Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវការហើយ! ព្រលានយន្តហោះ Palm Beach នៅ រដ្ឋផ្លរីដា ប្តូរទៅ​ឈ្មោះ លោក ដូណាល់ ត្រាំ

បានផុស

នៅ

ព្រលានយន្តហោះអន្តរជាតិ Palm Beach នៅក្នុងរដ្ឋផ្លរីដា ត្រូវបានប្រកាសប្តូរឈ្មោះជាផ្លូវការទៅជា «ព្រលានយន្តហោះអន្តរជាតិប្រធានាធិបតី ដូណាល់ ជេ ត្រាំ» (President Donald J. Trump International Airport) កាលពីថ្ងៃទី៩ ខែកក្កដា ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្លាស់ប្តូរឈ្មោះនេះ គឺជាការបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះមេដឹកនាំសាធារណរដ្ឋ នៅក្នុងរដ្ឋផ្លរីដា ដែលជាទីតាំងនៃលំនៅដ្ឋាន Mar-a-Lago ដ៏ល្បីល្បាញរបស់លោក។ កូនប្រុសរបស់លោក គឺលោក Eric Trump បានថ្លែងប្រាប់ទូរទស្សន៍ Fox News ថា «ខ្ញុំគិតថាមិនមាននរណាម្នាក់ដែលអាចតំណាងឲ្យតំបន់ Palm Beach ឬរដ្ឋផ្លរីដាទាំងមូល បានច្បាស់ជាងលោក ដូណាល់ ត្រាំ នោះឡើយ»។

កាលពីខែមីនាកន្លងទៅ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើច្បាប់អនុញ្ញាតឲ្យប្តូរឈ្មោះព្រលានយន្តហោះនេះ ហើយកូដសម្គាល់ព្រលានយន្តហោះចំនួន ៣អក្សរ របស់ទីភ្នាក់ងារអាកាសចរណ៍ហ្វដឺរ៉ាល់ (FAA) ក៏ត្រូវបានផ្លាស់ប្តូរពី PBI ទៅជា DJT ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ព្រលានយន្តហោះបានបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា អ្នកដំណើរនៅតែត្រូវប្រើប្រាស់កូដចាស់ PBI សម្រាប់ការកក់សំបុត្រយន្តហោះរហូតដល់ថ្ងៃទី១៨ ខែសីហា ទើបប្រព័ន្ធសំបុត្រ ស្លាកបិទវ៉ាលី និងការកក់របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ប្តូរទៅជាកូដថ្មី DJT ទាំងស្រុង ដោយការចំណាយលើការប្តូរឈ្មោះនេះ អស់ប្រាក់ប្រមាណ ៥.៥ លានដុល្លារ។

គួរកត់សម្គាល់ថា ចាប់តាំងពីលោក ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទីពីរ កាលពីឆ្នាំមុនមក ឈ្មោះរបស់លោកត្រូវបានគេយកទៅដាក់ឲ្យស្ថាប័ន គម្រោងរដ្ឋាភិបាល និងសំណង់ធំៗជាច្រើន រួមមាន នាវាចម្បាំងកងទ័ពជើងទឹក, កម្មវិធីទិដ្ឋាការ (Visa) សម្រាប់ជនបរទេសមានទ្រព្យសម្បត្តិ , គេហទំព័រឱសថរបស់រដ្ឋាភិបាល, គណនីសន្សំប្រាក់ហ្វដឺរ៉ាល់សម្រាប់កុមារ និងអគារវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកជាដើម៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម