Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួបប្រវត្តិសាស្ត្ររវាងមហាអំណាចទាំងពីរ៖ លោកត្រាំ​ត្រៀមហោះទៅប៉េកាំងនៅខែឧសភាខាងមុខ

បានផុស

នៅ

បន្ទាប់ពីអាក់ខានអស់រយៈពេល៨​ឆ្នាំ ទីបំផុតលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តកំណត់ថ្ងៃធ្វើដំណើរទៅកាន់ប្រទេសចិនវិញហើយ គឺនៅថ្ងៃទី១៤ និង ១៥ ខែឧសភាខាងមុខ។ នេះ​បើ​​តាម​សារព័ត៌មាន The New Daily ចុះ​ផ្សាយ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៦ ដោយ​យោងតាម​សេចក្ដី​ប្រកាសរបស់​សេតវិមាន។​​

លោកត្រាំ និង​លោកស៊ី (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ដំណើរទស្សនកិច្ចនេះដំបូង​ឡើយ​ត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែដោយសារស្ថានភាពសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់កំពុងតែឡើងកម្តៅខ្លាំង ទើបលោកត្រាំ​សម្រេចចិត្ត​លើក​ពេល​បែប​នេះ។ តាមរយៈបណ្តាញសង្គម Truth Social លោកត្រាំ បានបង្ហាញនូវទំនុកចិត្តយ៉ាងខ្លាំងក្នុងការដោះស្រាយទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ដោយលោកបានសរសេរថា លោកពិតជាទន្ទឹងរង់ចាំជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជិនពីង ក្នុងព្រឹត្តិការណ៍ដ៏មហិមានេះណាស់ ហើយលោកក៏មានគម្រោងអញ្ជើញលោកស៊ី ទៅ​កាន់ទីក្រុងវ៉ាស៊ីនតោនវិញនៅចុងឆ្នាំនេះដែរ។

នៅក្នុងជំនួបកំពូលរយៈពេលពីរថ្ងៃខាង​មុខ ពិភពលោកនឹងបានឃើញទាំងពិធីបដិសណ្ឋារកិច្ចយ៉ាងអធិកអធម និងការចរចាបែបការទូតយ៉ាងតានតឹងបំផុត ចាប់ពីរឿងពាណិជ្ជកម្មកសិកម្ម រហូតដល់បញ្ហាដ៏រសើបគឺរឿងកោះតៃវ៉ាន់។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងជួបឧបសគ្គមិនតិចទេ ជាពិសេសបន្ទាប់ពីតុលាការកំពូលអាមេរិកបានកម្រិតអំណាចរបស់លោកត្រាំ ក្នុងការដំឡើងពន្ធលើទំនិញនាំចូល រួមទាំងប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ដែលជាម៉ូយទិញប្រេងធំជាងគេរបស់ចិនទៀតផង។ ទោះបីជាគេរំពឹងថាអាចនឹងមានកិច្ចព្រមព្រៀងល្អៗលើការលក់គ្រឿងបន្លាស់យន្តហោះ ឬផលិតផលកសិកម្មក៏ដោយ ប៉ុន្តែសម្រាប់រឿងតៃវ៉ាន់វិញ ហាក់ដូចជានៅឆ្ងាយពីផ្លូវត្រូវគ្នាណាស់ ព្រោះក្នុងអាណត្តិទីពីរនេះ លោកត្រាំ បានបង្កើនការលក់អាវុធទៅ​​ឲ្យ​តៃវ៉ាន់យ៉ាងខ្លាំងក្លា។

ក្រៅពីបញ្ហាផ្ទាល់ខ្លួន សង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងអង្រួនសេដ្ឋកិច្ចពិភពលោក ក៏នឹងក្លាយជាប្រធានបទដ៏សំខាន់ក្នុងកិច្ចពិភាក្សានេះដែរ។ លោកត្រាំ ចង់​​ឲ្យ​ចិនជួយទប់ស្កាត់អ៊ីរ៉ង់កុំ​​ឲ្យ​បិទច្រកសមុទ្រ Hormuz ប៉ុន្តែរហូតមកដល់ពេលនេះ ខាងទីក្រុងប៉េកាំងហាក់ដូចជានៅរក្សាជំហរមិនទាន់យល់ព្រមនៅឡើយ។ យ៉ាង​ណា​មិញ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់ថា លោកប្រធានាធិបតី ស៊ី ជិនពីង យល់ច្បាស់ពីមូលហេតុនៃការលើកពេលនេះ ហើយខាងអាមេរិកក៏បានប៉ាន់ស្មានដែរថា ប្រតិបត្តិការយោធានៅអ៊ីរ៉ង់អាចនឹងបញ្ចប់ក្នុងរង្វង់ពី ៤ ទៅ ៦សប្តាហ៍ទៀតប៉ុណ្ណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម