Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី រឹបអូសកញ្ឆា ៣.៣៧តោន ដែលរត់ពន្ធមកពី ថៃ

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ី បានរឹងអូសកញ្ឆា សរុបទម្ងន់ ៣.៣៧តោន ដែលនាំចូលពីប្រទេសថៃ ជាមួយបំណង យកទៅចែកចាយនៅតាមបណ្តាទីក្រុងធំៗ រួមមានទីក្រុងហ្សាការតា និងកោះបាលី ផងដែរ។

(រូប៖ AP)

តាមការផ្សាយរបស់ The Straits Times នៅថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦, ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃការបង្ក្រាបគ្រឿងញៀន របស់ប៉ូលិសឥណ្ឌូណេស៊ី ដែលចាប់អនុវត្ត តាំងពីថ្ងៃទី១ ខែនេះមក។

ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ ឥណ្ឌូណេស៊ី បានឲ្យដឹងថា កញ្ឆាទាំងនោះ ត្រូវរឹបអូសបាន ក្នុងខេត្ត ជ្វាខាងកើត ដោយវាជាប្រភេទផ្កាកញ្ឆាក្រៀម ដែលគេយកទៅ ផលិតបារីអេឡិចត្រូនិក (Vape)។ វាត្រូវបានលាក់ក្នុងវ៉ាលិស និងប្រអប់ជ័រ ពេលលួចយកចូលប្រទេសឥណ្ឌូណេស៊ី ពីថៃ។

ទីភ្នាក់ងារដដែលបញ្ជាក់ថា ក្រុមរត់ពន្ធគឺជាបណ្តាញជួញដូរគ្រឿងញៀន ដែលទើបបង្កើតថ្មី ហើយក្នុងនោះ មានគ្នា ១២នាក់ រួមទាំងជនបរទេសផងដែរ។

(រូប៖ AP)

ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀន តឹងរ៉ឹងបំផុតមួយនៅលើពិភពលោក ដោយអនុវត្តគោលនយោបាយ គ្មានការអត់ឱនចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ។

ជនល្មើស អាចប្រឈមមុខនឹងការដាក់ពន្ធនាគាររយៈពេលវែង ការពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ រហូតដល់ ទោសប្រហារជីវិតដោយការបាញ់សម្លាប់ ទៀតផង៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម