Connect with us

ព័ត៌មានអន្ដរជាតិ

JD Vance៖ អាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាព មែនទែនហើយ

បានផុស

នៅ

បើតាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance, ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពមែនទែនហើយ គ្រាន់តែមិនមែនក្នុងពេលឥឡូវប៉ុណ្ណោះ ព្រោះថា នៅមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ដែលតម្រូវឲ្យមានការដោះស្រាយបន្តិចសិន។

អនុប្រធានាធិបតីអាមេរិក JD Vance (រូប៖ Reuters)

ថ្លែងប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរ នៅមិនទាន់និយាយគ្នាដាច់ស្រេចលើលក្ខខណ្ឌមួយចំនួន ហើយក្នុងនោះ ក៏មានទាំងលក្ខខណ្ឌពាក់ព័ន្ធសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

លោកនិយាយថា៖ «ក្រុមអ្នកចរចា កំពុងជជែកគ្នា លើចំណុចមួយចំនួន ដែលក្នុងនោះរួមមានទាំង បញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ផងដែរ។ ដ្បិតយើងមិនទាន់ទៅដល់ចំណុចនោះ ប៉ុន្តែយើងខិតជិតមែនទែនហើយ ហើយយើងនឹងបន្តខិតខំប្រឹងប្រែង លើការងារនេះបន្ថែមទៀត»។

យ៉ាងណា នៅថ្ងៃដដែលនោះ មន្ត្រីអាមេរិក ក៏បានប្រាប់ទៅ BBC ដែរថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយរួចហើយ ដោយចាំតែការអនុម័តពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំ របស់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ។

អនុប្រធានាធិបតីអាមេរិក JD Vance (រូប៖ Reuters)

រឿងអ៊ុយរ៉ាញ៉ូមនេះ គឺជាឧបសគ្គធំមួយ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមប្រគល់សារធាតុនេះ ទៅឲ្យអាមេរិក ដាច់ខាត។

កាលពីខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅឲ្យ​ប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់អាមេរិកទៀតសោត ក៏មិនដែលស្ថិត ក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ ទាល់តែសោះ។

យោងតាមភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), បច្ចុប្បន្ន អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។ សារធាតុដ៏គ្រោះថ្នាក់ទាំងនេះ ត្រូវគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ Isfahan៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម