Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ដកទ័ពចេញពីភូមិចំនួន ៣ នៅភាគខាងកើត ខណៈស្ថានការណ៍​កាន់តែយ៉ាប់យ៉ឺន

បានផុស

នៅ

អ៊ុយក្រែនបានបញ្ជាឲ្យកងទ័ពដកថយចេញពីភូមិចំនួន ៣ នៅសមរភូមិជួរមុខភាគខាងកើត ដោយសារតែកងទ័ពរុស្ស៊ីមានកម្លាំងច្រើនជាងអ៊ុយក្រែន និងកំពុងបង្កើនការវាយលុក ក៏ដូចជាប្រមូលផ្ដុំក្នុងទីតាំងជាច្រើននៅទីនោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២៨ ខែមេសា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Oleksandr Syrskii អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបង្ហាញថា កម្លាំងរបស់អ៊ុយក្រែននៅភាគខាងកើតកាន់តែយ៉ាប់យឺន ខណៈដែលទីក្រុងកៀវសង្ឃឹមថា សមរភូមិប្រយុទ្ធអាចមានស្ថេរភាព នៅពេលដែលអ៊ុយក្រែនទទួលបានអាវុធពីសហរដ្ឋអាមេរិកក្រោមកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារដែលសភាអាមេរិកអនុម័តក្នុងសប្ដាហ៍នេះ ។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ កងទ័ពរបស់រុស្ស៊ីបានបង្កើនកម្លាំងទ័ពជាលំដាប់ ជាមួយនឹងការបង្កើនសម្ថភាពវាយលុកដោយប្រើយន្តហោះគ្មានមនុស្សបើក ជាក់ស្ដែងថ្មីៗនេះរុស្ស៊ីវាយដណ្ដើមបានភូមិអ៊ុយក្រែនជា​ច្រើន ចំពេលរដ្ឋាភិបាលទីក្រុងកៀវកំពុងខ្វះកងទ័ព និងអាវុធ ។

មន្ត្រី​អ៊ុយក្រែន​និយាយ​ថា ជំនួយ​នេះ​មាន​សារៈ​សំខាន់ណាស់​ក្នុង​ការ​ទប់​ស្កាត់​ការលុកលុយអស់រយៈកាល ២ ​ឆ្នាំ​របស់​រុស្ស៊ី បើទោះបីជាកងទ័ពទីក្រុងមូស្គូរុលទៅមុខបន្តិចម្តងៗ ចាប់តាំងពីដណ្តើមបានទីក្រុង Avdiivka ដោយសារអ៊ុយក្រែនកង្វះខាតគ្រាប់កាំភ្លើងធំ និងប្រព័ន្ធខែលការពារដែនអាកាសក៏ដោយ ។

ទន្ទឹមនឹងនេះក៏មានសញ្ញាគួរឲ្យព្រួយបារម្ភសម្រាប់អ៊ុយក្រែនផងដែរ ខណៈកងកម្លាំងអ៊ុយក្រែន កំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃចំនួនទាហានរុស្ស៊ីនៅក្នុងតំបន់ Kharki ដែលជាទីក្រុងធំទី ២ របស់អ៊ុយក្រែន ដោយមានសញ្ញាបង្ហាញថា រុស្ស៊ីកំពុងរៀបចំដោយផ្ទាល់សម្រាប់ការវាយលុកនៅភាគខាងជើង ។

គួរបញ្ជាក់ថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ីនៅតែអូសបន្លាយឥតឈប់ឈរ ខណៈកងកម្លាំងទីក្រុងមូស្គូមិនដកដៃក្នុងការបង្កើនការវាយប្រហារ​ ស្របពេលដែលអ៊ុយក្រែនវិញបន្តដើរស្វែងរកជំនួយបន្ថែម ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម