Connect with us

ព័ត៌មានអន្ដរជាតិ

​មន្ត្រី​​ជាន់ខ្ពស់​រុស្ស៊ី​ ថា រុស្ស៊ី​​មិនក្បត់គុយបាទេ ទោះបី​​អាមេរិកនិយាយអ្វីក៏ដោយ

បានផុស

នៅ

រុស្ស៊ីនឹងមិនបោះបង់ចោល ឬក្បត់ប្រទេសគុយបាឡើយ ហើយមានគម្រោងជួយកោះកុម្មុយនិស្ត​មួយ​នេះ ដោះស្រាយបញ្ហា​វិបត្តិ​ថាមពលដែលទាក់ទងនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នៅថ្ងៃទី១០ ខែមេសា បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហាវ៉ាណា។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sergei Ryabkov ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីគុយបា ក៏បាននិយាយថា ទីក្រុងមូស្គូមិនមានបំណងដើរចេញពីផលប្រយោជន៍របស់ខ្លួននៅអឌ្ឍគោលខាងលិចនោះទេ មិនថាអាមេរិកអាចនិយាយអ្វីក៏ដោយ។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​ និយាយថា «ខ្ញុំប្រាកដថា ព្រឹត្តិការណ៍ថ្មីៗនេះនៅក្នុងទំនាក់ទំនងរបស់យើង នឹងធ្វើឲ្យយើងឈានទៅមុខដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាដ៏លំបាកបំផុត ដែលកើតចេញពីការបិទផ្លូវខុសច្បាប់ និងមិនអាចទទួលយកបានទាំងស្រុងលើកោះនេះដោយអាមេរិក។ ហេតុដូច្នេះ យើងមិនអាចក្បត់គុយបាបានទេ នោះជារឿងមិនអាចទៅរួចឡើយ យើងមិនអាចទុកពួកគេចោលទេ។ តម្រូវការថាមពលរបស់ប្រទេសគុយបា គឺជាអាទិភាពមួយ មិនអាចខ្វះបាន»។

ទីភ្នាក់ងារសារព័ត៌មានដដែលបានដកស្រង់សម្តីរបស់លោកទៀតថា រុស្ស៊ីមិនមានគម្រោងដើរចេញពីអឌ្ឍគោលខាងលិចទេ មិនថាទីក្រុងវ៉ាស៊ីនតោនអាចនិយាយអ្វីក៏ដោយ។ ពួកគេកំពុងតែគិតចង់រុញរុស្ស៊ី និងចិនចេញពីតំបន់នេះ។ ការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ បញ្ជាក់យ៉ាងច្បាស់ថា ការប្រើប្រាស់កម្លាំង ទណ្ឌកម្ម និងបទបញ្ជានយោបាយមិនបង្កើតលទ្ធផលដែលចង់បានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម