Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ​​​កំពុងរកមុខ​ភាគីដែល​វាយប្រហារ​លើ​នាវា​ខ្លួន នៅច្រក Hormuz ឲ្យ​ទទួលខុសត្រូវ​

បានផុស

នៅ

កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានថ្កោលទោសក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចំពោះការវាយប្រហារលើនាវាដឹកទំនិញដែលប្រតិបត្តិការដោយក្រុមហ៊ុនដឹកជញ្ជូនកូរ៉េ កាលពីដើមខែនេះ នៅច្រកសមុទ្រ Hormuz​និង​បានប្រកាសថា ខ្លួនមានផែនការឆ្លើយតបវិញ នៅពេលដែលប្រភពនៃអ្នកវាយប្រហារត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់។

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters មន្ត្រីវិមានប្រធានាធិបតី​ ម្នាក់បាននិយាយថា អ្នកជំនាញបាន​​​ធ្វើ​កោសល្យវិច័យបឋមលើការខូចខាតនៅផ្នែកខាងក្រោយនាវា ដែលការវាយប្រហារនោះបានបង្កឲ្យមានអគ្គិភ័យឆាបឆេះក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា។

មន្ត្រីរូបនេះបានបញ្ជាក់ថា នាវាឈ្មោះ «Nam» ដែលប្រតិបត្តិការដោយក្រុមហ៊ុន HMM Co មិនបានរំលោភលើច្បាប់ណាមួយដែលមានប្រសិទ្ធភាពក្នុងអំឡុងពេលធ្វើនាវាចរណ៍នៅតំបន់ទឹកនៃសហអារ៉ាប់រួមនោះទេ។ ជាក់ស្ដែង ការវាយប្រហារលើនាវាពាណិជ្ជកម្មបែបនេះ គឺជាទង្វើដែលមិនអាចយកជាលេសបានឡើយ។

លោក Wi Sung-lac ទីប្រឹក្សាសន្តិសុខជាតិប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «យើងថ្កោលទោសរឿងនេះក្នុងកម្រិតខ្លាំងក្លាបំផុត»។ លោកបានបន្ថែមថា ការខូចខាតលើនាវាត្រូវបានរកឃើញតាមរយៈការត្រួតពិនិត្យដោយមន្ត្រី និងអ្នកជំនាញកូរ៉េខាងត្បូង នៅកំពង់ផែមួយក្នុងទីក្រុងឌូបៃ។ មូលហេតុដែលមិនបានដឹងពីការខូចខាតភ្លាមៗក្រោយការវាយប្រហារ គឺដោយសារទីតាំងដែលរងគ្រោះស្ថិតនៅផ្នែកខាងក្រោមនៃតួខាងក្រោយនាវា។

មកទល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីតួនាទីរបស់អ៊ីរ៉ង់នៅក្នុងការវាយប្រហារនេះនៅឡើយទេ ខណៈដែលទីក្រុងតេហេរ៉ង់ធ្លាប់បានបដិសេធរាល់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។ កាលពីថ្ងៃច័ន្ទ ស្ថានទូតអ៊ីរ៉ង់ប្រចាំកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនមិនទាន់មានជំហរអ្វីចំពោះបញ្ហានេះទេ ប៉ុន្តែនឹងប្រកាស ប្រសិនបើមានព័ត៌មានថ្មី ឬជំហរផ្លូវការណាមួយ។

ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងភ្លាមៗក្រោយកើតហេតុថា អ៊ីរ៉ង់គឺជាអ្នកបាញ់ប្រហារលើនាវាកូរ៉េខាងត្បូង ហើយលោកបានជម្រុញឲ្យទីក្រុងសេអ៊ូលចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក ដើម្បីធានាសន្តិសុខនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីស្រាអែល គ្រោងឈប់ពឹង​ជំនួយយោធា​ពី​អាមេរិក​​នៅ១ទសវត្សរ៍​​ទៀត​​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម