Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត Kochi​ នៅ​​ជប៉ុន​​ផ្តល់​ប្រាក់​ ១២៥ដុល្លារ​ឲ្យ​អ្នក​នៅ​លីវ ​ចំណាយ​​​​​​​លើ​ការ​ណាត់​ចួប​​​បង្កើតស្នេហា

បានផុស

នៅ

ខេត្ត Kochi របស់​ប្រទេសជប៉ុន​កំពុងផ្តល់​ប្រាក់​លើកទឹកចិត្ត​​ ដើម្បីឱ្យយុវជននៅ​លីវ ​(Single) ប្រើ​ប្រាស់​កម្ម​វិធី​ណាត់​ជួប (Dating app) ស្វែង​រក​ដៃ​គូលើ​បណ្តាញ​សង្គម​។ វាជា​គំនិតផ្តួចផ្តើមមួយ​ក្នុងចំណោមគំនិត​ផ្តួចផ្តើម​ជា​ច្រើន​ផ្សេង​ទៀត​ ដើម្បីប្រយុទ្ធប្រឆាំង​នឹងការធ្លាក់ចុះនៃអត្រាកំណើត​របស់​ប្រទេស​នេះ​។

យោង​តាម​សារព័ត៌មានអង់​គ្លេស The Independent ផ្សាយ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៦ មនុស្ស​អាយុ​ចាប់​ពី២០ ទៅ ៣៩ឆ្នាំ​ នៅ​ក្នុងតំបន់ភាគ​និរតី​​នៃប្រទេសជប៉ុន អាច​ទទួល​ទឹក​ប្រាក់​ ១២៥ដុល្លារ គ្រប​ដណ្តប់​លើការចំណាយ​នៃ​កម្ម​វិធី​​ណាត់​ចួប​ រួមទាំងកម្មវិធីពេញ​និ​យមដូចជា Tapple ។

កម្មវិធីណាត់ចួប​តាម​អ៊ីនធឺណិត។ រូបភាព៖ NDTV
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ម្នាក់​លើក​ឡើង​ថា៖ «ប្រាក់ឧបត្ថម្ភនេះ​ប្រហាក់ប្រហែល​នឹង​ថ្លៃ​សេវា​ប្រចាំឆ្នាំសម្រាប់ការ​ប្រើប្រាស់​គេហទំព័រ​ណាត់ជួប ហើយ​អ្នក​ប្រើ​ប្រាស់​នឹង​ត្រូវស្ទង់មតិ​​ពេលក្រោយ​ ដើម្បីមើល​ថា​ គម្រោងនេះ​ដំណើរការ​ជោគជ័យ​ឬអត់​»។

យ៉ាង​ណា​ ខេត្ត Kochi ​បាន​សហការជាមួយម្ចាស់​កម្មវិធី​ Tapple ក្នុងខែធ្នូ ដើម្បីលើកទឹកចិត្ត​ដល់ការណាត់ជួបតាមអ៊ីនធឺណិត​ដែល​មានសុវត្ថិភាព និងអាចទុកចិត្តបានជាងមុន​។

មន្ត្រីខេត្តម្នាក់ប្រាប់​សារព័ត៌មាន​ Sankei Shimbun ថា៖ « អត្រា​ថ្លៃ​ជា​សមាជិក​ប្រចាំ​ឆ្នាំ​គឺ​លើស​ពី ១២៥ដុល្លា​បន្តិច!​ ដូច្នេះ​​យើង​កំណត់​ចំនួនទឹកប្រាក់​នេះ ដើម្បីគ្របដណ្តប់លើការ​ចំណាយ​ទាំង​អស់នៃ​កម្មវិធី​ណាត់​ចួប​​»។

មិន​តែ​ប៉ុណ្ណោះ​មាន​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​ជប៉ុន​ចង់​​​ធ្វើ​តាមគំរូ​របស់​ខេត្ត​ Kochi ដែរ ប៉ុន្តែ​ផ្តល់​ទឹក​ប្រាក់​តិច​ជាង​នេះ។

យ៉ាង​ណា ប្រតិកម្មតាមអ៊ីនធឺណិតមានភាពចម្រុះ។ ខណៈមនុស្ស​មួយចំនួន​បានស្វាគមន៍គំនិតនេះ អ្នកផ្សេងទៀតអះអាងថា បញ្ហា​ធំៗ ​ដូចជាភាពតានតឹង​ផ្នែកហិរញ្ញវត្ថុ ម៉ោងធ្វើការយូរ ការចំណាយ​លើការចិញ្ចឹមកូន​កំពុងធ្វើឱ្យទំនាក់ទំនងនិងអាពាហ៍ពិពាហ៍មាន​​ភាព​លំបាក​។

គួរ​បញ្ជាក់​ថា កម្មវិធីណាត់ជួបគឺជាមធ្យោបាយទូទៅ​សម្រាប់​យុវជន​នៅ​ក្នុងប្រទេសជប៉ុន ដើម្បីស្វែង​រក​ដៃ​គូ​ស្នេហា។

ការស្ទង់មតិរបស់រដ្ឋាភិបាលឆ្នាំ២០២៤ រកឃើញថា ប្រហែល​មួយ​ក្នុង​ចំណោម​បួននាក់​ដែលរៀបការហើយ​ ​អាយុក្រោម ៣៩ឆ្នាំ បាន​ជួបប្តីឬប្រពន្ធរបស់ពួកគេតាម​អ៊ីនធឺណិត ច្រើន​ជាងតាមការងារ ​ឬសាលារៀន​។

​រីឯចំនួន​​ប្រជាជន​​​​ប្រទេស​​​ជប៉ុន​កាន់តែ​តិច​ទៅៗ ​​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​​ចុងក្រោយ​ ជាពិសេស​នៅ​តំបន់​ជនបទ​ដូចជា​ទីក្រុង​ Kochi ជា​​កន្លែង​​ដែល​​យុវជន​ជាច្រើន​​បាន​ផ្លាស់​ទីលំនៅ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម