឡើងតាមរយៈមធ្យោបាយការទូតឯកជន ជាជាងការបង្ហោះលើបណ្តាញសង្គម។ បច្ចុប្បន្ន លោក​ត្រាំ បានចាត់តាំងអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីការបរទេស Marco Rubio ​ឲ្យ​ដឹកនាំការចរចាបន្ត ដើម្បីប្រែក្លាយក្របខ័ណ្ឌនេះ​ឲ្យ​ទៅជាការពិត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម