ព័ត៌មានអន្ដរជាតិ
ត្រឹម១សប្ដាហ៍ កុមារជិត ៦០នាក់នៅលីបង់ ស្លាប់ និងរបួស ទោះមានបទឈប់បាញ់ជាមួយអ៊ីស្រាអែល
កិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល ដែលបានចូលជាធរមានតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ មិនអាចជួយឱ្យស្ថានការណ៍នៅប្រទេសលីបង់ គេចផុតពីគ្រោះថ្នាក់ទេ ជាពិសេសសម្រាប់កុមារ។

យោងតាមរបាយការណ៍ថ្មីបំផុតពីមូលនិធិសង្គ្រោះកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃទី១៤ ខែឧសភា នៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ កុមារយ៉ាងហោចណាស់ ៥៩នាក់ ត្រូវគេរាយការណ៍ថា បានស្លាប់ ឬរងរបួស។
តួលេខដ៏គួរឱ្យរន្ធត់នេះ បានបន្ថែមទៅលើចំនួនអ្នករងគ្រោះសរុប ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះកាលពីថ្ងៃទី២ ខែមីនា ដោយមានកុមាររហូតដល់ ២០០នាក់បានស្លាប់ និង ៨០៦នាក់ទៀតបានរងរបួស។ កាលពីថ្ងៃពុធ ការកើនឡើងនៃការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូង និងកណ្តាលប្រទេសលីបង់ បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣នាក់បានស្លាប់ ដែលក្នុងនោះមានស្ត្រី និងកុមារផងដែរ។
លោក Edouard Beigbeder នាយកប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងរបស់ UNICEF បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយលើកឡើងថា «កុមារកំពុងត្រូវគេសម្លាប់ និងបង្កឱ្យរងរបួស ក្នុងពេលដែលពួកគេ គួរតែបានត្រឡប់ទៅសាលារៀន លេងជាមួយមិត្តភក្តិ និងជាសះស្បើយពីការភ័យខ្លាច អស់រយៈពេលជាច្រើនខែកន្លងមកនេះ»។
ក្រៅពីការរងរបួស និងការបាត់បង់ជីវិត UNICEF ក៏បានព្រមានអំពីផលប៉ះពាល់ផ្លូវចិត្តដ៏ធ្ងន់ធ្ងរ ដែលនឹងបន្តលងបន្លាចកុមារទាំងនេះពេញមួយជីវិត។ បច្ចុប្បន្ន កុមារប្រមាណ ៧៧០ ០០០នាក់នៅទូទាំងប្រទេសលីបង់ កំពុងរស់នៅក្នុងស្ថានភាពតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ដោយសារតែការប្រឈមមុខនឹងអំពើហិង្សា ការផ្លាស់ប្តូរទីលំនៅ និងការបាត់បង់មនុស្សជាទីស្រឡាញ់។ រោគសញ្ញាដែលកុមារទាំងនេះកំពុងជួបប្រទះ រួមមាន ការភ័យខ្លាចខ្លាំង ការថប់បារម្ភ ការយល់សប្តិឃើញរឿងរ៉ាវអាក្រក់ ការដេកមិនលក់ និងភាពអស់សង្ឃឹម។
ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់នេះត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមមួយក៏ដោយ ក៏ការវាយប្រហារជាបន្តបន្ទាប់នៅតែធ្វើឱ្យកិច្ចព្រមព្រៀងនេះស្ថិតក្នុងសភាព «ផុយស្រួយ»។ អង្គការជំនួយអន្តរជាតិនានា បានរាយការណ៍ថា ការបំផ្លិចបំផ្លាញលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅតំបន់មួយចំនួន បានធ្វើឱ្យលំនៅដ្ឋានមិនអាចរស់នៅបាន ហើយការវិលត្រឡប់របស់ប្រជាពលរដ្ឋទៅកាន់ភូមិកំណើតវិញ កាន់តែមានភាពស្មុគស្មាញ និងគ្រោះថ្នាក់៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


