Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក-អ៊ីរ៉ង់ បាញ់តដៃគ្នាទៀតហើយនៅឈូងសមុទ្រពែរ្ស រុញសភាពការណ៍ តានតឹងលើសដើម

បានផុស

នៅ

ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កើនឡើងដល់កម្រិតខ្ពស់ទៀតហើយ ដោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបាញ់តដៃគ្នាជាថ្មី នៅក្នុងឈូងសមុទ្រពែរ្ស។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ ជម្លោះនេះផ្ទុះឡើងពេញមួយយប់ថ្ងៃសៅរ៍ បន្ទាប់ពីបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) ស្ទាក់ចាប់ដ្រូនវាយប្រហារ របស់អ៊ីរ៉ង់ចំនួន ៤គ្រឿង ដែលហោះសំដៅទៅច្រកសមុទ្រ Hormuz។

ជាការសងសឹក កងកម្លាំងអាមេរិក បានបើកការវាយបក ដោយកំណត់គោលដៅលើ ទីតាំងរ៉ាដាតាមដានឆ្នេររបស់អ៊ីរ៉ង់ នៅលើកោះ Qeshm និងក្នុងតំបន់ Goruk។

ក្រោយមក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ក៏ឆ្លើយតបវិញ ដោយការបាញ់មីស៊ីលផ្លោងចំនួន ៧ គ្រាប់ សំដៅលើបន្ទាយអាមេរិក ជាពិសេស មូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសគុយវ៉ែត និងទីបញ្ជាការកងនាវាទី៥ របស់កងទ័ពជើងទឹកអាមេរិក នៅក្នុងប្រទេសបារ៉ែន។

(រូប៖ Reuters)

យ៉ាងណា ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត និងបារ៉ែន បានស្ទាក់ចាប់មីស៊ីលចំនួន ៦គ្រាប់ ខណៈមួយគ្រាប់ទៀត ធ្លាក់ខុសគោលដៅ។

ទោះបែបនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពអាមេរិក ដោយចាត់ទុកថា ជា «ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ» លើបទឈប់បាញ់ថ្ងៃទី ៨ ខែមេសា និងជាការវាយប្រហារលើអធិបតេយ្យភាពជាតិរបស់ខ្លួន។

(រូប៖ Reuters)

សង្រ្គាមដ៏ធំមួយនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈមកម្ល៉េះ នៅពេលអាមេរិក និងអ៊ីស្រាអែល បើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ បង្កជាភ្លើងសង្រ្គាមរាលដាលពេញតំបន់មជ្ឈិមបូព៌ា។

ជាការឆ្លើយតប កាលណោះ អ៊ីរ៉ង់ បានវាយប្រហារលើអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ព្រមទាំងបានបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនប្រេង និងហ្គាសប្រមាណ ២០% របស់ពិភពលោក ដែលធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងកប់ពពក៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម