Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌាកោះហៅទូតអ៊ីរ៉ង់ ជុំវិញការវាយប្រហារកប៉ាល់ដឹកប្រេងឥណ្ឌា នៅច្រក Hormuz

បានផុស

នៅ

ក្រសួងការបរទេសឥណ្ឌា បានបញ្ជាក់កាលពីថ្ងៃទី ១៨ មេសាថា ទីក្រុងញូវដេលីបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការបាញ់ប្រហារលើនាវាដឹកប្រេងឆៅពីរគ្រឿងដែលដោតទង់ជាតិឥណ្ឌា ខណៈពេលកំពុងព្យាយាមឆ្លងកាត់ច្រក Hormuz។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន thedailystar

ការវាយប្រហារនេះបានកើតឡើង បន្ទាប់ពីទីក្រុងតេហេរ៉ង់ប្រកាសថា ខ្លួនកំពុងដាក់កម្រិតឡើងវិញលើការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ ដោយបដិសេធការប្រកាសរបស់ខ្លួនអំពីការបើកពេញលេញដល់នាវាពាណិជ្ជកម្មកាលពីថ្ងៃទី១៧ ខែមេសា។

រដ្ឋមន្ត្រីការបរទេស Vikram Misri (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍ពីក្រសួង ឥណ្ឌាបានកោះហៅឯកអគ្គរដ្ឋទូតទីក្រុងតេហេរ៉ង់ប្រចាំទីក្រុងញូវដេលី គឺលោក Mohammad Fathali ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេស Vikram Misri។ នៅក្នុងកិច្ចប្រជុំនេះ លោក Misri បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការបាញ់នាវាពីរគ្រឿងនៅក្នុងច្រកសមុទ្រ។

ទីក្រុងញូវដេលីក៏បានអំពាវនាវឲ្យភាគីអ៊ីរ៉ង់ បន្តដំណើរការនៃការសម្របសម្រួលការឆ្លងកាត់របស់នាវាដែលមានគោលដៅឥណ្ឌាឆ្លងកាត់ច្រកសមុទ្រឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសឥណ្ឌាបាននិយាយថា ឯកអគ្គរដ្ឋទូត Fathali នឹងបញ្ជូនការព្រួយបារម្ភរបស់ឥណ្ឌា ទៅកាន់មន្ត្រីនៅទីក្រុងតេហេរ៉ង់។

ដោយឡែក យោងតាមគេហទំព័រស៊ើបការណ៍សម្ងាត់ដែនសមុទ្រ TankerTrackers.com បាននិយាយនៅក្នុងសារមួយលើបណ្ដាញសង្គម X ថា «នាវាឥណ្ឌាពីរគ្រឿងត្រូវបានបង្ខំដោយកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ឲ្យត្រឡប់ទៅទិសខាងលិចវិញ ចេញពីច្រកសមុទ្រ Hormuz។ នាវាមួយក្នុងចំណោមនាវាទាំងនោះគឺជា នាវាដឹកប្រេង VLCC មានទង់ជាតិឥណ្ឌាដែលដឹកប្រេងអ៊ីរ៉ាក់ចំនួន ២ លានបារ៉ែលឯណោះ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម