Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ព្រមានបិទច្រក Hormuz ទាំងស្រុង បើ ត្រាំ ហ៊ានកម្ទេចរោងចក្រថាមពលរបស់ខ្លួនមែន

បានផុស

នៅ

សង្គ្រាមមជ្ឈិមបូព៌ានៅតែខ្លាំង ឯវិបត្តិការប្រេងសាំងនិងទំនិញក៏លេចចេញសញ្ញាកាន់តែធ្ងន់ធ្ងរទៅៗផងដែរ ស្របពេលអ៊ីរ៉ង់ព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុង ប្រសិនបើលោក ត្រាំ ហ៊ានកម្ទេចរោងចក្រថាមពលរបស់ខ្លួនមែន។

ច្រក​ Hormuz (រូប៖ Reuters)

តាមការផ្សាយរបស់ Guardian កាលពីថ្ងៃអាទិត្យទី២២ខែមីនាឆ្នាំ២០២៦, បញ្ជាការដ្ឋានប្រតិបត្តិការយោធា Khatam Al-Anbiya បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយដោយទូរទស្សន៍រដ្ឋថា៖ «ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់ ត្រូវបានអនុវត្តមែននោះ ច្រកសមុទ្រ Hormuz នឹងត្រូវបិទទាំងស្រុងជាក់ជាមិនខាន ហើយគ្មានថ្ងៃបើកឡើងវិញទេ ទាល់តែរោងចក្រអគ្គិសនីដែលរងការបំផ្លាញនោះ ត្រូវបានសាងសង់ឡើងវិញរួចរាល់»។

កងទ័ពអ៊ីរ៉ង់បញ្ជាក់ថា ខ្លួនក៏នឹងវាយប្រហារផងដែរ លើរោងចក្រអគ្គិសនី ថាមពល និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) របស់អ៊ីស្រាអែល រួមជាមួយនឹងរោងចក្រអគ្គិសនីនៅក្នុងបណ្តាប្រទេសក្នុងតំបន់ណាដែលទទួលឲ្យមានមូលដ្ឋានទ័ពអាមេរិក និងក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិអាមេរិក។ វិធានការទាំងនេះនឹងត្រូវធ្វើឡើងដើម្បីការពារប្រទេសជាតិ និងផលប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់។

ការព្រមាននេះគឺដើម្បីឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គំរាមទុកពេលឲ្យអ៊ីរ៉ង់ ៤៨ ម៉ោង ដើម្បីបើកច្រក Hormuz ឡើងវិញបើក បើមិនដូច្នេះនឹងវាយប្រហារពេញទំហឹងលើរោងចក្រថាមពលរបស់អ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

លោកត្រាំ បង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃសៅរ៍ថា៖ «ប្រសិនបើអ៊ីរ៉ង់មិនព្រម បើកឲ្យពេញលេញ និងដោយគ្មានការគំរាមកំហែងនូវច្រកសមុទ្រ Hormuz ក្នុងរយៈពេល ៤៨ ម៉ោង គិតចាប់ពីពេលនេះតទៅទេនោះ សហរដ្ឋអាមេរិកនឹងវាយប្រហារនិងកម្ទេចចោលនូវរោងចក្រអគ្គិសនីផ្សេងៗរបស់ពួកគេ ដោយចាប់ផ្ដើមពីរោងចក្រដែលធំបំផុតមុនគេ»។

សូមជម្រាបជាថ្មី ការធ្វើចរាចរណ៍ដឹកជញ្ជូនតាមកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាកន្លែងឆ្លងកាត់ ១ ភាគ ៥ នៃប្រេង និងឧស្ម័នរបស់ពិភពលោកក្នុងគ្រាសន្តិភាពនោះ គឺស្ទើរតែបានគាំងជាប់ទាំងស្រុង តាំងពីថ្ងៃដំបូងៗនៃសង្រ្គាមមកម៉្លេះ។

អ៊ីរ៉ង់បញ្ជាក់ថា ច្រក Hormuz គឺបើកចំហសម្រាប់គ្រប់គ្នា លើកលែងតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម