Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ស្តីឲ្យសម្ព័ន្ធមិត្តអាស៊ី៣ប្រទេសកប់ៗមាត់ ដែលមិនជួយអាមេរិក ក្នុងសង្គ្រាមអ៊ីរ៉ង់

បានផុស

នៅ

ដោយសារតែអ៊ីរ៉ង់មិនអើពើនឹងឱសានវាទរបស់មេដឹកនាំអាមេរិក ដែលគំរាមឲ្យបើច្រកសមុទ្រ Hormuz ហើយថែមទាំងបោះពាក្យឌឺដងទៀតនោះ ស្រាប់តែលោក ដូណាល់ ត្រាំ បែរជាទៅបញ្ចេញកំហឹងដាក់សម្ព័ន្ធអាស៊ី ហើយស្តីបន្ទោសចំៗទៅប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអូស្រ្តាលី ដែលមិនព្រមជួយអាមេរិក។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន (រូប៖ Reuters)

ក្នុងសន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានពន្លះកប់ៗមាត់ទៅសម្ព័ន្ធមិត្តអាស៊ីទាំង៣នេះថា មិនបានជួយអ្វីសោះដល់ប្រតិបត្តិការយោធារបស់អាមេរិកនៅអ៊ីរ៉ង់ ទាំងដែលអាមេរិក មានទ័ពរាប់ម៉ឺននាក់ឈរជើងក្នុងប្រទេសរបស់ពួកគេ ដើម្បីជួយការពារ។

លោកនិយាយទាំងមិនសប្បាយចិត្តថា៖ «យើងមានទាហាន ៥០ ០០០ នាក់នៅជប៉ុន ដើម្បីការពារពួកគេពីកូរ៉េខាងជើង ហើយនៅកូរ៉េខាងត្បូង យើងមានទាហាន ៤៥ ០០០ នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ នៅក្បែរលោក គីម ជុងអ៊ុន ដែលមានអាវុធនុយក្លេអ៊ែរយ៉ាងច្រើន ប៉ុន្តែជប៉ុនមិនបានជួយយើង កូរ៉េខាងត្បូងមិនជួយយើង ហើយអូស្រ្តាលី ក៏មិនជួយយើងដែរ»។

មិនមែនតែសម្ព័ន្ធមិត្តអាស៊ី៣ប្រទេសនេះទេ សូម្បីអង្គការណាតូ ក៏ត្រូវមាត់លោកត្រាំដែរ នៅក្នុងសន្និសី​ទកាសែតនោះ ដោយមេដឹកនាំអាមេរិកបានស្តីឲ្យដែលណាតូមិនព្រមជួយខ្លួនក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនៅសេតវិមាន (រូប៖ Reuters)

លោកត្រាំបន្ទោសថា៖ «មើលចុះ យើងបានទៅរកអង្គការណាតូ! ខ្ញុំមិនទាមទារខ្លាំងពេកទេ ខ្ញុំគ្រាន់តែនិយាយថា បើអ្នកចង់ជួយវាពិតជាប្រសើរណាស់ តែគេតបវិញថា ទេ ទេ ទេ យើងនឹងមិនជួយឡើយ»។

ជុំវិញសង្គ្រាមមជ្ឈិមបូព៌ានេះដែរ ប្រធានាធិបតីអាមេរិក បានគំរាមទៀតហើយថា ប្រទេសអ៊ីរ៉ង់ទាំងមូល ​នឹងត្រូវកម្ទេចចោលត្រឹមមួយយប់ បើគ្មានកិច្ចព្រមព្រៀងមុនថ្ងៃកំណត់នៅថ្ងៃអង្គារនេះទេនោះ។

ថ្លែងនៅសេតវិមានកាលពីថ្ងៃចន្ទទី៦ខែមេសាឆ្នាំ២០២៦ លោកត្រាំនិយាយថា ប្រទេសអ៊ីរ៉ង់ទាំងមូលនឹងត្រូវកម្ទេចចោល ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ លោកលើកឡើងថា អាមេរិកមានផែនការទម្លាក់គ្រាប់បែកកម្ទេចស្ពាននិងរោងចក្រអគ្គិសនីគ្រប់កន្លែង នៅក្នុងប្រទេសអ៊ីរ៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម