Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ីរី មិនប្រើកម្លាំង​យោធា​ជ្រៀតជ្រែក​ចូល​​លីបង់ ទោះបី​​អាមេរិក​ដាក់​សម្ពាធ​​ឲ្យ​ធ្វើបែបនេះ​​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក អាសាដ អាល់ សៃ​បានី​ (Asaad al-Shaibani) ​នៅ​ថ្ងៃទី២ ខែកក្កដា បានថ្លែងប្រាប់ប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អាអូន (Joseph Aoun) ថា ទីក្រុងដាម៉ាសគ្មានបំណងជ្រៀតជ្រែកខាងយោធានៅក្នុងប្រទេសលីបង់ឡើយ ទោះបីជាមានសម្ពាធពីអាមេរិក ឲ្យធ្វើបែបនោះក៏ដោយ។ នេះបើតាមការបញ្ជាក់ ពីវិមានប្រធានាធិបតីលីបង់។

រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani និងប្រធានាធិបតីលីបង់ លោក Joseph Aoun (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ព័ត៌មាន​ jordantimes បាន​ចុះ​ផ្សាយ​ថា លោក អាល់-សៃ​បានី​ ដែលបានអញ្ជើញប្រធានាធិបតីលីបង់ លោក ចូសេហ្វ​ អាអូន ទៅបំពេញទស្សនកិច្ចនៅស៊ីរីផងនោះ ក៏កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅទីក្រុងបេរូត ជាទីដែលលោកបានជួបពិភាក្សាការងារជាលើកដំបូងជាមួយប្រធានសភា​លីបង់ លោក ណាប៊ី ប៊ឺរី​ (Nabih Berri) ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា ដុចគ្នាផងដែរ។

យ៉ាងណាមិញ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសជារឿយៗថា ស៊ីរីអាចចាត់ការក្រុមហេសបូឡាបាន ដោយលោកបានរិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅក្នុងសង្គ្រាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ។

ទោះជាយ៉ាងណា ប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa ដែលបានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីបានដឹកនាំសម្ព័ន្ធភាពផ្ដួលរំលំរបបដឹកនាំដ៏យូរអង្វែងរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) បានប្រកាសថា លោកគ្មានបំណងជ្រៀតជ្រែក ឬកាយរបួសចាស់ឡើងវិញនោះឡើយ។

វិមានប្រធានាធិបតីលីបង់បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Shaibani បានប្រាប់លោក Aoun ថា លោកចង់ ជម្រះការយល់ច្រឡំដែលបង្កឡើងដោយរបាយការណ៍នានា ស្តីពីលទ្ធភាពនៃការជ្រៀតជ្រែកយោធារបស់ស៊ីរី នៅលីបង់ ដោយបន្ថែមថា ស៊ីរីគ្មានបំណងធ្វើសកម្មភាពបែបនោះទេ។ ជាមួយគ្នានេះ លោក Al-Shaibani ក៏បានពាំនាំនូវការអញ្ជើញរបស់លោក al-Sharaa ជូនចំពោះលោក Aoun ទៅបំពេញទស្សនកិច្ចនៅស៊ីរី ដែលនឹងក្លាយជាទស្សនកិច្ចលើកដំបូងបង្អស់។

បន្ទាប់ពីជំនួបជាមួយលោក Berri រួចមក លោក Al-Shaibani បានប្រាប់អ្នកយកព័ត៌មានថា លោកមិនច្រានចោលលទ្ធភាពនៃការជួបពិភាក្សាជាមួយក្រុមហេសបូឡា នៅថ្ងៃអនាគតនោះឡើយ។ កន្លងមក លោក Al-Shaibani ធ្លាប់បានមកបំពេញទស្សនកិច្ចនៅលីបង់កាលពីខែតុលា ដែលជាទស្សនកិច្ចលើកដំបូងដោយមន្ត្រីជាន់ខ្ពស់ស៊ីរី ចាប់តាំងពីសម្ព័ន្ធភាពរបស់លោក al-Sharaa ឡើងកាន់អំណាចនៅទីក្រុងដាម៉ាស ដែលបានបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដោយឡែក នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam ក៏បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរី កាលពីខែឧសភាកន្លងទៅផងដែរ។

អាជ្ញាធរថ្មីរបស់ស៊ីរី មានជំហរមិនចុះសម្រុងជាមួយក្រុមហេសបូឡា ដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់លោក អាល់អាសាដ ហើយបានប្រកាសចាប់ខ្លួនក្រុមបណ្ដាញសម្ងាត់ជាច្រើន ដែលសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមនេះ។ ប៉ុន្តែ ក្រុមហេសបូឡាបានបដិសេធថា ខ្លួនមិនមានវត្តមាននៅក្នុងប្រទេសស៊ីរីនោះទេ។ ចាប់តាំងពីចុងឆ្នាំ២០២៤ ផ្លូវផ្គត់ផ្គង់អាវុធរបស់ក្រុមហេសបូឡាកាត់តាមស៊ីរីពីមុន ត្រូវបានកាត់ផ្ដាច់ ហើយអាជ្ញាធរទីក្រុងដាម៉ាសបានអះអាងថា ខ្លួនបានរារាំងការប៉ុនប៉ងរត់ពន្ធអាវុធទៅកាន់លីបង់ជាច្រើនលើក។

គួររំឮកថា កងទ័ពស៊ីរីធ្លាប់បានជ្រៀតជ្រែកចូលក្នុងប្រទេសលីបង់ អំឡុងពេលសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៧៦ និងបានដាក់ឥទ្ធិពលគ្រប់គ្រងលើប្រទេសជិតខាងមួយនេះអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលនៅពេលនោះស៊ីរី ត្រូវបានគេចោទប្រកាន់ពីបទធ្វើឃាតកម្មជាច្រើនករណី៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម