Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាពលរដ្ឋកូរ៉េខាងជើង ភៀសខ្លួនទៅកូរ៉េខាងត្បូង ធ្វើឱ្យលោក គីម ជុងអ៊ុន ខឹងកាន់តែខ្លាំង

បានផុស

នៅ

ចំនួនជនជាតិកូរ៉េខាងជើងដែលបានភៀសខ្លួនទៅ កូរ៉េខាងត្បូង បានកើនឡើងបីដងកាលពីឆ្នាំមុន ដោយសារការបន្ធូរបន្ថយការបិទព្រំដែនអំឡុងពេលជំងឺរាតត្បាត កូវីដ១៩ ។ ហើយសកម្មភាពនេះ បាននាំឱ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនសប្បាយចិត្តយ៉ាងខ្លាំង ។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីឆ្នាំ ២០២០ អត្រាភៀសខ្លួនរបស់ប្រជាជនកូរ៉េខាងជើង បានធ្លាក់ ដោយសារកូរ៉េខាងជើងបិទច្រកព្រំដែនជាមួយចិន ការពារពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។ ហើយឆ្នាំ ២០២១ ប្រជាពលរដ្ឋកូរ៉េខាងជើងនៅតែព្យាយមភៀសខ្លួនទៅកូរ៉េខាងត្បូង មានប្រមាណ ៦៣នាក់ ហើយឆ្នាំ ២០២២ មានចំនួន ៦៧នាក់ ក្នុងចំណោមនោះត្រូវបានគេរកឃើញថា មាន ១០នាក់មកពីគ្រួសារអភិជន កូរ៉េខាងជើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពី The Guardian បានឱ្យដឹងថា នៅឆ្នាំ ២០២៣ ចំនួនជនភៀសខ្លួនកូរ៉េខាងជើង ទៅកាន់កូរ៉េខាងត្បូង មានចំនួន ១៩៦ នាក់ ចំនួននេះនៅតែទាបជាងមធ្យមភាគមុនការរាតត្បាតនៃជំងឺកូវីដ១៩ ប៉ុន្តែអាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា បញ្ហានេះបានចង្អុលបង្ហាញពីការមិនសប្បាយចិត្តកាន់តែខ្លាំងរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។

ប្រជាជនកូរ៉េខាងជើងប្រមាណ ៣១,០០០នាក់ បានភៀសខ្លួន ទៅកូរ៉េខាងត្បូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ដោយភាគច្រើនឆ្លងចូលទៅក្នុងប្រទេសចិន ហើយស្វែងរកជីវិតថ្មីនៅកូរ៉េខាងត្បូង ក្នុងនាមជាប្រទេសទីបី។ ចំនួនជនភៀសខ្លួនកូរ៉េខាងជើងនេះបានឈានដល់កម្រិតកំពូលក្នុងឆ្នាំ ២០០៩ ដែលមានចំនួនប្រមាណរហូតដល់ ២,៩១៤ នាក់ ប៉ុន្តែបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក គីម ជុងអ៊ុន បានណែនាំការគ្រប់គ្រងព្រំដែនកាន់តែតឹងរ៉ឹង បន្ទាប់ពីលោកបានក្លាយជាមេដឹកនាំនៅចុងឆ្នាំ ២០១១។

ជាមួយគ្នានេះដែរ កាលពីឆ្នាំ ២០២៣ ជនភៀសខ្លួនកូរ៉េខាងជើង ១៣នាក់ គឺជាមន្ត្រីការទូត មន្ត្រីពាណិជ្ជកម្ម និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យនៅបរទេស។ មន្ត្រីកូរ៉េខាងត្បូងម្នាក់ បានប្រាប់កាសែត Korea Times ថា អ្នកការទូតកូរ៉េខាងជើង មន្ត្រីផ្សេងទៀត និងនិស្សិតដែលមានមូលដ្ឋាននៅក្រៅប្រទេស ត្រូវបានមន្ត្រីកូរ៉េខាងជើងប្រាប់ឱ្យត្រលប់ចូលប្រទេសវិញ កាលពីឆ្នាំមុន ខណៈដែលស្ថានភាពជំងឺរាតត្បាតកូវីដ១៩ បានស្ងប់ស្ងាត់ ។ ប៉ុន្តែដោយសារពួកគេទាំងនោះបានស្គាល់អ្វីហៅថា សិទ្ធិសេរីភាពពេញលេញ នៅប្រទេសប្រជាធិបតេយ្យ ដូច្នេះវាមិនអាចទៅរួចឡើយដែលឱ្យពួកគេត្រឡប់ទៅប្រទេសកំណើត កូរ៉េខាងជើងវិញ ។

ប្រភពបានឱ្យដឹងទៀតថា ការរត់ចោលជួររបស់មន្ត្រីជាន់ខ្ពស់ គឺជាការអាម៉ាស់មួយសម្រាប់របបកូរ៉េខាងជើង។ មន្ត្រីរត់ចោលជួរដែលមានឋានៈខ្ពស់បំផុតរួមមាន លោក Thae Yong-ho ដែលបានរត់ចោលស្រុកក្នុងឆ្នាំ ២០១៦ ពីតំណែងជាឯកអគ្គរដ្ឋទូតរងនៅស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ ។ លោកបានបន្តជាប់ឆ្នោតក្នុងសភាជាតិកូរ៉េខាងត្បូង ជាសមាជិកនៃគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានឱ្យដឹងថា ជនភៀសខ្លួនកូរ៉េខាងជើង ជិត ២៣% បាននិយាយថា ពួកគេបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតដោយសារ ការមិនពេញចិត្តនឹងរបបកូរ៉េខាងជើង ខណៈដែលជាង ២១% បាននិយាយថា ពួកគេបង្ខំចិត្តឱ្យចាកចេញដោយសារកង្វះអាហារ ៕

ប្រែសម្រួលដោយ÷ ប៉ោ កុសល

ប្រភព ÷ The Guardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម