Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ព្រមានធ្ងន់ៗ​ដាក់​មេដឹកនាំកំពូលអ៊ីរ៉ង់ មុនជំនួបជាប្រវត្តិសាស្ត្រនៅអូម៉ង់

បានផុស

នៅ

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កម្រិតអាសន្ន ខណៈដែលភាគីទាំងពីរត្រៀមបើកកិច្ចចរចាផ្លូវការជាលើកដំបូងនៅទីក្រុង Muscat ប្រទេសអូម៉ង់ បន្ទាប់ពីក្រុង​វ៉ាស៊ីនតោន​បានវាយប្រហារតាមអាកាសលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់កាលពីឆ្នាំមុន។

លោក​ត្រាំ និង​លោក Khamenei (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចេញ​ផ្សាយ​របស់ 9News ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានយ៉ាងធ្ងន់ៗទៅកាន់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ថាគួរតែមានការព្រួយបារម្ភ​ឲ្យ​មែនទែន ចំពោះមុខការដាក់ពង្រាយកម្លាំងយោធាអាមេរិកនៅក្នុងតំបន់ និងការគំរាមកំហែងវាយប្រហារជាថ្មី បើអ៊ីរ៉ង់នៅតែបន្តការបង្ក្រាបលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ឬព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញនៅទីតាំងថ្មី។ លោកត្រាំ បានអះអាងថា ការបំផ្លាញចោលនូវទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នាពេលកន្លងមក គឺជាកត្តាចាំបាច់សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ា ដែលធ្វើ​ឲ្យ​បណ្តាប្រទេសអារ៉ាប់លែងមានភាពភ័យខ្លាចដូចមុន។

ដ្បិត​​ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងបេសកជនពិសេសអាមេរិក លោក Steve Witkoff ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃសុក្រ​ទី​៦​ខែ​កុម្ភៈ​នេះ ប៉ុន្តែ​ភាគីទាំងពីរមានរបៀបវារៈខុសគ្នាស្រឡះ។ ខាងរដ្ឋបាលលោកត្រាំ ក្រោមការបញ្ជាក់ពីរដ្ឋមន្ត្រី​ការបរទេស​ Marco Rubio ចង់​ឲ្យ​ការចរចាគ្របដណ្តប់លើបញ្ហាយ៉ាងទូលំទូលាយ រួមមានកម្មវិធីមីស៊ីលបាលិស្ទីក ការគាំទ្រក្រុមភេរវករ និងការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្លួនឯង។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានប្រកាសជំហរថា កិច្ចពិភាក្សានឹងកម្រិតត្រឹមតែរឿងនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ចដែលជាតម្រូវការចម្បងរបស់ពួកគេប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា ពួកគេនឹងធ្វើការចរចាដោយផ្អែកលើអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។

ស្របពេលដែលអ្នកការទូតត្រៀមជួបគ្នា ស្ថានភាពយោធានៅតែមានភាពផុយស្រួយបំផុត ដោយអ៊ីរ៉ង់បានប្រកាសដាក់ពង្រាយមីស៊ីលបាលិស្ទីករយៈចម្ងាយឆ្ងាយ «Khorramshahr 4» ដែលមានសមត្ថភាពបាញ់បានជិត ២០០០គីឡូម៉ែត្រ នៅតាមមូលដ្ឋានសម្ងាត់ក្រោមដីរបស់ឆ្មាំបដិវត្តន៍។ ជាមួយគ្នានេះ ឧប្បត្តិហេតុនៅសមុទ្រអារ៉ាប់ និងច្រកសមុទ្រ Hormuz រវាងនាវាចម្បាំងអាមេរិក និងយន្តហោះដ្រូន រួមទាំងនាវាល្បាតអ៊ីរ៉ង់ បានធ្វើ​ឲ្យ​បណ្តាប្រទេសជិតខាងខ្នះខ្នែង​ធ្វើជាអាជ្ញាកណ្តាល ដើម្បីទប់ស្កាត់កុំ​ឲ្យ​ផ្ទុះសង្គ្រាម​ធំដែលអាចបង្កអស្ថិរភាពដល់តំបន់ទាំងមូល។ ការចរចានៅអូម៉ង់លើកនេះ មិនត្រឹមតែជាការសាកល្បងផ្លូវការទូតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការកំណត់វាសនានៃសន្តិសុខសកល នៅក្នុងយុគសម័យដែលមហាអំណាចទាំងពីរប្រើប្រាស់ទាំងការចរចា និងកម្លាំងបាយដាក់គ្នាទៅវិញទៅមក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម