Connect with us

ព័ត៌មានអន្ដរជាតិ

ឧត្តមសេនីយ៍ផ្កាយមួយ មីយ៉ាន់ម៉ា ស្លាប់ក្រោមកណ្ដាប់ដៃក្រុមប្រឆាំងជិត​ព្រំដែន ថៃ

បានផុស

នៅ

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមួយរូបត្រូវបានសម្លាប់នៅក្រោមកណ្ដាប់ដៃនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកពីសំណាក់កងកម្លាំងប្រឆាំងរដ្ឋាភិបាលក្នុងការប្រយុទ្ធគ្នានៅជិតតំបន់ព្រំដែន ថៃ-មីយ៉ាន់ម៉ា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ត្រី Soe Min That មេបញ្ជាការកងពលធំលេខ ៤៤ គ្រប់គ្រងបន្ទាយទ័ព Pha Song ក្នុងទីក្រុង Myawaddy ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅសមរភូមិក្បែរតំបន់ព្រំដែន ថៃ-មីយ៉ាន់ម៉ា ។

មួយរយៈចុងក្រោយនេះ សម្ព័ន្ធក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបើកប្រតិបត្តិការតាមផ្លូវអាកាសប្រឆាំងនឹងទាហានមីយ៉ាន់ម៉ាដោយប្រើយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែកនៅជិតប៉ុស្តិ៍ត្រួតពិនិត្យរវាងព្រំដែន ថៃ-មីយ៉ាន់ម៉ា ជាពិសេសនៅចំណុចស្ពានមិត្តភាព ថៃ-មីយ៉ាន់ម៉ាទី២ ទល់មុខឃុំ Tha Sai Luad ស្រុក Mae Sot ខេត្ត Tak បណ្តាលឲ្យទាហានរដ្ឋាភិបាលជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងធ្វើការសម្របសម្រួលតាមរយៈគណៈកម្មាធិការព្រំដែន ថៃ-មីយ៉ាន់ម៉ា ដើម្បីស្នើសុំការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុរបស់លោកឧត្តមសេនីយ៍ផ្កាយមួយរូបនេះទៅកាន់ស្រុក Mae Sot ដើម្បីបញ្ជូនបន្តមកកាន់មីយ៉ាន់ម៉ា ។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពចលាចលជាង ៣ ឆ្នាំមកហើយ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីឆ្នាំ ២០២១ កន្លងទៅ ខណៈជម្លោះ​នេះទៀតសោត​បាន​ប្រែមុខមាត់​មី​យ៉ាន់​ម៉ាឲ្យក្លាយ​ទៅ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​មីន​ច្រើន​បំផុត​ក្នុង​ពិភពលោក ​។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ពី UN មនុស្សជាង ១,៥០០ នាក់ស្លាប់បាត់បង់ជីវិត ចាប់តាំងពីរដ្ឋប្រហារយោធា និងការបង្ក្រាបដោយហិង្សាលើអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេល ៣ ឆ្នាំមកនេះ ។ ក្នុងនោះពលរដ្ឋជាង ២.៣ លាននាក់ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ខណៈជិត ២៦,000 នាក់ត្រូវចាប់ឃុំខ្លួនដោយហេតុផលនយោបាយ និងជិត ២០,០០០ នាក់រងការធ្វើទារុណកម្ម និងការរំលោភបំពាននៅក្នុងមន្ទីរឃុំឃាំង ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវឲ្យ មីយ៉ាន់ម៉ា បញ្ចប់អំពើហិង្សាជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម