Connect with us

ព័ត៌មានអន្ដរជាតិ

ថៃអាចនឹងមានកម្ដៅក្ដៅខ្លាំង​ដូចវាលខ្សាច់សាហារ៉ា នៅឆ្នាំ២០៧០

បានផុស

នៅ

យោង​តាម​អត្ថបទ​​ស្រាវជ្រាវ​មួយ​មាន​ចំណង​ជើង​ថា «Too Hot To Live: Climate Change In Thailand» ដែល​ត្រូវ​បាន​ចុះផ្សាយ​ដោយ​សារព័ត៌មាន The Nation និង Asia News Network កាល​ពី​ពេលថ្មីៗ​នេះ ប្រទេសថៃ​អាចនឹងជួបប្រទះនូវកម្ដៅមធ្យមប្រចាំឆ្នាំ ក្ដៅខ្លាំងមិនចាញ់តំបន់វាលខ្សាច់សាហារ៉ានោះឡើយ នៅត្រឹមឆ្នាំ២០៧០​ខាងមុខ។ ការប្រែប្រួលអាកាសធាតុនេះ​បានក្លាយជាបញ្ហាប្រឈមដ៏ធំ ដែលកំពុងរុញច្រានសីតុណ្ហភាពឲ្យ​ហក់ឡើងខ្ពស់ ហួសពីសមត្ថភាពដែលមនុស្សអាចរស់នៅបាន។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការវិភាគទិន្នន័យកន្លងមក គេសង្កេតឃើញថា សីតុណ្ហភាពមធ្យមប្រចាំឆ្នាំរបស់ថៃ អាចនឹងហក់ឡើងលើសពី​២៩​អង្សាសេ ដែលជាកម្រិតកម្ដៅមួយដ៏កម្រ និងមានតែនៅតំបន់វាលខ្សាច់សាហារ៉ាប៉ុណ្ណោះ។ បច្ចុប្បន្ន សីតុណ្ហភាពមធ្យមរបស់ថៃគឺស្ថិតនៅត្រឹម​២៦​អង្សាសេ ដែលវាបានខិតជិតទៅរកចំណុចគ្រោះថ្នាក់ទៅហើយ។

អ្នកជំនាញបានពន្យល់ថា ការកើនឡើងកម្ដៅនេះ មិនមែនមានន័យត្រឹមតែមានថ្ងៃក្ដៅច្រើនជាងមុននោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរប្រព័ន្ធអាកាសធាតុទាំងមូលតែម្ដង។ វានឹងបង្កើតនូវបរិយាកាសដ៏អាក្រក់បំផុត ដែលធ្វើឲ្យ​ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ និងបំផ្លិចបំផ្លាញប្រព័ន្ធសេដ្ឋកិច្ចដែលធ្លាប់តែរីកចម្រើនរាប់ពាន់ឆ្នាំមកហើយ។ ជាក់ស្ដែង ចាប់ពីខែមីនា​ដល់ខែឧសភារៀងរាល់ឆ្នាំ ទីក្រុងជាង៥០​នៅក្នុងប្រទេសថៃ បានហក់ឡើងកម្ដៅលើសពី​៤០អង្សាសេ ដោយ​មាន​ម្ដង​ កាលពីឆ្នាំ២០១៦ កម្ដៅនៅថៃធ្លាប់បានហក់ឡើងដល់​៤៤,៦អង្សាសេ ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មាន។

នៅថ្ងៃអនាគត កម្ដៅដែលថៃ​ធ្លាប់ចាត់ទុកថាជាគ្រោះមហន្តរាយនាពេលនេះ នឹងក្លាយទៅជារឿងធម្មតាដែលកើតឡើងជារៀងរាល់ថ្ងៃទៅវិញ។

ក្រៅពីកម្ដៅដ៏សែនក្ដៅនេះ ប្រទេសថៃក៏កំពុងប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត និងទឹកជំនន់ដែលកើតឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរជាងមុន រួមទាំងបញ្ហាកម្រិតទឹកសមុទ្រឡើងខ្ពស់ដែលកំពុងគំរាមកំហែងដល់តំបន់ឆ្នេរ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ។ បញ្ហាទាំងអស់នេះមិនមែនកើតឡើងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាកំពុងវាយ​ប្រហារ​លើ​សង្គមក្នុងពេលតែមួយ ដែលធ្វើឲ្យ​ការស្ដារឡើងវិញ និងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មី ក្លាយជាកិច្ចការដ៏លំបាក និងត្រូវចំណាយប្រាក់កាសយ៉ាងសន្ធឹកសន្ធាប់។

ដូច្នេះហើយ សំណួរសំខាន់នៅពេលនេះ មិនមែនត្រឹមតែសួរថា «តើយើងត្រូវទប់ទល់នឹងកម្ដៅដោយរបៀបណា?» នោះទេ ប៉ុន្តែតើប្រទេសថៃអាចរៀបចំប្រព័ន្ធទីក្រុង ថាមពល សុខាភិបាល និងគំរូសេដ្ឋកិច្ចឡើងវិញបានលឿនកម្រិតណា ដើម្បីអាចបន្តរស់រានមានជីវិតក្នុងបរិយាកាសដ៏រាំងស្ងួត និងក្ដៅហួតហែងដូចវាលខ្សាច់បែបនេះបាន?

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម