Connect with us

ព័ត៌មានអន្ដរជាតិ

ដ្រូនអ៊ុយក្រែន វាយប្រហារកប៉ាល់ដឹកប្រេងរុស្ស៊ី ១៤គ្រឿងទៀត ដើម្បីកាត់ផ្តាច់ ដង្ហើមសេដ្ឋកិច្ច

បានផុស

នៅ

មិនមែនតែមជ្ឈិមបូព៌ាទេ សង្គ្រាមនៅអ៊ីរ៉ុប ក៏កំពុងពុះកញ្ជ្រោលខ្លាំងមិនធម្មតាដែរ ដោយរុស្ស៊ីនិងអ៊ុយក្រែន បន្តសងសឹកគ្នាទៅមកៗ ហើយចុងក្រោយនេះ អ៊ុយក្រែន ឈានដល់បើកការវាយប្រហារ កប៉ា​ល់ពាណិជ្ជកម្មរុស្ស៊ី ចំនួន ១៤គ្រឿងទៀត ក្នុងគោលបំណងកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ច ដល់ទីក្រុងមូស្គូ។

(រូប៖ Magyar)

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ដ្រូនអ៊ុយក្រែន បានវាយប្រហារកប៉ាល់រុស្ស៊ី បណ្តាលឲ្យឆាបឆេះ ក្នុងសមុទ្រ Azov ដែលជាផ្លូវទឹកតភ្ជាប់ទៅសមុទ្រខ្មៅ តាមច្រក Kerch ក្បែរឧបទ្វីបគ្រីមៀ។

ដ្បិតមិនបញ្ចេញឈ្មោះទាំងអស់ ប៉ុន្តែក្នុងចំណោមកប៉ាល់ដឹកប្រេងទាំងនោះ មានកប៉ាល់មួយចំនួន ដែលគេស្គាល់ច្បាស់ ដូចជា Chelsea-6, Aura, Sanar-1, Ilya Repin, Galiasgar Kamal, Venera-3, Penelope និង Mercury ខណៈប្រតិបត្តិការក្នុងរយៈពេលតែមួយយប់នេះ បានធ្វើឲ្យកប៉ាល់រុស្ស៊ី ដែលរងការវាយប្រហារក្នុងរយៈពេល ៩៦ ម៉ោងជាប់ៗគ្នា កើនដល់ ៣៥គ្រឿង ហើយ។

តាមប្រភពខាងលើ កប៉ាល់ដឹកប្រេងដែលរងការវាយប្រហារទាំងនោះ បានដឹកជញ្ជូនប្រេងរាប់ពាន់តោនពីតំបន់ តាហ្គានរ៉ក ទៅ គ្រីមៀ។ យុទ្ធនាការវាយប្រហារជាបន្តបន្ទាប់នេះ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ឧបទ្វីបនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្ខំឲ្យអាជ្ញាធរដែលតែងតាំងដោយរុស្ស៊ី ត្រូវដាក់ចេញនូវវិធានការកម្រិតការប្រើប្រាស់ប្រេង និងប្រកាសភាពអាសន្ន ទៀតផង។

(រូប៖ Magyar)

កាលពីចុងខែមិថុនា ដ្រូនរបស់អ៊ុយក្រែន ក៏វាយប្រហារយ៉ាងខ្លាំងក្លា លើរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកនានា ក្នុងទីក្រុងមូស្គូផងដែរ ដោយបង្កការបំផ្លិចបំផ្លាញ និងខាតបង់យ៉ាងធំធេង។

ទោះរុស្ស៊ីជាប្រទេសផលិត និងនាំចេញប្រេងឆៅ ធំជាងគេមួយ ក្នុងពិភពលោកក៏ដោយ ប៉ុន្តែការខូចខាតហេដ្ឋារចនាសម្ព័ន្ធកែច្នៃក្នុងស្រុកបែបនេះ បានបង្ខំឲ្យវិមានក្រឹមឡាំង ចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយកង្វះខាតឥន្ធនៈក្នុងស្រុក។

ដូច្នោះហើយ រុស្ស៊ី ក៏ចាប់ផ្តើមនាំចូលប្រេងឥន្ធនៈ ជាពិសេសប្រេងសាំង ពីបរទេស ដើម្បីដោះស្រាយវិបត្តិនេះ ខណៈបើយោងតាមរបាយការណ៍ពីប្រភពឧស្សាហកម្មថាមពល បង្ហាញថា រុស្ស៊ីចាប់ផ្តើមរៀបចំ នាំចូលប្រេងសាំងតាមផ្លូវសមុទ្រ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី តាមរយៈកំពង់ផែភាគខាងលិចរបស់ខ្លួន ហើយក្រៅពីអាស៊ី រុស្ស៊ីក៏បង្កើនការនាំចូលប្រេងឥន្ធនៈជាបន្ទាន់ ពីប្រទេសបេឡារុស ផងដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម